អភិបាលខេត្តប៉ៃលិន ដឹកនាំសមត្ថកិច្ចចម្រុះ ចុះពិនិត្យតាមទីតាំងនានាក្នុងស្រុកសាលាក្រៅ រកឃើញវត្ថុតាងមួយចំនួន សង្ស័យលួ.ចបង្កប់បទល្មើសបច្ចេកវិទ្យា
- ប៉ៃលិន
ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ចុះធ្វើរដ្ឋបាលត្រួតពិនិត្យ នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំនានា នៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរកឃើញ វត្ថុតាងមួយចំនួន ដែលគេសង្ស័យថាមានការលួចបង្កប់នូវបទល្មើសបច្ចេកវិទ្យា (Online Scams) ដែលជាការអនុវត្តយ៉ាងហ្មឺងម៉ាត់តាមអនុក្រឹត្យលេខ០៣អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចុះបង្ក្រាបឱ្យអស់នូវរាល់បទល្មើសបច្ចេកវិទ្យារហូតដល់អស់ពីក្នុងខេត្តប៉ៃលិន និងព្រះរាជាណាចក្រកម្ពុជា ដើម្បីរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលផងដែរ។
ប្រភពព័ត៌មានបានឱ្យដឹងថា សមត្ថកិច្ចចម្រុះ បន្តយុទ្ធនាការ បេសកកម្មនេះ ចុះត្រួតពិនិត្យរដ្ឋបាល នៅតាមទីតាំងស្នាក់នៅប្រមូលផ្តុំ និងការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅតាមដងផ្លូវជាតិសំខាន់ៗក្នុងខេត្ត គឺក្នុងគោលបំណងរឹតបន្តឹងទប់ស្កាត់ស្របតាមវិធានការចាំបាច់ របស់រាជរដ្ឋាភិបាល ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការងារគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមរយៈការលួចចូលមករស់នៅដោយខុសច្បាប់ នៅតាមទីតាំងរស់នៅប្រមូលផ្តុំសំខាន់ៗក្នុងខេត្តប៉ៃលិន របស់ជនបរទេស ជាពិសេសជនជាតិចិន និងទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពការជួញដូរមនុស្ស ជាពិសេសបទល្មើសបច្ចេកវិទ្យា (Online Scams) ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។
ប្រភពព័ត៌មានដដែលបានបន្តទៀតថា ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់ លើករណីឆបោកតាមប្រព័ន្ធអនឡាញ ដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធជាច្រើន បញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធី បណ្ដេញចេញទៅប្រទេសកំណើតវិញតាមច្បាប់កំណត់៕











ចែករំលែកព័តមាននេះ