រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ បានសម្ដែងការកើតទុក្ខ មិនសុខចិត្តយ៉ាងខ្លាំង និងបានបានដាក់ពាក្យបណ្ដឹងស្នើសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងចាត់វិធានការទៅលើស្ត្រីម្នាក់ទៀត ដែលបានខ្ចីប្រាក់ពីរូបគាត់ និងប្ដី សរុបជិត៥០លានរៀល និង៩ពាន់ដុល្លារអាមេរិក ដោយគាត់មិនបានយកការប្រាក់សូម្បីតែ១រៀលផង ប៉ុន្តែបែរជាកូនបំណុលរូបនោះ បានតបស្នងមកលើរូបគាត់ និងប្ដីគាត់វិញ ដោយការឈឺចាប់បំផុត គឺបុគ្គលម្នាក់បានព្យាយាមគេចវេស មិនជួបដោះស្រាយជាមួយរូបគាត់ និងមិនព្រមសងប្រាក់គាត់ទៅតាមកិច្ចសន្យាទៅវិញ ។
ដោយឡែក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ស្ត្រីជាម្ចាស់បំណុលរូបនោះ បានទៅទារប្រាក់ពីស្ត្រីជាកូនបំណុលនោះដល់ផ្ទះ ស្រាប់តែគាត់បានទទួលដំណឹងបានថា កូនបំណុលខាងលើ បានលួចជញ្ជូនអីវាន់ និងសម្ភារៈផ្សេងៗចេញពីផ្ទះតាមទ្វារក្រោយ រួចបានលក់ផ្ទះឲ្យអ្នកផ្សេង ដើម្បីប្ដូរទីលំនៅថ្មី គេចវេសមិនសងបំណុលគាត់ទៀតផង ។ គ្រាន់តែឮ និងដឹងរឿងនេះភ្លាម បានធ្វើឲ្យគាត់ភ្ញាក់ផ្អើល និងភ្ញាក់ខ្លួនព្រើតដូចខ្មោច៧ថ្ងៃ ព្រោះដឹងថា ចាញ់បោកកូនបំណុល និងមិននឹកស្មានថា ខំអាណិតឲ្យខ្ចីប្រាក់ទៅរកស៊ី បែរជាត្រូវកូនបំណុលខាងលើរំលោភលើទំនុកចិត្តគាត់បែបនេះសោះ ទើបគាត់សម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ឲ្យជួយអន្តរាគមន៍តែម្ដង ។
ស្ត្រីជាម្ចាស់បំណុលឈ្មោះ ញ៉ែម សួរ អាយុ៥៣ឆ្នាំ មុខរបរលក់សាច់ជ្រូក ម្ដុំសួនកុមារពោធិ៍ចិនតុង មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១១E ផ្លូវលេខ២០០៥ ភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយឡែកស្ត្រី ដែលជាកូនបំណុលខាងលើឈ្មោះ ហ៊ូ បុប្ផាភួង អាយុ៥៥ឆ្នាំ មុខរបរលក់ខោអាវជជុះ នៅផ្សារស៊ិនជូរីផ្លហ្សា ។ នៅក្នុងកិច្ចសន្យាខ្ចីប្រាក់ មានទីលំនៅលេខ៧៥អឺ២ ផ្លូវលេខ៥៣ ភូមិ៣ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប៉ុន្តែក៏នៅមានទីលំនៅបច្ចុប្បន្នមួយទៀត ផ្ទះលេខ០៩ ផ្លូវលេខ២០០៥B បុរីពិភពថ្មី ភូមិដីថ្ម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម្ចាស់បំណុលខាងលើ បាននិយាយថា រូបគាត់និងស្ត្រីឈ្មោះ ហ៊ូ បុប្ផាភួង នោះជាមនុស្សស្គាល់គ្នា និងរាប់អានគ្នាជិតស្និទ្ធ ហើយកូនបំណុលរូបនោះ បានខ្ចីប្រាក់គាត់តាំងពីអំឡុងឆ្នាំ២០២៤ រហូតមកដល់ឆ្នាំ២០២៦នេះ ច្រើនដំណាក់កាល ។ នៅក្នុង១ដំណាក់កាលៗខ្ចីចាប់ពី១លានរៀល រហូតដល់២៥លានរៀល ហើយសរុបប្រាក់ទាំងអស់ ចំនួន៤៨លានរៀល និង៩ពាន់ដុល្លារអាមេរិក ដោយបានធ្វើកិច្ចសន្យាខ្ចីជាលាយលក្ខអក្សរជាមួយគ្នា និងមានស្នាមផ្ដិតមេដៃត្រឹមត្រឹមត្រូវទៀតផង ។
