ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យ សហការជាមួយកម្លាំងអន្តរាគមន៍ពាក់ព័ន្ធ បានចេញទប់ស្កាត់បង្ក្រាបបទល្មើសរុករានទន្ទ្រានឈូសឆាយរំលោភយកដីព្រៃឈើរដ្ឋក្នុងផែនទីគម្របព្រៃឈើឆ្នាំ២០០២ធ្វើកម្មសិទ្ធិឯកជន ។ គិតត្រឹមថ្ងៃទី៣០ កក្កដា ២០១១ តាមមន្ត្រីរដ្ឋបាលព្រៃឈើឱ្យដឹងថា បានបង្ក្រាបត្រាក់ទ័រភ្ជួររាស់រានដីព្រៃចំនួន៦គ្រឿង និងសង្គ្រោះដីព្រៃពីការប៉ុនប៉ងរំលោភយកបានរាប់រយហិកតា ។
លោកជា ផល្លី នាយខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យបានឱ្យដឹងថា មកទល់ថ្ងៃទី៣០ កក្កដា ២០១១ មន្ត្រីរដ្ឋបាលព្រៃឈើសហការជាមួយកងកម្លាំងនិងអាជ្ញាធរដែនដី ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត បានចុះទប់ស្កាត់បង្ក្រាបបទល្មើសរុករានទន្ទ្រានឈូសឆាយដីព្រៃឈើរដ្ឋព័ទ្ធយកជាកម្មសិទ្ធិឯកជនដោយខុសច្បាប់យ៉ាងក្ដៅគគុក ។ នៅថ្ងៃទី៣០ កក្កដា មន្ត្រីរដ្ឋបាលព្រៃឈើខណ្ឌ ផ្នែក និងសង្កាត់រួមនឹងនគរបាលស្រុកស្វាយចេកចំនួន១០នាក់ បានចុះបង្ក្រាបបទល្មើសរានដីព្រៃឈើនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ដោយរឹបអូសត្រាក់ទ័រ១គ្រឿងកំពុងភ្ជួរ។ អ្នកបើកបរមានឈ្មោះអាត់ បឿក ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ជាអ្នកស៊ីឈ្នួលបើកភ្ជួរឱ្យម្ចាស់ត្រាក់ទ័រឈ្មោះនូច ភេទប្រុស រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ ត្រាក់ទ័រនេះម៉ាកT៨២ ពណ៌ក្រហម ផលិតនៅប្រទេសបេឡារុស ហើយកន្លែងបង្ក្រាបគឺនៅចំណុចកំណត់និយាមការ (UTM260805-1525647) ។
លោកជា ផល្លី បានបន្តថា ការបង្ក្រាបត្រាក់ទ័រនេះក៏ដោយសារចំណុចដីនោះមានជនរំលោភដីព្រៃឈើ២ភាគីបានដណ្ដើមគ្នា។ ភាគីទី១បានភ្ជួររានដីនេះប្រុងដាំដំឡូងមីរួចម្ដងហើយ តែមានភាគីទី២បានមកភ្ជួររាស់ពីលើម្ដងទៀតដែលនាំអោយមន្រ្តីចុះបង្ក្រាបសកម្មភាពត្រាក់ទ័រភ្ជួររានដីព្រៃនៅថ្ងៃទី៣០ កក្កដា២០១១នោះ ។ លោក ឃូ ពៅ អភិបាលស្រុកស្វាយចេកនិងលោកវ័ន សំបូរ មេភូមិបឹងស្នោ ឃុំស្លក្រាម បានប្ដឹងនិងស្នើឱ្យមន្ត្រីរដ្ឋបាលព្រៃឈើនិងនគរបាលចុះបង្ក្រាបករណីត្រាក់ទ័រភ្ជួររាស់នេះ ដោយភាគីម្ខាងនិយាយថាដីនេះស្ថិតនៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុក អូរជ្រៅ ឯភាគីម្ខាងទៀតនិយាយថាស្ថិតនៅភូមិសាស្រ្តភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក។ ដីនេះមានទំហំ២០ហិកតា និងភ្ជួរបាន៤ហិកតារួចដាំដំឡូងមី ។ ភាគីដែលអះអាងថា ម្ចាស់ទី១ មានឈ្មោះតាំង ជុំប៉ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
