ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខការទូតកម្ពុជា ៖ ការសម្រេចបញ្ចប់ ឬការដកខ្លួនចេញពី MoU 2001 របស់ថៃ មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្រឡើយ

12 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចបញ្ចប់ ឬការដកខ្លួនចេញពី MoU 2001 របស់ថៃមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់ខ្លួនឡើយ…

រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់ថា ការសម្រេចបញ្ចប់ ឬការដកខ្លួនចេញពី MoU 2001 របស់ថៃមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់ខ្លួនឡើយ ។ ការបញ្ជាក់បែបនេះបន្ទាប់ពី ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអនុម័តនូវសេចក្ដីសម្រេចស្ដីពីការបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ ពាក់ព័ន្ធការទាមទារត្រួតគ្នាក្នុងដែនសមុទ្ររួមគ្នារវាងកម្ពុជា និងថៃ ។

អនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ នេះ គឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសទាំងពីរ ដើម្បីដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ នូវបញ្ហាត្រួតគ្នាក្នុងដែនសមុទ្ររវាងប្រទេសទាំងពីរ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ។

ក្នុងការធ្វើសេចក្តីថ្លែងការនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃ អនុម័តសម្រេចបញ្ចប់ជាឯកតោភាគីនូវអនុស្សរណៈយោគយល់គ្នាឆ្នាំ ២០០១ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាចាត់ទុកការបញ្ចប់ ឬការដកខ្លួនចេញពីអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ នេះគឺជាការដើរចេញពីឆន្ទៈនយោបាយដែលសម្រេចឱ្យប្រទេសទាំងពីរកំណត់នូវក្របខណ្ឌមួយក្នុងការដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិដែលពាក់ព័ន្ធការទាមទារត្រួតគ្នាផង និងការដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយគ្នាផង ។

កម្ពុជាសម្ដែងការសោកស្ដាយជាថ្មីម្ដងទៀតចំពោះការសម្រេចចិត្តនេះ ។ ឯកឧត្តមបានលើកឡើងថា ជាការឆ្លើយទៅនឹងការសម្រេចបញ្ចប់នូវអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០១ នេះ កម្ពុជាមិនមានជម្រើសអីប្រសើរជាងការផ្ដើមគំនិតជំរុញនូវយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រដែលបានសម្រេចនៅឆ្នាំ ១៩៨២ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «ទោះជាយ៉ាងណាក៏ដោយ ការបញ្ចប់ ឬការដកខ្លួនចេញពី អនុស្ស រណៈនៃការយោគយល់ឆ្នាំ ២០០១ នេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជា លើដែនសមុទ្ររបស់ខ្លួននោះទេ ហើយការសម្រេចជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំក្រោម Unclos បញ្ជាក់សាជាថ្មីអំពីការប្ដេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការដោះស្រាយគ្រប់វិវាទទាំងអស់ជាមួយប្រទេសជិតខាងដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