រាជធានីភ្នំពេញ ៖ ដោយក្តីអាណិតអាសូរពេកចំពោះលោកយាយញឹម ហេង សប្បុរសជនម្នាក់ជានាយទាហានជាន់ខ្ពស់ នៃកងទ័ពជើងគោកបានផ្តល់តាមរយៈកោះសន្តិភាពនូវប្រាក់៥០ដុល្លារ។ អំណោយឧបត្ថម្ភនេះត្រូវបានតំណាងកោះសន្តិភាពបានយកទៅជូនដល់ដៃរួចហើយ កាលពីរសៀលថ្ងៃទី១ សីហា ដូចមានក្នុងរូបថតស្រាប់។
លោកយាយញឹម ហេង អាយុ៨៥ឆ្នាំ សព្វថ្ងៃរស់នៅក្នុងខ្ទមកណ្តាលមួយក្នុងភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំេពញ។ ការរស់នៅក្នុងខ្ទមកំសត់ជញ្ជាំងធ្លុះធ្លាយក្នុងដីទំហំ១៣ម៉ែត្រ× ៣៩ម៉ែត្រ ដែលហ៊ុនព័ទ្ធទៅដោយស្មៅបារាំងដុះជុំវិញ និងមានបរិស្ថានពុំល្អទាល់តែសោះនោះ លោកយាយញឹម ហេង បានប្រឈមមុខនឹងអាជ្ញាធរខណ្ឌសែនសុខ ដកហូតយកដីរបស់គាត់ដោយសំអាងថា ជាដីរបស់រដ្ឋទៅវិញ។ ទោះជាយ៉ាងណាក៏ដោយ លោកយាយបានលើកម្រាមដៃទាំងដប់សំពះអង្វរយ៉ាងទទូចបំផុតសុំការប្រទានប្រណីពីសម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតជួយរកយុត្តិធម៌ដោយផ្តល់ប័ណ្ណកម្មសិទ្ធដល់គាត់ផង។
ស្ថិតក្នុងខ្ទមកម្សត់ និងជញ្ជាំងធ្លុះធ្លាយលោកយាយញឹម ហេង បានមានប្រសាសន៍ទាំងរលីងរលោកទឹកភ្នែករៀបរាប់ប្រាប់អ្នកយកព័ត៌មានថា ទីតាំងសាលាសង្កាត់ទឹកថ្លាចាស់ បានលក់ទៅឱ្យឈ្មួញដែលសព្វថ្ងៃដីនោះ គឺជាដីរបស់ក្រុមហ៊ុនតូយូតាវីហ្គោហើយ លោកចៅសង្កាត់ទឹកថ្លាបានមកសុំយកផ្ទះរបស់ខ្ញុំលេខ៣១ក្រុម១ ភូមិ២ ឃុំទឹកថ្លា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ លោកចៅសង្កាត់ទឹកថា្លឱ្យឈ្មោះខ្ញុំ ញឹម ហេង មករស់នៅលើដីទីស្នាក់ការភូមិវិញ ហើយធ្វើលិខិតប្រគល់សិទ្ធគ្រប់គ្រងជាម្ចាស់ឱ្យខ្ញុំទៀតផង។ ក្រោយមកខ្ញុំបានមកសុំធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ពេលនោះលោកមេភូមិទឹកថ្លាឈ្មោះប៉ែត បានយកលិខិតប្រគល់សិទិ្ធរបស់ខ្ញុំទៅដោយប្រាប់ខ្ញុំថា យកទៅធ្វើប័ណ្ណកម្មសិទ្ធឱ្យខ្ញុំ ប៉ុន្តែលោកមេភូមិទឹកថ្លា បែជាយកលិខិតប្រគល់សិទ្ធិរបស់ខ្ញុំបាត់រហូតដល់បច្ចុប្បន្ន។ ខ្ញុំទៅសួរលោកមេភូមិទឹកថ្លាពីតំណើររឿងលិខិតប្រគល់សិទិ្ធឱ្យខ្ញុំ បែរជាលោកមេភូមិទឹកថ្លាគឺឈ្មោះប៉ែត បានមកសម្លុតដោយយកកាំភ្លើងអាកាចេញពីផ្ទះមករកបាញ់ខ្ញុំ ហើយថែមទាំងគំរៀមកំហែងខ្ញុំថា