គួររំលឹកថា ក្នុងខែកក្កដា ឆ្នាំ២០១១កន្លងមកនេះ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យនិងមន្ត្រីកងកម្លាំង មន្ត្រីស៊ីវិល រួមទាំងអ្នកសារព័ត៌មានផង បានចុះត្រួតពិនិត្យនិងទប់ស្កាត់បទល្មើសរានដីព្រៃឈើខុសច្បាប់ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យជាបន្តបន្ទាប់ ក្នុងនោះរឹបអូសត្រាក់ទ័របាន៦គ្រឿង ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងត្រៀមកោះហៅជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសលើដីព្រៃឈើផងដែរ ។
នៅថ្ងៃទី៦ កក្កដា ២០១១ បានបង្ក្រាបត្រាក់ទ័រភ្ជួរ២គ្រឿង ផលិតនៅអតីតសហភាពសូវៀត ដែលកំពុងភ្ជួររាស់រានដីព្រៃឈើរដ្ឋ១កន្លែង ទំហំ៥ហិកតា ស្ថិតនៅឃុំសិង្ហ ស្រុកអូរជ្រៅ។ ម្ចាស់ភ្ជួររាស់ដីព្រៃឈើនិងជាម្ចាស់ត្រាក់ទ័រមានឈ្មោះ អុីញ អួន ជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានទីលំនៅភូមិគុត្តសត ឃុំកូប ស្រុកអូរជ្រៅ ។ ជននេះធ្លាប់ត្រូវរដ្ឋចេញដីកាដកហូតដីព្រៃឈើ១កន្លែង ទំហំ៥ហិកតា យោងតាមបណ្ដឹងរបស់ពលរដ្ឋ១៤គ្រួសារម្ដងហើយ តែពុំដឹងថានៅសល់ដីព្រៃឈើប៉ុន្មានហិកតាទៀតទេ។
នៅថ្ងៃទី១២ កក្កដា ២០១១ មន្រ្តីរដ្ឋបាលព្រៃឈើបានចុះបង្ក្រាបត្រាក់ទ័រភ្ជួររានដីព្រៃឈើទំហំ០,៥ហិកតា នៅព្រៃចំណុចភ្នំព្រះ ភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ។ អ្នកបើកបរត្រាក់ទ័រស៊ីឈ្នួលភ្ជួរមានឈ្មោះហឿង ធួត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ដៅ ឃុំគោកកឋិន ស្រុកថ្មពួក បានភ្ជួរអោយម្ចាស់ត្រាក់ទ័រនិងម្ចាស់ដីឈ្មោះគួ សុងហេង ភេទប្រុស រស់នៅភូមិថ្មពួក ឃុំថ្មពួក ស្រុកថ្មពួក។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ត្រាក់ទ័រ១គ្រឿងម៉ាកហ្វដ ផលិតនៅសហរដ្ឋអាមេរិក ។
នៅថ្ងៃទី១៩ កក្កដា ២០១១ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើបានចុះបង្ក្រាបត្រាក់ទ័រភ្ជួរដីព្រៃ១គ្រឿងម៉ាកFord, USA នៅចំណុចអូរគាប ភូមិបន្សាយខាងត្បូង ឃុំស្វាយចេក ស្រុកស្វាយចេក ដែលកំពុងភ្ជួរដីព្រៃឈើរដ្ឋ១០ហិកតា ។ម្ចាស់ត្រាក់ទ័រមានឈ្មោះសែង ធឿន ភេទប្រុស អាយុ៤១ឆ្នាំ ជាប្រជាជនរស់នៅភូមិខ្វាវកើត(បែកចាន) ឃុំរលួស ស្រុកស្វាយចេក ។
នៅថ្ងៃទី២៨ កក្កដា ២០១១ បានបង្ក្រាបត្រាក់ទ័រ១គ្រឿងភ្ជួររានដីព្រៃឈើនៅចំណុចបុសតាមៀវ តំបន់ភ្នំព្រះខាងកើត ស្រុកថ្មពួក។ អ្នកបើកបរត្រាក់ទ័រមានឈ្មោះញ៉ក់ ភេទប្រុស ជាប្អូនថ្លៃម្ចាស់ត្រាក់ទ័រឈ្មោះផាន យាម ភេទប្រុស។ ថ្ងៃទី៣០ កក្កដា បានបង្ក្រាបត្រាក់ទ័រ១គ្រឿងនៅចំណុចបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក។ អ្នកបើករបត្រាក់ទ័រឈ្មោះអាត់ បឿក ភេទប្រុស ស៊ីឈ្នួលបើកឱ្យម្ចាស់ឈ្មោះ នូច ភេទប្រុស នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ៕
ចែករំលែកព័តមាននេះ