អ្នកស្រី ញ៉ែម សួរ បាននិយាយបន្តទៀតថា ការឲ្យខ្ចីនោះគាត់មិនបានគិតការប្រាក់ពីកូនបំណុលឈ្មោះ បុប្ផាភួង នោះទេ ព្រោះតែគាត់មានការទុកចិត្ត និងអាណិតស្រលាញ់ ក៏ឲ្យខ្ចីទៅរកស៊ីដោយគ្រាន់តែតម្រូវឲ្យសងវិញតែប្រាក់ដើមមកវិញរាល់ខែ តាមកិច្ចសន្យាប៉ុណ្ណោះ ។ ក្នុងនោះប្រាក់កម្ចី ចំនួន១លានរៀល តម្រូវឲ្យសងតែប្រាក់ដើមវិញ ក្នុង១ថ្ងៃ ៣ម៉ឺនរៀល និងសងដាច់រយៈពេល៣៣ថ្ងៃ, ប្រាក់កម្ចី៨លានរៀល តម្រូវឲ្យសងតែប្រាក់ដើមវិញ ក្នុង១ថ្ងៃ ២៤ម៉ឺនរៀល និងសងដាច់រយៈពេល៣៣ថ្ងៃ ។ ប្រាក់កម្ចី១០លានរៀល តម្រូវឲ្យសងតែប្រាក់ដើមវិញ ក្នុង១ថ្ងៃ៤ម៉ឺនរៀល និងសងដាច់រយៈពេល២៥០ថ្ងៃ ហើយប្រាក់កម្ចីចំនួន២៥លានរៀល តម្រូវឲ្យសងតែដើមវិញ ក្នុង១ថ្ងៃ១០ម៉ឺនរៀល និងសងដាច់រយៈពេល២៥០ថ្ងៃជាដើម ។
ស្ត្រីរូបនោះ បាននិយាយបន្ថែមទៀតថា ស្ត្រីឈ្មោះ ហ៊ូ បុប្ផាភួង នោះបានខ្ចីប្រាក់ពីរូបគាត់ចំនួនសរុប ៤៨លានរៀល និងចុងក្រោយបំផុតខ្ចីប្រាក់ពីប្ដីគាត់ចំនួន ៩ពាន់ដុល្លារថែមទៀត ហើយពួកគាត់ទាំង២នាក់ប្ដីប្រពន្ធ មានចិត្តអាណិតអាសូរ ចំពោះស្ត្រីនោះឲ្យតែហាមាត់ខ្ចីគឺឲ្យខ្ចីភ្លាមតែម្ដង ។ ប៉ុន្តែទង្វើល្អនេះ ទទួលបានការតបស្នងមកវិញ គឺការរំលោភលើទំនុកចិត្ត(ឆបោក) ពីសំណាក់ស្ត្រីឈ្មោះហ៊ូ បុប្ផាភួង នោះទៅវិញ ។ គាត់ពិតជាឈឺចាប់ខ្មាំងណាស់ ហើយបានព្យាយាមទារប្រាក់ពីកូនបំណុលនោះតាមកិច្ចសន្យាវិញជាបន្តបន្ទាប់ ទោះបីជាជួបគ្នានៅផ្សារ ឬនៅកន្លែងណាក៏ដោយ ក៏គាត់ទារបំណុលដែរ ប៉ុន្តែបុគ្គលនោះមិនព្រមសងវិញសោះ ។
គាត់បាននិយាយប្រាប់បន្ថែមថា ដោយឡែកនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ គាត់បានទៅទារប្រាក់ពីស្ត្រីនោះដល់ផ្ទះ ស្ថិតនៅផ្ទះលេខ០៩ ផ្លូវលេខ២០០៥B បុរីពិភពថ្មី ភូមិដីថ្ម សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប៉ុន្តែស្ត្រីនោះអត់ព្រមសង ហើយក៏អត់ព្រមជួបដោះស្រាយគ្នាជាមួយគាត់ឡើយ ។ មិនតែប៉ុណ្ណោះមានគេប្រាប់គាត់ថា កូនបំណុលរូបនោះ បានលួចជញ្ជូនអីវាន់ និងសម្ភារៈផ្សេងៗចេញពីផ្ទះតាមទ្វារក្រោយអស់ហើយ ព្រមទាំងបានលក់ផ្ទះនោះឲ្យទៅអ្នកផ្សេងប្ដូរទីលំនៅថ្មី គេចវេសពីបំណុលរបស់គាត់ ។
ក្រៅពីនេះគាត់ក៏ដឹងទៀតផងដែរថា កូនបំណុលនេះ កំពុងរត់ការផ្ទេរសិទ្ធិលក់ផ្ទះនោះទៀតផង បន្ទាប់ពីដឹងថា ត្រូវជននោះឆបោកបែបនេះ គាត់បានគិតពីផ្លូវច្បាប់ គឺបានទៅដាក់ពាក្យប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍កាកាបទី១ ជួយអន្តរាគមន៍ និងមានចំណាត់ការលើស្ត្រីឈ្មោះ ហ៊ូ បុប្ផាភួង នោះផង ព្រោះគាត់មានភស្តុតាងក្នុងដៃគ្រប់គ្រាន់ ដោយសាររាល់ការខ្ចីប្រាក់សុទ្ធ តែបានធ្វើកិច្ចសន្យាត្រឹមត្រូវទាំងអស់ ។
ទោះបីជាបែបណាព័ត៌មានខាងលើនេះ គឺជាការរៀបរាប់ប្រាប់ឲ្យដឹងពីសំណាក់ស្ត្រីម្ចាស់បំណុល តែម្ខាងប៉ុណ្ណោះ ចំណែកឯស្ត្រីជាកូនបំណុល មិនអាចទាក់ទង ដើម្បីបំភ្លឺបាននោះទេ ពុំដឹងថា តើមានរឿងអ្វីផ្សេងក្រៅពីនេះទៀតឡើយ បើមានអ្វីថ្មីកោះសន្តិភាព នឹងផ្សាយជូនបន្តទៀត ៕





ចែករំលែកព័តមាននេះ