រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ បានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង ប៉ុន្តែសំណាងល្អ មិនបង្កអោយមនុស្សរងរបួស ។
ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៦ តាមបណ្តោយផ្លូវលេខ៣៦៧ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានអោយដឹងជាបឋមថា មុនកើតហេតុ គេធុំក្លិនផ្សែងឈ្ងៀមក្បែរផ្ទះពួកគាត់រស់នៅ ដោយភ័យស្លន់ស្លោរ ប្រជាពលរដ្ឋបាននាំគ្នារត់ចេញពីក្នុងផ្ទះ មកក្រៅមើល ស្រាប់តែឃើញអណ្តាតភ្លើងកំពុងឆាបឆេះផ្ទះឈើ ដែលជាកន្លែងស្តុកអេតចាយ យ៉ាងសន្ធោសន្ធៅបាត់ទៅហើយ ។ ភ្លាមៗ អ្នកឃើញហេតុការណ៍ បានប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគមន៍ជួយពន្លត់ ។
គ្រោះអគ្គិភ័យនេះ បានឆេះបំផ្លាញសម្ភារប្រើប្រាស់ទាំងស្រុងនៅក្នុងផ្ទះ និងឆេះរាលដាលដល់ផ្ទះអ្នកជិតខាងអស់ជាច្រើនខ្នង ។ ក្នុងនោះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមមាន រថយន្តជំនួយមកពីគោលដៅទាំង១៤ខណ្ឌ ជាច្រើនគ្រឿង ។ ចំពោះមូលហេតុ នៃការឆាបឆេះនេះ កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត ៕













ចែករំលែកព័តមាននេះ