ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​អគារ​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​ស្រុក​​សង្គម​ថ្មី​

13 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ អគារស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​ស្រុក​​សង្គម​ថ្មីមួយ​ខ្នង​​សង់​អំពី​ថ្ម​ ប្រក់​ក្បឿង​ ដែលទើប​​នឹង​សាង​សង់​រួច ​​ត្រូវបាន​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​កាល​ពី​​ព្រឹក​ថ្ងៃ ​​១ សីហា ​ក្រោម​អធិបតី​ភាព​លោក​នាយ​ឧត្តម​សេនីយ៍ មាស សុភា សមា​ជិ​ក​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិ​ការ​កណ្តាលគណ

ខេត្តព្រះវិហារ ៖ អគារស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​ស្រុក​​សង្គម​ថ្មីមួយ​ខ្នង​​សង់​អំពី​ថ្ម​ប្រក់​ក្បឿង​ ដែលទើប​​នឹង​សាង​សង់​រួច ​​ត្រូវបាន​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​កាល​ពី​​ព្រឹក​ថ្ងៃ​​១ សីហា ​ក្រោម​អធិបតី​ភាព​លោក​នាយ​ឧត្តម​សេនីយ៍ មាស សុភា សមា​ជិ​ក​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិ​ការ​កណ្តាលគណ​បក្ស​ប្រជា​ជន​កម្ពុជា និងជា​ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ព្រះ​វិហារ។ ចូល​រួម​ក្នុង​ពិធី​នោះ​មាន​លោក​អ៊ុំ ​ម៉ារ៉ា អភិ​បាល​ខេត្ត និង​ជា​ប្រធាន​គណៈ​​កម្មាធិការ​​គណ​បក្ស​ប្រជា​ជន​ខេត្ត ​ក្រុម​ប្រឹក្សា​​ខេត្ត​ អភិ​បាល​រង​ខេត្ត​​ អភិ​បាល​-អភិ​បាល​រង​ស្រុក ​ក្រុម​ប្រឹក្សា​​ស្រុក​សង្គម​ថ្មី ព្រម​ទាំង​សមា​ជិក សមា​ជិកា​គណ​បក្ស​ប្រជា​ជន​នៅ​ទូទាំង​​ស្រុក​សង្គម​ថ្មី សរុប​ប្រមាណ​១.១០០​នាក់។

លោក​ឡុង សុវណ្ណ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ និង​ជា​ប្រធាន​ក្រុម​ការ​ងារ​គណ​​បក្ស​ប្រជា​ជន​ខេត្ត ចុះ​ជួយ​ស្រុក​សង្គម​ថ្មី ​បានឱ្យដឹងថា ក្រុម​ការ​ងារ​គណ​បក្ស​ប្រជាជន​ខេត្ត​ចុះ​ជួយ​ស្រុក​ បាន​​សាង​សង់​អគារ​ស្នាក់​ការ​បក្ស​ឃុំចំរើន​​ ឃុំ​ស្តៅ និង​ឃុំ​រអាង ​អំពីឈើ​​ប្រក់​ហ្វ៊ីប្រូ​​សីុ​ម៉ង់ត៍ និង​ពី​ក្រោម​​មាន​ចាក់​សាប ដែល​អគារ​ទាំងនេះ បាន​​សាង​សង់​ឡើ​ង​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១០ និង​រួច​រាល់​ជាស្ថាពរ​ក្នុង​ខែ​មករា ឆ្នាំ​២០១១ ​ដោយ​​ទទួល​ការ​ឧបត្ថម្ភ​ទឹក​ប្រាក់​ពី​លោក​នាយ​ឧត្តម​សេនីយ៍ ​មាស សុភា ​សរុប​អស់​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ ។ ជា​មួយ​នេះ​បាន​​សាង​សង់​ស្នាក់​ការ​គណ​បក្ស​ឃុំ​ចំនួន​ពីរ​ទៀត​ក្នុង​នោះ​មាន​ឃុំ​រណ​សិរ្ស និង​ឃុំ​ត្បែង​១ ដែល​ទទួល​ការ​សាង​សង់​ដោយ​គណ​បក្ស​ថ្នាក់​​ខេត្ត​ ស្រុក និង​​ឃុំ​ចំណាយ​ថិវកា​សរុប​ជិត​៤០​លាន​រៀល បាន​មកពី​ការ​ជួយ​ឧបត្ថម្ភ​ពី​ថ្នាក់​​​ដឹក​នាំ​ខេត្ត​ បណ្តា​អង្គ​ភាព​ខេត្ត និង​សប្បុរស​ជន​នានា ។

