ខេត្តព្រះវិហារ ៖ កាលពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១១ លោកកែប ជុតិមា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអភិបាលរាជធានីភ្នំពេញ បានដឹកនាំគណៈប្រតិភូជាមន្ត្រីក្រោមឱវាទសាលារាជធានី អញ្ជើញទៅសួរសុខទុក្ខ និងចែកអំណោយដល់កងទ័ពប្រចាំនៅតំបន់ព្រះវិហារ ។
នៅក្នុងដំណើរចុះសួរសុខទុក្ខនោះ មានការរៀបចំធ្វើពិធីចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពបន្ថែមទៀត រវាងសាលារាជធានីភ្នំពេញ និងកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសប្រាសាទព្រះវិហារ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ។ គួរបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកសាលារាជធានីភ្នំពេញ បានចងសម្ព័ន្ធភាពជាមួយកងពលលេខ៩ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ៣ ប្រចាំនៅតំបន់មុំបី តែសាលារាជធានីភ្នំពេញ បានជួយឧបត្ថម្ភគាំទ្រមិនត្រឹមតែកងពលលេខ៩នោះទេ ថែមទាំងជួយឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ៣ នោះយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ។ ពេលនេះត្រូវបានចុះហត្ថលេខាចងសម្ព័ន្ធភាពជាផ្លូវការរវាងសាលារាជធានីភ្នំពេញ និងកងពលធំអន្តរាគមន៍លេខ៣ ជាផ្លូវការចាប់ពីពេលនេះតទៅ ។
ក្នុងពិធីចុះហត្ថលេខាខាងលើនៅទីបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានឱ្យដឹងថា ការគិតគូរដល់សុខទុក្ខកងទ័ពពីសម្តេចតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាការជួយឧបត្ថម្ភគាំទ្រជានិច្ចកាលរបស់លោកកែប ជុតិមា និងលោកជំទាវដល់កងពលធំអន្តរាគមន៍លេខ៣ ធ្វើឱ្យនាយ និងពលទាហានមានទឹកចិត្តកាន់តែមុតមាំក្លាហានក្នុងការការពារទឹកដីពីពួកសត្រូវឈ្លានពានដោយមិនស្តាយជីវិត ។ កងពលធំអន្តរាគមន៍លេខ៣ មានភារកិច្ចទទួលខុសត្រូវជាចម្បងក្នុងការការពារអធិបតេយ្យភាពបូរណភាពដែនដី តាមបន្ទាត់ព្រំដែនចាប់ពីតំបន់ជប់រុន ដល់កំពង់ស្រឡៅ ។
នៅក្នុងឱកាសនោះលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញបានថ្លែងថា កងទ័ពដ៏អង់អាចក្លាហានរបស់យើងគឺជារបងដែកថែប និង ជានិមិត្តរូបនៃវីរភាពសម្រាប់ការពារបូរណភាពដែនដី ។ ថ្វីបើកម្ពុជាទទួលបានជោគជ័យទាំងការទូត ផ្លូវច្បាប់ និងយោធាក្តីតែការត្រៀមកម្លាំងការពារទឹកដីនៅតែបន្ត ព្រោះសត្រូវនៅតែចងចិត្តមហិច្ឆតាឈ្លានពាន ហើយយើងត្រូវតែអនុវត្តឱ្យបានម៉ឺងម៉ាត់តាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ។
អំណោយដែលលោកកែប ជុតិមា នាំយកទៅចែកជូនដល់ទាហាននាឱកាសនោះរួមមានអំណោយរបស់សម្តេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតដល់កងពលធំអន្តរាគមន៍លេខ៣ មានស័ង្កសី១មឺុនសន្លឹក ប្រេងមា៉ស៊ូត៥ពាន់លីត្រ។ ចំណែកឯអំណោយរបស់សាលារាជធានីភ្នំពេញ ថវិកា២០លានរៀល ត្រីងៀ៥០គីឡូក្រាម ប្រហុក៦៦គីឡូក្រាម ឆៃប៉ូវ៥០០គីឡូក្រាម សៀង៨១០គីឡូក្រាម ទឹកស៊ីអ៊ីវ១០០យួរ ទឹកត្រី១០០យួរ សម្រាប់អង្គភាពកងពលធំលេខ៣ទាំងមូល។ ចំណែកឯកងទ័ពចំនួន៥៥០នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ ក្រមា១ ថវិកា២ម៉ឺនរៀល និងជូនសាលាស្រុកជាំក្សាន្ត ថវិកា១លានរៀលផងដែរ ។
បន្ទាប់ពីសំណេះសំណាលចែកអំណោយ និងចុះហត្ថលេខារួច លោកកែប ជុតិមា និងប្រតិភូអមដំណើរក៏បានទៅជួបសំណេះសំណាល និងផ្តល់ថវិកាដល់កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ដែលកំពុងដំណើរការស្ថាបនាផ្លូវឡើងទៅកាន់ប្រាសាទព្រះវិហារ ។ បន្ទាប់មកក៏អញ្ជើញទៅទស្សនា និងដុតធូបបួងសួងនៅលើប្រាសាទព្រះវិហារ ព្រមទាំងសួរសុខទុក្ខក៏ដូចផ្តល់ថវិកាកំដរដៃដល់ឆ្មាំការពារនៅលើប្រាសាទរបស់អាជ្ញាធរជាតិព្រះវិហារផងដែរ៕
ចែករំលែកព័តមាននេះ