ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២ សីហា លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័នបានដឹកនាំប្រតិភូក្នុងអង្គភាពទូរទស្សន៍បាយ័នជាច្រើននាក់ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាពីមូលនិធិបាយ័ន ទៅសួរសុខទុក្ខ និងប្រគល់ជូនកងទ័ពជួរមុខនៅតំបន់ប្រាសាទព្រះវិហារ។ ការអញ្ជើញទៅដល់របស់ប្រតិភូទូរទស្សន៍បាយ័នស្ថិតក្នុងទីបញ្ជាការ កងពលតូចអន្ដរាគមន៍លេខ៨ ក្បែរតំបន់ប្រាសាទព្រះវិហារ ក្រោមការទទួលបដិសណា្ឋរកិច្ចរបស់លោកនាយឧត្ដមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជានាយសេនាធិការចម្រុះ លោកនាយឧត្ដមសេនីយ៍ ជា តារា មេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាគណៈមេបញ្ជាការសមរភូមិជួរមុខទិសយោធភូមិភាគទី៤ លោកអ៊ុំ ម៉ារ៉ា អភិបាលនៃគណៈអភិបាលខេត្ដព្រះវិហារ។
លោកជំទាវ ហ៊ុន ម៉ាណា បន្ទាប់ពីបានប្រគល់អំណោយ និងមានប្រសាសន៍សំណេះសំណាលជាមួយនាយ-ពលទាហានក្នុងតំបន់ជួរមុខរួចមក បានធ្វើដំណើរទៅពិនិត្យសំណង់អគារ ថ្មចំនួន២ខ្នង ក្នុងមជ្ឈមណ្ឌលជនភៀសសឹកតាមដងផ្លូវជាតិលេខ៦២ ចម្ងាយ១០០គីឡូម៉ែត្រ ពីប្រាសាទព្រះវិហារ នៅចំណុចតាកឹងក្បែរមាត់ស្ទឹងសែន នៅភូមិស្ទឹងសែនមនោរម្យ ឃុំថ្មី ស្រុកគូលែន។ អគារថ្មថ្មីសន្លាង២ខ្នងជាប់គ្នានេះកំពុងសាងសង់ គឺ១ខ្នងជាមណ្ឌលសុខភាពជាអំណោយរបស់មូលនិធិបាយ័ន និង១ខ្នងទៀតគឺជាអគារសម្ភពជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលទទួលការសាងសង់ដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិក្រុមខ។
លោកជំទាវ ហ៊ុន ម៉ាណា ក្រៅពីការសំណេះសំណាលក៏បានឧបត្ថម្ភថវិកាជូនដល់ប្រជាពលរដ្ឋក្រីក្រក្នុងភូមិស្ទឹងសែនមនោរម្យជាច្រើនរយគ្រួសារផងដែរ។
បន្ទាប់មកទៀតនារសៀលម៉ោង២ក្នុងថ្ងៃដដែល លោកជំទាវបានដឹកនាំប្រតិភូឆ្ពោះទៅសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រក្នុងឃុំរម្មណីយ៍ប្រមាណ៣០០គ្រួសារ និងសង់ផ្ទះចំនួន២ខ្នងជូនលោកយាយទុរគតគ្មានអ្នកទីពឹង អាយុជាង៩៧ឆ្នាំ ចំនួន២នាក់ រស់នៅក្នុងភូមិរំចេក ឃុំរម្មណីយ៍ ព្រមទាំងប្រគល់សម្ភារប្រើប្រាស់ និងថវិកាជូនលោកយាយទាំង២នាក់ ដែលមានវ័យចំណាស់ដើម្បីផ្គត់ផ្គង់ជីវិតរបស់គាត់ផងដែរ។
ក្នុងដំណើរចុះសួរសុខទុកកងទ័ព និងប្រជា ពលរដ្ឋខេត្តព្រះវិហារនេះ លោកជំទាវ ហ៊ុន ម៉ាណា ក៏បានដឹកនាំក្រុមគ្រូពេទ្យរបស់មូលនិធិបាយ័នទៅព្យាបាលដល់ប្រជាពលរដ្ឋក្នុងឃុំរម្យណីយ៍ពេញមួយថ្ងៃដោយឥតគិតថ្លៃផងដែរ៕
ចែករំលែកព័តមាននេះ