រាជធានីភ្នំពេញ ៖ ម្ចាស់រថយន្ត CR-V បានមកទទួលយករថយន្តរបស់ខ្លួនវិញហើយ ក្រោយពីមើលឃើញវ៉េបសាយកោះសន្តិភាពបានចុះផ្សាយពីការប្លុងរថយន្ត CR-V នេះចោលជាច្រើនថ្ងៃនៅលើផ្លូវសាធារណៈ។
យោងតាមសម្តីមន្ត្រីប៉ូលិសតូចតាចម្នាក់លួចខ្សឹបប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី២៨ កក្កដា ២០១១ កូនប្រុសរបស់លោកសាប៊ូ បាចា ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភាឈ្មោះសាប៊ូ សានដាណា អាយុ៤០ឆ្នាំ គាត់ត្រូវប្រញាប់ឡើងយន្តហោះទៅក្រៅប្រទេស នៅពេលកំពុងធ្វើដំណើរបានពាក់កណ្តាលផ្លូវ រថយន្ត CR-V ដែលគាត់បើកទៅស្រាប់តែបែកកង់ឆ្វេងខាងក្រោយ ឃើញដូចនេះ លោកសាប៊ូ សានដាណា ក៏ហៅរថយន្តផ្សេងមួយទៀតមកជិះបន្តទៅមុខ ព្រោះតែប្រញាប់ឡើងយន្តហោះខ្លាំងពេកមិនអាចនៅរេរាបានទេ។
ពេលបានរថយន្តថ្មីមកទទួលហើយ លោកសាប៊ូ សានដាណា ក៏ទុករថយន្ត CR-V នោះចោលទៅ ដោយប្រញាប់ពេក ហើយថែមទាំងភ្លេចប្រាប់អ្នកផ្ទះឱ្យដឹងរឿងនេះទៀតផង។ ចំណែកលោកសាប៊ូ បាចា ប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា ក៏បានបញ្ជាកូនចៅឱ្យទៅស្វែងរករថយន្តនោះផងដែរ តែរកមិនឃើញសោះ បែរជាឃើញនៅក្នុងវ៉េបសាយកោះសន្តិភាពទៅវិញគឺឃើញនៅថ្ងៃទី២ សីហា ២០១១ ថា រថយន្តនោះត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខយកទៅរក្សាទុក និងកំពុងស្វែងរកម្ចាស់។ ជំនួយការលោកសាប៊ូ បាចា ក៏ប្រញាប់ទាក់ទងទៅសមត្ថកិច្ចចរាចរជើងគោកភ្លាម ដោយបានពន្យល់អំពីមូលហេតុ និងប្រាប់សមត្ថកិច្ចថា នៅព្រឹកថ្ងៃទី៣ សីហា ២០១១ លោកនឹងយកលិខិតស្នាមទៅបញ្ជាក់ដើម្បីទទួលយករថយន្តនោះមកជួសជុលប្រើប្រាស់វិញ និងយកមករក្សាទុកនៅផ្ទះលោកសាប៊ូ បាចា ។
លុះដល់ថ្ងៃទី៣ សីហា ២០១១ វេលាម៉ោង៩និង៣០នាទីព្រឹកជំនួយការលោកសាប៊ូ បាចា ក៏បានទៅជួបសមត្ថកិច្ចប៉ូលិសខណ្ឌសែនសុខ តាមការគ្រោងទុកមែន ហើយត្រូវសមត្ថកិច្ចខណ្ឌសែនសុខ ប្រគល់រថយន្តតាមនីតិវិធី ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយនោះគឺម្ចាស់រថយន្តនោះរកឃើញរថយន្តរបស់ខ្លួនតាមរយៈកោះសន្តិភាព លុះនៅពេលទៅទទួលរថយន្ត សមត្ថកិច្ចបែរជាលាក់ព័ត៌មាននេះជិតឈឹង មិនឱ្យកោះសន្តិភាពដឹងសោះ បើកុំតែបានកូនប៉ូលិសប្រាប់កុំអីចប់ ។ ហេតុអ្វីបានជាគេលាក់លៀមដូចស៊ុមគ្រលុំជាមួយបទល្មើសបែបនេះ ត្រឹមតែប្រគល់-ទទួលរថយន្តនោះ?
គួររំលឹកថា រថយន្តម៉ាក CR-V ពណ៌សំបកឪឡឹក ១គ្រឿង ត្រូវបានគេអះអាងថា ជនបរទេសម្នាក់បានបើកបរយកមកទុកចោលតាមបណ្តោយផ្លូវលេខ១០៨៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជិតយានដ្ឋានខាត់ វិរ័ត្ន កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ កក្កដា ២០១១ ហើយម្ចាស់វាទៅបាត់រហូតមកដល់ពេលនេះ មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតាមស្រាវជ្រាវរកម្ចាស់ ប៉ុន្តែរកមិនឃើញ។
រថយន្ត១គ្រឿង ម៉ាក CR-V ពណ៌សំបកឪឡឹកនេះត្រូវបានគេពិនិត្យឃើញពាក់ស្លាកលេខ រដ្ឋ ៣៤.២.០០៦២ បែកកង់ឆ្វេងខាងក្រោយ មិនមានស្នាមបែកបាក់ ឬក្រពឹតអ្វីទេ ហើយក៏មិនមានសញ្ញាណាមួយបង្ហាញថា ជារថយន្តរងនូវអំពើឃាតកម្ម ឬប្លន់អ្វីដែរ។ លោកថាប់ សារ៉េត នាយផ្នែកចរាចរជើងគោកខណ្ឌសែនសុខ បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៩ កក្កដា ២០១១ ប្រជាពលរដ្ឋនៅជិតនោះមានការភ្ញាក់ផ្អើល និងទូរស័ព្ទប្រាប់សមត្ថកិច្ចថា មានជនបរទេសម្នាក់បានយករថយន្ត CR-V មកទុកចោល បន្ទាប់មករូបលោកក៏បញ្ជូនកម្លាំងប៉ូលិសឱ្យទៅមើល ខ្លាចរថយន្តរបស់ជនល្មើសយកមកប្លុងចោល។ ពេលកម្លាំងពិនិត្យមើលឃើញរថយន្តនោះបែកកង់ឆ្វេងខាងក្រោយ ទើបយើងមិនទាន់យកទៅរក្សាទុកនៅអធិការខណ្ឌនោះទេ ព្រោះខ្លាចម្ចាស់មកយកវិញ រកមិនឃើញ។
រហូតមកដល់ពេលនេះ ថ្ងៃទី២ សីហា ២០១១ គឺមានរយៈពេល៥ថ្ងៃហើយ គ្មានអ្នកណាមកមើល ឬមកទទួលយកទៅវិញសោះ ទើបលោកក្នុងនាមសមត្ថកិច្ចបញ្ជាកម្លាំងឱ្យស្ទូចរថយន្ត១គ្រឿងនោះយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរង់ចាំម្ចាស់រថយន្តមកយកទៅប្រើប្រាស់វិញ៕
ចែករំលែកព័តមាននេះ