រាជធានីភ្នំពេញ ៖ ផ្លូវក្រាលបេតុងប្រវែង៣៣៩ម៉ែត្រ និងប្រព័ន្ធលូប្រវែង២៦៤ម៉ែត្រ នៅក្នុងសង្កាត់ឫស្សីកែវបានធ្វើពិធីបើកការដ្ឋានស្ថាបនាកាលពីវេលាព្រឹកថ្ងៃទី១ ខែសីហា ក្រោមអធិបតីភាពលោកនុត ពុធដារ៉ា អភិបាលរងខណ្ឌ និងជាតំណាងលោកឃ្លាំង ហួត អភិបាលខណ្ឌ។
លោកស្រីច័ន្ទ សំណាង ចៅសង្កាត់ឫស្សីកែវឱ្យដឹងថា ផ្លូវដែលធ្វើពិធីបើកការដ្ឋាននេះមានប្រវែង៣៣៩ម៉ែត្រ និងទទឹង៣ម៉ែត្រ រួមទាំងប្រព័ន្ធលូមួយខ្សែប្រវែង២៦៤ម៉ែត្រ ទំហំ០,៦០ម៉ែត្រដែលជាគំរោងអភិវឌ្ឍសង្កាត់ឆ្នាំ២០១១ដែលដេញថ្លៃបាននិងស្ថាបនាដោយក្រុមហ៊ុនគីន គីណាន់ ក្នុងតំលៃ៦៩.៦៣០.០០០រៀល លើទឹកប្រាក់ចំនួន១២២.៨៥៧.៣៥២រៀល។ ចំណែកទឹកប្រាក់នៅសល់សង្កាត់នឹងធ្វើការអភិវឌ្ឍបន្តទៀត។
លោកនុត ពុធដារ៉ា ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់វិភាជន៍ថវិកាឱ្យមកក្រុមប្រឹក្សាឃុំ-សង្កាត់ទូទាំងប្រទេសជារៀងរាល់ឆ្នាំ។នេះជាការគិតគូររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលដ្ឋាន។ នៅក្នុងសង្កាត់ឫស្សីកែវឆ្នាំ២០១០កន្លងមកទទួលបានថវិកាចំនួន១១១.៧២០.០០០រៀល រួមជាមួយប្រជាពលរដ្ឋ១០%ដើម្បីអភិវឌ្ឍមូលដ្ឋាន។ ដោយឡែកឆ្នាំនេះបានចំនន១២២.៩៥២.២២៦រៀល រួមទាំងថវិកាចូលរួមរបស់ប្រជាពលរដ្ឋ១០ភាគរយ ហើយក្រុមប្រឹក្សាសង្កាត់បានចាត់ចែងអភិវឌ្ឍមូលដ្ឋានរបស់ខ្លួននិងត្រូវបានបើកការដ្ឋានស្ថាបនាផ្លូវ និងដាក់លូនៅពេលនេះ។
លោកនុត ពុធដារ៉ា ឱ្យដឹងថា នៅក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចំរើន សាលារាជធានីភ្នំពេញក៏ដូចជាសាលាខណ្ឌឫស្សីកែវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយលោកអភិបាលក៏បានបំពាក់ម៉ាសីុនបូមទឹក បូមរំដោះទឹកជូនប្រជាពលរដ្ឋដើម្បីបញ្ចៀសគ្រោះទឹកជំនន់។ ទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់កុំសាងសង់សំណង់រំលោភប្រឡាយ ឬលុបប្រព័ន្ធលូ ចៀសវាងបង្កការរាំងស្ទះដល់ការបូមរំដោះទឹកជូនប្រជាពលរដ្ឋ។
លោកនុត ពុធដារ៉ា បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការក្នុងការស្ថាបនាផ្លូវនិងដាក់ប្រព័ន្ធលូ។ ចំណែកក្រុមហ៊ុនត្រូវស្ថាបនាទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវដើម្បីទុកផលប្រយោជន៍រួម។
លោកនុត ពុធដារ៉ា បានលើកឡើងពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ហើយសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចធ្វើយ៉ាងណាដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋានធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានសេចក្តីសុខ ៕
ចែករំលែកព័តមាននេះ