រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគ និងប៉ុស្តិ៍ផ្សារដេប៉ូទី ១ ខណ្ឌទួលគោក សហការគ្នាចាប់ខ្លួនកាលពីវេលាម៉ោង៩យប់ថ្ងៃទី៣១ កក្កដា នៅពេលធ្វើសកម្មភាពឆក់កាបូបពីជនជាតិអាមេរិកាំង នៅតាមមហាវិថីនេរុហ៍កែងផ្លូវលេខ២០៦ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក តែពុំបានសម្រេច។ ជនសង្ស័យដែលត្រូវចាប់ខ្លួន ១-ឈ្មោះហេង វិច្ឆិកា ហៅវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅកោះអណ្តែត ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ២-ឈ្មោះចាន់ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិព្នៅ ឃុំព្នៅ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
តាមព័ត៌មានពីមន្ត្រីសមត្ថកិច្ចខណ្ឌទួលគោកបានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគ និងប៉ុស្តិ៍ផ្សារដេប៉ូទី១ ដេញចាប់ខ្លួនបានជាក់ស្តែង បន្ទាប់ពីពួកគេជិះម៉ូតូម៉ាកស៊ុយស្សូគីវីវ៉ា ពណ៌ខ្មៅ ស៊េរី២០០៧ ពាក់ស្លាកលេខព្រៃវែង 1A-1295 ធ្វើសកម្មភាពឆក់កាបូបពីជនជាតិអាមេរិកាំងឈ្មោះ NATHAN STEWART ភេទប្រុស អាយុ២០ឆ្នាំ ជាភ្ញៀវទេសចរស្នាក់នៅផ្ទះជួលលេខ២០ ផ្លូវលេខ២១២ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក នៅតាមដងផ្លូវសាធារណៈ តែពុំបានសម្រេច ។
ប្រភពបន្តថា នៅមុនពេលកើតហេតុជនជាតិអាមេរិកាំងរូបនោះ បានជិះម៉ូតូកង់៣ចេញពីផ្សារឡាក់គី នៅម្តុំស្តុបពេទ្យចិនក្នុងគោលបំណងមកផ្ទះជួលវិញ ។ នៅពេលធ្វើដំណើរតាមវិថីនេរុហ៍ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កែងផ្លូវលេខ២០៦ ក្នុងសង្កាត់ផ្សារដើមគស្រាប់តែមានជនសង្ស័យ២នាក់បានធ្វើដំណើរមកអែបហើយធ្វើសកម្មភាពឆក់កាបូបពីជនជាតិអាមេរិកាំងរូបនេះ ក៏មានការប្រវាយប្រតប់គ្នាទៅវិញទៅមក ដោយចោរឆក់ពុំបានសម្រេចឡើយ ។
នៅក្នុងសកម្មភាពនេះអ្នករត់ម៉ូតូបានស្រែកចោរៗហើយត្រូវបានកម្លាំងប៉ូលិសប៉ុស្តិ៍ផ្សារដើមគជិះល្បាត រួមទាំងកម្លាំងប៉ូលិសប៉ុស្តិ៍ផ្សារដេប៉ូទី១ ដេញតាមចាប់ខ្លួនបាន២នាក់ ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿង៕
ចែករំលែកព័តមាននេះ