ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហរដ្ឋអាមេរិក​បង្ហាញ​ជំហរ​គាំទ្រ​សន្តិភាព និង​បទ​ឈប់​បា.ញ់​យូរអង្វែង​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ រដ្ឋាភិបាល​សហរដ្ឋ​អា​មេ​រិ​ក បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​ថែ​រក្សា​សន្តិភាព និង​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​យូរអង្វែង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​-​ថៃ ខណៈ​ដែល​ខ្លួន​កំពុង​បង្កើន​ការ​គាំទ្រ​ផ្នែក​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​​ដោយសារ​ជម្លោះ​តាម​ព្រំដែន​ ។

ការ​ថ្លែង​បញ្ជាក់​នេះ​ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោកស្រី រ៉ូ​ណា រ៉ា​ធោ​ទ (Rona Rathod) ​ប្រធាន​ផ្នែក​ន​យោ​បាយ​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ដឹក​នាំ​ប្រតិភូ​ចុះ​បំពេញ​ទស្សន​កិច្ច និង​ពិភាក្សា​ការងារ​ជាមួយឯកឧត្តម អ៊ុំ រាត្រី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ នៅ​សាលាខេត្ត​និង​មណ្ឌល​ជន​ភៀស សឹក​ស្នាក់​នៅ​បណ្ដោះអាសន្ន ក្នុងភូមិ​ស្ល​ក្រាម ឃុំ​ស្ល​ក្រាម ស្រុក​ស្វាយចេក កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦​ នេះ​ ។

ក្នុង​ជំនួប​នោះ លោកស្រី រ៉ូ​ណា រ៉ា​ធោ​ទ បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់​ៗ​កត្តា​សន្តិភាព​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ ផ្ដោត​សំខាន់​លើ​ការ​រក្សា​សន្តិភាព និង​ចង់​ឃើញ​បទ​ឈប់​បាញ់​យូរអង្វែង​នៅ​តំបន់​ព្រំដែន ដើម្បី​ធានា​ដល់​ស្ថិរភាព​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ។

លោកស្រី​ថា​ ការ​បោសសម្អាត​គ្រាប់​យុទ្ធ​ភ​ណ្ឌ សហរដ្ឋអាមេរិក​នឹង​បន្ត​បេស​កកម្ម​ជួយ​បោស​សម្អាត​គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​សេសសល់​ពី​សម័យ​សង្គ្រាមតាម​ដីស្រែ​ចម្ការ​របស់​ប្រជា​ពល​រដ្ឋ ដើម្បី​សុវត្ថិភាព​ក្នុង​ការ​បង្កបង្កើនផល​ ។

លោកស្រី​ថា​ ជំនួយ​មនុស្សធម៌​ស្ថានទូត​អា​មេ​រិ​កបាន​ត្រៀម​ថវិកា​មួយ​ចំនួន​សម្រាប់​ជួយ​ដល់​​តំបន់​រង​ផល​ប៉ះពាល់​នា​ពេល​ថ្មី​ៗ​នេះ តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ដល់​ជនភៀសសឹក​ក្នុង​ក្របខណ្ឌ​អង្គការ​អន្តរជាតិ​ទេសន្តរប្រវេសន៍ (IOM) និង​សហការ​ជាមួយ​ក្រុម AOT ​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុំ រាត្រី បាន​ជម្រាប​ជូន​ប្រតិភូ​អំពី​ស្ថានភាព​ទូទៅ​នៃ​ខេត្តបន្ទាយ​មានជ័យ ដែល​មាន​ព្រំ​ប្រ​ទ​ល់​ជាប់​ប្រទេស​ថៃ​ប្រវែង​១៥៣​គីឡូម៉ែត្រ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ពី​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ពី​ជម្លោះ​ប្រដាប់​អាវុធ​កន្លង​មក ដែល​បង្ក​ឱ្យ​មាន​វិនាសកម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វន្ត​ដូច​ជា ផ្លូវថ្នល់ សាលារៀន មណ្ឌល​សុខភាព និង​វត្ត​អា​រាម ​។

​អ្វី​ដែល​ជា​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​នោះ​ គឺ​គ្រាប់បែក​ចង្កោម​មាន​គ្រាប់​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់​ផ្ទុះ ជា​ពិសេស​ គ្រាប់បែក​ចង្កោម​រាយ​ប៉ាយ​ស្ទើរ​គ្រប់​ទីកន្លែង​តាម​បណ្តា​ក្រុង​-​ស្រុក​ជាប់​ព្រំដែន​។​ ការ​បាត់​បង់ជីវិត និង​ទ្រព្យសម្បត្តិ ជម្លោះ​បាន​ធ្វើ​ឱ្យ​ជន​ស៊ី​វិល​៩​នាក់​​ស្លាប់ ៧៧​នាក់​របួស និង​ខូចខាត​ផ្ទះសម្បែង​ជាង​២,០០០​ខ្នង​ ។

​ការ​បាត់បង់​ដីធ្លី បច្ចុប្បន្ន ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន​៦ ក្នុងស្រុក​អូរ​ជ្រៅ និង​ស្រុក​ថ្មពួក នៅ​មិន​ទាន់​អាច​ត្រឡប់​ទៅ​រស់នៅ​វិញ​បាន​ឡើយ ដោយ​សារ​ទាហាន​ថៃ​នៅ​តែ​បន្ត​គ្រប់គ្រង និង​​ហ៊ុមព័ទ្ធ​ដោយ​បន្លា​លួស និង​កុងតឺន័រ​ ។

ទោះជា​យ៉ាងណា ឯក​ឧត្ត​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ក្រោម​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលការណ៍​រៀបចំ​ជម្រក​បណ្តោះអាសន្ន​ថ្មី​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​មុន ​។ ក្នុង​នោះ គ្រួសារ​រង​គ្រោះ​នីមួយ​ៗ​ទទួល​បាន​ដី​ទំហំ​២០​ម៉ែត្រ x ៣០​ម៉ែត្រ លើ​ផ្ទៃដី​សរុប​៤០០​ហិ​កតា ដើម្បី​សាងសង់​លំនៅ​ដ្ឋា​ន​ស្នាក់​នៅ និង​បង្កបង្កើន​ផល​ឱ្យ​មាន​ជីវភាព​សមរម្យ​ឡើង​វិញ​ ៕