ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីរកឃើញថា មានបក្សីងាប់ជាបន្តបន្ទាប់ក្នុងភូមិ និងមាន កុមារីម្នាក់ស្លាប់ ក្រុមវិភាគរបស់វិទ្យាស្ថាន ស្រាវជ្រាវបសុព្យាបាលបានរកឃើញថា ទាំងបក្សី និងកុមារីនេះ គឺស្លាប់ដោយសារជម្ងឺផ្ដាសាយបក្សីដែលបង្កឡើងដោយវីរុសក្នុងអនុ ក្រុម H5N1 នៅព្រឹកថ្ងៃទី២៩ កក្កដា ២០១១ ក្នុងវត្តចករស្មីស្ថិតក្នុងភូមិចករស្មី ឃុំរហាត់ទឹកស្រុកមង្គលបុរី។ ក្រុមការងាររបស់ក្រសួងកសិកម្ម សហការជាមួយមន្ទីរកសិកម្ម ការិយាល័យផលិតកម្មបសុព្យាបាល ពេទ្យសត្វស្រុក និងភូមិ អាជ្ញាធរ ដែនដី និងមានការចូលរួមពីព្រះរាជអាជ្ញារងបានទៅផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួន២ភូមិគឺភូមិដូនមូល(ចករស្មី) និងភូមិព្រែកសំរោង ឃុំរហាត់ទឹកស្រុកមង្គលបុរីដើម្បីអោយមានការចូលរួម និងផ្ដល់កិច្ចសហការក្នុងការអនុវត្តវិធានបច្ចេកទេសរបស់មន្រ្តីជំនាញសមត្ថកិច្ចក្នុងការពង្រឹង ទប់ស្កាត់ចលនាបក្សី និង ផលិតផលមានដើមកំណើតពីបក្សីជាបណ្ដោះ អាសន្នចេញពីតំបន់ផ្ទុះជម្ងឺឆ្លងក្នុងរង្វង់៣គីឡូម៉ែត្រ។
ការផ្សព្វផ្សាយនោះមានវត្តមាន លោក កែវ ធានី លោកម៉ៅ ដាវុត តំណាងនាយកដ្ឋានវិទ្យាស្ថានស្រាវជ្រាវវិភាគ លោក ហេង ប៊ុនហោ ប្រធានមន្ទីរកសិកម្មខេត្ត លោកផាន់ ភីរម្យ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មបសុព្យាបាល និងអាជ្ញាធរមូលដ្ឋានជាក្រុមការងារ ជាច្រើននាក់ទៀត ព្រមទាំងក៏មានការចូលរួមពី ប្រជាពលរដ្ឋចំនួន២ភូមិសរុបជិត២០០នាក់។
ក្រុមការងារឱ្យដឹងថា ជម្ងឺផ្ដាសាយបក្សីគឺជាជំងឺឆ្លងដ៏កាចសាហាវបំផុតពីបក្សីទៅបក្សី និងពី បក្សីទៅមនុស្ស។ ជម្ងឺនេះអាចផ្ដាច់ជីវិត មនុស្សយ៉ាងឆាប់រហ័សត្រឹមតែរយៈពេល១០ថ្ងៃ ប៉ុណ្ណោះ ហើយវាអាចសម្លាប់យ៉ាងឆាប់រហ័ស ផងដែរទៅលើកុមារ និងស្រ្តីដែលមានផ្ទៃពោះ។ ក្រុមការងារបានសំណូមពរ និងអំពាវនាវដល់ប្រជាពលរដ្ឋជាមាតាបិតាសូមកុំប៉ះពាល់ដល់បក្សីឈឺឬងាប់ និងមិនត្រូវអោយកុមារតូចៗ ទៅប្រលែងលេងនឹងបក្សីទាំងនោះឡើយ។ ត្រូវ បញ្ជៀសកូនរបស់ខ្លួនអោយចេញឆ្ងាយពីបក្សី ឈឺឬងាប់។ ប្រសិនជាមានបក្សីឈឺ ឬងាប់សូមប្រជាពលរដ្ឋទាំងអស់រាយការណ៍ជាបន្ទាន់ដល់ ភ្នាក់ងារសត្វភូមិ និងអាជ្ញាធរមូលដ្ឋានដើម្បី ស្រាវជ្រាវនិងទប់ស្កាត់អោយបានទាន់ពេល វេលានូវជម្ងឺឆ្លងដ៏កាចសាហាវនេះ។
ភូមិទាំងពីរគឺភូមិចករស្មី និងភូមិព្រែកសំរោងមានផ្ទុះជម្ងឺផ្ដាសាយបក្សីក្រុមការងារបានស្នើអោយប្រជាពលរដ្ឋដែលមានបក្សីទាំងអស់ចូលរួមប្រគល់បក្សីអោយក្រុមការងារដើម្បីកំទេចចោល។ ក្រុមការងារក៏បានបន្តការងាររបស់ខ្លួនដោយបាញ់ថ្នាំសម្លាប់មេរោគនៅតាមលំនៅឋាន រោងបក្សី និងគ្រប់ទីកន្លែង និងបន្តសកម្មភាពការងាររហូតដល់ម៉ោង១២ អធ្រាត្រទើបប្រមូលបានបក្សីចំនួន៤៨០ក្បាល ក្នុងនោះទា២៨ក្បាលយកទៅដុតកំទេចតាមនីតិវិធីបសុពេទ្យ៕
ចែករំលែកព័តមាននេះ