ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ដើមក្រូចថ្លុងមិនត្រឹមតែជាដើមឈើផ្ដល់ម្លប់ និងផ្លែដ៏មានឱជារសប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា “រោងចក្រធម្មជាតិ” ដែលផ្ដល់អត្ថប្រយោជន៍ដល់ផ្ទះរបស់អ្នកយ៉ាងច្រើនលើសលប់។
បើតាមជំនឿបែបហុងស៊ុយ ដើមក្រូចថ្លុងតំណាងឱ្យភាពសម្បូរហូរហៀរ និងលាភសក្ការៈ ជាពិសេសផ្លែក្រូចថ្លុងដែលមានរាងមូលពេញលេញ ជានិមិត្តរូបនៃសុភមង្គល និងការជួបជុំគ្រួសារ។ ក្រៅពីអត្ថន័យល្អៗ ក្លិនក្រអូបប្រហើរពីផ្កា និងស្លឹកក្រូចថ្លុង ក៏មានសមត្ថភាពជួយកាត់បន្ថយភាពតានតឹង ធ្វើឱ្យស្មារតីស្រស់ថ្លា និងជួយឱ្យគេងលក់ស្កប់ស្កល់ទៀតផង។
លើសពីនេះ ដើមក្រូចថ្លុងមានសមត្ថភាពបន្សុទ្ធខ្យល់អាកាសយ៉ាងមានប្រសិទ្ធភាព ដោយការស្រូបយកឧស្ម័នកាបូនិច និងបញ្ចេញអុកស៊ីហ្សែន ធ្វើឱ្យបរិយាកាសជុំវិញផ្ទះមានភាពបរិសុទ្ធ។ ក្នុងផ្នែកសុខភាព ស្ទើរតែគ្រប់ផ្នែកនៃដើមក្រូចថ្លុងសុទ្ធតែជាឱសថ៖ ស្លឹកអាចយកមកដាំទឹកស្ពង់ព្យាបាលផ្ដាសាយ ផ្កាប្រើសម្រាប់ឆុងតែ និងសំបកផ្លែអាចយកមកធ្វើជាប្រេងសម្រួលដល់ការរំលាយអាហារ ឬប្រើសម្រាប់កក់សក់ឱ្យទន់រលោង។ ការដាំដើមក្រូចថ្លុងនៅក្នុងផ្ទះមិនត្រឹមតែផ្ដល់នូវអាហាររូបត្ថម្ភខ្ពស់ពីវីតាមីន C ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីសាស្ត្របង្កើតលំហបៃតង ដែលជួយឱ្យសមាជិកគ្រួសារមានភាពស្និទ្ធស្នាលជាមួយធម្មជាតិ និងកាត់បន្ថយភាពហត់នឿយពីការងារប្រចាំថ្ងៃ៕
ចែករំលែកព័តមាននេះ