អញមិនដឹងអីទេ បើមិនចេញអញនឹងបាញ់។ ពេលនោះខ្ញុំភិតភ័យពេកទើបខ្ញុំចាកចេញពីផ្ទះរបស់មេភូមិទឹកថ្លាដោយមានសាក្សីដែលជាប្រជាពលរដ្ឋបានឃើញលោកមេភូមិទឹកថ្លា ឈ្មោះប៉ែតផងដែរ។ បន្ទាប់មកលោកមេភូមិទឹកថ្លា និងលោកចៅសង្កាត់ទឹកថ្លាបានដាក់បញ្ចូលដីរបស់នាងខ្ញុំទៅជាសម្បត្តិរដ្ឋទៅវិញ។
លោកយាយបញ្ជាក់ថា គាត់បានមករស់នៅលើផ្ទះបុរី១០០ខ្នងតាំងពីឆ្នាំ១៩៨០ ហើយសាលាឃុំទឹកថ្លាបានសុំយកផ្ទះខ្ញុំមួយចំហៀងធ្វើជាសាលាឃុំទឹកថ្លា រីឯម្ខាងទៀតនៅជាផ្ទះខ្ញុំដដែល។ ក្រោយមកទៀតមេភូមិទឹកថ្លា និងលោកចៅសង្កាត់បានផ្លាស់ប្តូរឱ្យខ្ញុំ ឱ្យទៅរស់នៅដីមួយកន្លែងដែលជាដីស្នាក់ការភូមិវិញ គឺនៅម្តុំជិតសាលាឃុំទឹកថ្លា ចាប់តាំងពីឆ្នាំ១៩៩០មកម៉្លេះ។ ប៉ុន្តែមេភូមិទឹកថ្លា និងលោកចៅសង្កាត់ទឹកថ្លាមិនព្រមបញ្ជាក់ថា ដីទីស្នាក់ការភូមិដែលពួកគាត់បានឱ្យខ្ញុំទៅរស់នៅដោយការដោះដូរគ្នានោះគឺជាដីរបស់ខ្ញុំទេ ព្រោះដីទីស្នាក់ការសង្កាត់ទឹកថ្លានោះជាដីរបស់ខ្ញុំទេ។
លោកយាយបានរៀបរាប់ថា មកដល់ចាស់ជរាឥតទីពឹងនេះ ស្រាប់តែអស់រលីងពីខ្លួន។ គាត់មករស់នៅតាំងពីឆ្នាំ១៩៧៩ រហូតមកត្រូវរដ្ឋអំណាចយកដីគាត់លក់ឱ្យក្រុមហ៊ុន ដូរដីឱ្យមកនៅលើដីស្នាក់ការភូមិ។ មកដល់ចុងក្រោយនេះស្រាប់តែដេញគាត់ទៀត ដោយនិយាយថា ដីដែលគាត់រស់នៅសព្វថ្ងៃនេះជាដីរដ្ឋទៅវិញ និងគំរាមឥតឈប់ឈរសោះឱ្យគាត់ចាកចេញ។
ទង្វើរបស់រដ្ឋអំណាចមូលដ្ឋានបែបនេះ តើយុត្តិធម៌នៅទីណា? បើមិនបានផ្តល់យុត្តិធម៌ជូនគាត់ទេ គួរណាស់មានមនុស្សធម៌ចំពោះរូបគាត់ខ្លះហើយ ប៉ុន្តែអត់មានសោះ ។
អយុត្តិធម៌ និងគ្មានមនុស្សធម៌បែបនេះ ត្រូវបានមហាជនដែលអានសារព័ត៌មានកោះសន្តិភាពស្រែកថ្កោលទោសរដ្ឋអំណាចមូលដ្ឋានក្នុងខណ្ឌសែនសុខ ដែលពាក់ព័ន្ធឥតឈប់ឈរឡើយ។ មហាជនសូមឱ្យរដ្ឋអំណាចសង្កាត់ដែលយកដីគាត់លក់កាលដីត្រូវប៉ាន់ ត្រូវតែសងមកវិញ ។
តាមពិតទៅ លោកយាយដែលរដ្ឋអំណាចសង្កាត់លើកពីកន្លែងមួយទៅដាក់នៅកន្លែងមួយទៀតនេះ មិនចង់បានអ្វីក្រៅតែពីសុំរស់នៅកន្លែងអាក្រក់ដែលគាត់កំពុងរស់នៅសព្វថ្ងៃនេះទេ។ ប៉ុន្តែមកពីរដ្ឋអំណាចមិនព្រមត្រាប្រណីសោះ ទើបគាត់អស់សង្ឃឹមខំស្រែកអំពាវនាវសុំជួយគាត់ផងតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