ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណុចទល់មុខកន្លែងខារ៉ាអូខេ ផ្កាយមាសបួនកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣១ កក្កដា ក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលបង្កឡើងដោយរថយន្តធុនតូចមួយគ្រឿងបើកបរធ្វើដំណើរពីជើងទៅទិសខាងត្បូង ចំណែកម៉ូតូម៉ាកវ៉េវអេស ស៊េរី២០០៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1A-4491 ជិះគ្នាចំនួន២នាក់ ធ្វើដំណើរក្នុងទិសដៅពីត្បូងឆ្ពោះទៅជើងបុកពេញទំហឹងបណ្តាឱ្យភាគីម៉ូតូម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងនធ្ងរ។
តាមព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះពោន ណៃ ភេទប្រុស អាយុ២២ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះលឹម អ៊ី ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់។ អ្នកទាំងពីររស់នៅភូមិសន្តិភាព ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង។ សាក្សីបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរី ធុនតូចបើកបរក្នុងល្បឿនលឿន ដែលគេសង្ស័យថា អ្នកបើកបរស្រវឹងព្រោះរេចង្កូតពេញផ្លូវលុះធ្វើដំណើរមកដល់ចំណុចមុខហាងខារ៉ាអូខេផ្កាយមាស៤ ក៏រេចង្កូតទៅបុកម៉ូតូមួយគ្រឿង ដែលជិះគ្នា២នាក់ យ៉ាងពេញទំហឹងបណ្តាលឱ្យភាគីម៉ូតូស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។ បន្ទាប់ពីបង្កគ្រោះថ្នាក់អ្នកបើកបររថយន្តបានព្យាយាមបើករត់បាត់ស្រមោល។
ក្រុមគ្រួសារជនរងគ្រោះបានឱ្យកោះសន្តិភាពដឹងថា មុនពេលកើតហេតុឈ្មោះពោន ណៃ និងឈ្មោះលឹម អ៊ី បានជិះម៉ូតទៅទិញបង្អែមហូបនៅចំណុចរង្វង់មូលស្រុកអន្លង់វែង លុះពេលធ្វើដំណើរមកផ្ទះវិញជិះម៉ូតូដល់មុខហាងខារ៉ាអូខេស្រាប់តែរថយន្តបុកពេញទំហឹងបណ្តាលឱ្យស្លាប់ និងរបួសធ្ងន់ឯម៉ូតូខ្ទេចស្ទើរទាំងស្រុង៕
ចែករំលែកព័តមាននេះ