ខេត្តព្រៃវែង ៖ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១១ នៅវត្តព្រែកខ្សាយ ស្ថិតក្នុងភូមិព្រែកខ្សាយ ឃុំព្រែកខ្សាយ«ក» ស្រុកពាមរក៍ មានរៀបចំវេទិកាសាធារណៈស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពក្រោមអធិបតីភាពលោកថោង វរលក្ខណ៍ តំណាងលោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលជាក្រុមការងារថ្នាក់ជាតិទី៣ ចុះជួយខេត្តព្រៃវែង ។ អញ្ជើញចូលរួមក្នុងវេទិកានេះមានលោកឧត្តមសេនីយ៍ត្រីឃី សាមឿន អនុប្រធាននាយកដ្ឋានផែនការស្ថិតិនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងលោកអភិបាលស្រុកពាមរក៍ មន្ត្រីនានា និងប្រជាពលរដ្ឋសរុបជាង៤០០នាក់ ។
លោកសៅ ប្រសិដ្ឋ អភិបាលស្រុកពាមរក៍ និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកបានមានប្រសាសន៍ថា ការបើកវេទិកាសាធារណៈនាពេលនេះគឺជាបំណងប្រាថ្នា និងជាតម្រូវការចាំបាច់បំផុតរបស់អាជ្ញាធរមូលដ្ឋានក៏ដូចជាគណៈបញ្ជាការឯកភាពស្រុកផងដែរ ព្រោះវាជាគន្លឹះដ៏សំខាន់បំផុតក្នុងការផ្សព្វផ្សាយនូវរាល់ខ្លឹមសារ និងអត្ថន័យនៃគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យកាន់តែស៊ីជម្រៅដល់ប្រជាពលរដ្ឋ ។ ជាមួយនេះបានបកស្រាយបំភ្លឺរាល់ចម្ងល់ផ្សេងៗដែលពាក់ព័ន្ធជាមួយសកម្មភាពអនុវត្តកន្លងទៅ និងជាការកែលម្អរាល់កំហុសឆ្គងដែលយើងអនុវត្តពុំទាន់បានគ្រប់ជ្រុងជ្រោយ ហើយយើងនឹងទទួលបានមកវិញនូវលទ្ធផលជាវិជ្ជមានគឺការចូលរួមសហការដ៏ល្អ និងសស្រាក់សស្រាំប្រកបដោយជោគជ័យ ។
លោកឧត្តមសេនីយ៍ទោថោង វរលក្ខណ៍ បានកោតសរសើរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ដែលបានពុះពារគ្រប់ឧបសគ្គដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងនោះលោកក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំកំពូលៗ ទោះបីលោកមានការរវល់យ៉ាងណាក៏ដោយ ក៏លោកមិនភ្លេចផ្តាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋទេ ។ លោកបានមានប្រសាសន៍បន្តថា លោកបានចុះទៅជួបជាមួយប្រជាពលរដ្ឋនៅតាមបណ្តាស្រុកមួយចំនួនដូចជា ស្រុកព្រះស្តេច កំពង់ត្របែក បាភ្នំ និងស្រុកស្វាយអន្ទរផងដែរ ឃើញថាប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងមុន ។ លោកបន្តថា ថ្វីដ្បិតបទល្មើសមួយចំនួនបានកើនឡើងមែន ប៉ុន្តែយើងនៅតែបង្ក្រាបបានស្ទើរទាំងស្រុង ដោយសារតែប្រជាពលរដ្ឋចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចយើងគ្រប់ពេល ។ នេះបញ្ជាក់ឱ្យឃើញថា ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាទាំង៣ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ធ្វើឱ្យប្រទេសយើង ប្រជាពលរដ្ឋយើងមានការអភិវឌ្ឍលើគ្រប់វិស័យយ៉ាងឆាប់រហ័ស ។ លោកបានស្នើឱ្យប្រជាពលរដ្ឋដែលបានចូលរួមក្នុងវេទិកាសាធារណៈនេះ ចូលរួមផ្តល់យោបល់ល្អៗ និងជួយកែលម្អចំណុចខុសឆ្គងកន្លងមកឱ្យបានផុលផុសថែមទៀត ហើយចៀសវាងការប្រព្រឹត្តខុសប្រាសចាកពីគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