ខេត្តសៀមរាប ៖ យ៉ាងហោចណាស់មនុស្សស្រី-ប្រុស៤នាក់ បានស្លាប់បាត់បង់ជីវិត និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបង្កឡើងដោយរថយន្តម៉ាកកូរ៉ូឡា មួយគ្រឿងបុករះជាបន្តបន្ទាប់ទៅលើអ្នកដំណើរមុននឹងឈានទៅបុកហ្វូងមនុស្សមួយក្រុមដែលកំពុងតែទទួលទានអាហារពេលយប់ក្នុងតូបលក់បាយឆា មីឆា មួយកន្លែងនៅតាមដងផ្លូវជាតិលេខ៦។
ហេតុការណ៍គួរឱ្យសោកសៅនេះបានកើតឡើងកាលពីវេលាម៉ោង២និង៥៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ សីហា ២០១១ លើកំណាត់ផ្លូវជាតិលេខ៦ ក្បែរធនាគារអេស៊ីលីដា ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងទេសចរណ៍ប្រវត្តិសាស្ត្រសៀមរាប។ លោកស៊ូ សុផល មន្ដ្រីប៉ូលិសចរាចរណ៍ប្រចាំគោលដៅនៃកន្លែងកើតហេតុបានឱ្យដឹងថា បើតាមការសន្និដ្ឋានជាជំហានដំបូងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះកើតឡើងដោយសារតែអ្នកបើកបរស្រវឹងជោកជាំ ហើយបើកក្នុងល្បឿនលឿនពេកធ្វើឱ្យបាត់បង់ម្ចាស់ការក្នុងគ្រាបើកបរ ។
មន្ដ្រីប៉ូលិសចរាចរណ៍ដដែលនោះបានបន្ថែមថា រថយន្ដបង្កហេតុធ្ងន់ធ្ងរនោះម៉ាកកូរ៉ូឡា សេរីឆ្នាំ៩៨ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2N-7138 បើកបរដោយឈ្មោះសំណាង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចចាប់បានភ្លាមៗនៅនឹងកន្លែង។ ជនរងគ្រោះស្លាប់បាត់បង់ជីវិតទាំង៤នាក់នោះមាន១-ឈ្មោះសៀម ម៉ី ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ២-ឈ្មោះថូ ថូន ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប មុខរបររត់ម៉ូតូឌុប នឹងពីរនាក់ទៀតគឺស្រីមួយប្រុសមួយនៅមិនទាន់ស្គាល់អត្ដសញ្ញាណនៅឡើយទេ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