លោក​​ឡុង សុវណ្ណ បន្ត​ថា ចំណែក​​​ស្នាក់​ការ​គណ​បក្ស​​ស្រុក​មួយ​ខ្នង​​ដែល​​សម្ពោធ​​ដាក់​ឱ្យ​ប្រើ​ប្រាស់​នា​ពេល​នេះ ស្ថិត​នៅ​ទី​ប្រជុំ​ជន​​​ស្រុក​ ក្នុង​ភូមិ​ត្បែង ឃុំ​ចំរើន ​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​៩.១០០​ម៉ែត្រ​ក្រឡា ។ ​អគារ​​ស្នាក់​ការ​គណ​បក្ស​ស្រុក​ថ្មី១​ខ្នង​នេះ ​សង​់អំពី​ថ្ម​​ប្រក់​ក្បឿង​ ចាប់​សាង​​សង់​ពី​ថ្ងៃ​ទី​២០ ​កញ្ញា ឆ្នាំ​​២០១០ និង​រួច​​រាល់​ជា​ស្ថាពរ​​នៅ​ថ្ងៃ​ទី​៤ ឧសភា ​ឆ្នាំ​២០១១ ។ អគារ​ថ្មី១​ខ្នង​នេះ ​មាន​ការ​ឧបត្ថម្ភ​​ពី​លោក​អ៊ុំ ម៉ារ៉ា ចំនួន​២​ម៉ឺន​ដុល្លារ​អាមេ​រិក ​និង​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​បន្ថែម​ពី​សប្បុរស​ជន​ជា​សមា​ជិក​-សមា​ជិកា​គណ​បក្ស​​ប្រជា​ជន​ពី​គ្រប់​ទិស​ទី​មួយ​ចំនួន​ទៀត​។

លោក​អ៊ុំ ម៉ារ៉ា ​អភិ​បាល​ខេត្ត​ និង​​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​​គណ​បក្ស​ប្រជាជន​ខេត្ត​​ បាន​ថ្លែង​​កោត​សរសើរ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​របស់​ក្រុម​ការ​ងារ​ថ្នាក់​​​កណ្តាល​ចុះ​ជួយ​ស្រុក​​សង្គម​ថ្មី ដោយ​លោកបាន​បញ្ជាក់ថា ​កន្លង​ទៅ​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ទាំង​អស់​​រ​បស់​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត និង​កិច្ច​សហ​ការ​ផ្ទៃ​ក្នុង​គណ​បក្ស​បាន​ល្អ ធ្វើ​ឱ្យ​សកម្ម​ភាព​ទាំង​នោះ​​លេច​ចេញ​ជា​ផ្លែ​ផ្កា​​ ហើយ​ប្រជា​ពល​រដ្ឋ​​បង្កើន​ការ​​ជឿ​ជាក់​និង​ទុក​ចិត្ត​ទៅ​លើ​គោល​នយោ​បាយ​​ដឹក​នាំ​ដ៏​ត្រឹមត្រូវ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា ដែល​មាន​​សម្តេច​អគ្គ​មហា​ទាំង​បី​ជា​អ្នក​ដឹក​នាំ ។

លោក​មាស ​សុភា ប្រធាន​​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​​ចុះ​ជួយ​ខេត្ត​ព្រះវិហារ ​បាន​មាន​មតិ​សំណេះ​សំណាល​​​ដោយ​ពាំ​នាំ​​នូវ​ប្រសាសន៍​​ផ្តាំ​ផ្ញើ​​​សាក​សួរ​សុខទុក្ខ​​ពី​សំណាក់​​សម្តេច​អគ្គ​មហា​​ធម្ម​ពោធិ​សាល ជា ស៊ីម ប្រធាន​គណ​បក្ស​ប្រជាជន​កម្ពុជា សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​អនុ​ប្រធាន​​គណ​បក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​អគ្គ​មហា​​ពញា​ចក្រី ហេង សំរិន ប្រធាន​កិតិ្ត​យស​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​គ្រប់​ពេល​​វេលា​​សម្តេច​ទាំង​បី មាន​ការ​នឹក​រលឹក​ដល់​ប្រជា​ពល​រដ្ឋ​ និង​តែ​ង​តែ​​​យក​ចិត្ត​​ទុក​ដាក់​​គិត​គូរ​ពី​​ជីវ​ភាព​រស់​នៅ​​រ​បស់​ប្រជា​ពល​រដ្ឋ​នៅ​ទូទាំង​​ប្រទេស។

ក្នុងពិធី​​នា​ព្រឹក​នោះ ​​ក៏​មាន​ការ​​ប្រកាស​​បញ្ចូល​សមា​ជិក-​សមាជិកា​គណ​បក្ស​ប្រជាជន​​ថ្មី​ដែល​ជា​យុវ​ជន​ចំនួន​១៩៧​នាក់ ក្នុង​នោះ​ស្រី​៨៨​នាក់​ផង​ដែរ ។ ​បន្ទាប់​មក​ក៏​មាន​​ការ​បំពាក់​មេ​ដាយ​ដល់​សប្បុរស​ជន​​ជា​សមា​ជិក-សមា​ជិកា​គណ​បក្ស​​ប្រជាជន​ ​ដែល​បាន​បរិ​ច្ចាគ​​ធនធាន​ក្នុង​ការ​ជួយ​កសាង​ស្នាក់​ការ​គណ​បក្ស​​ និង​អ្នក​ដែល​មាន​ស្នាដៃ​ល្អ​ក្នុង​ការ​ដឹក​នាំ ចំនួន​៤៧​នាក់ ។ ​ចំណែក​សមា​ជិក​ សមា​ជិកា​​ដែល​បាន​ចូល​រួម​ប្រមាណ​១.១០០​នាក់ ​ទទួល​បាន​អំណោយ​ដ៏ថ្លៃថ្លា​​ពី​សម្តេចតេជោ​ ហ៊ុន សែន ​និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​ រ៉ានី ហ៊ុន សែន ក្នុង​ម្នាក់​ៗ​សារុង​១​៕