ខេត្តព្រះសីហនុ ៖ ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសប្លន់ចំនួនពីរនាក់ត្រូវបានកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣១ កក្កដា នៅចំណុចក្រុមទី២២ ភូមិ១(ភូមិដូង) សង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឈ្មោះគង់ ដារា ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្រុម១១ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានមុខរបរក្រឡុកស្រានៅសណ្ឋាគារកម្ពុជារីសត។
សមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋានក្រុងព្រះសីហនុបានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ម្នាក់ឈ្មោះសំ ពិសី ហៅរ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជាកម្មករសំណង់មានទីលំនៅកន្លែងចាប់ខ្លួន និងម្នាក់ទៀតឈ្មោះសូ សុខអាន ហៅអាន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅកន្លែងចាប់ខ្លួន។
យោងតាមពាក្យបណ្តឹងរបស់ឈ្មោះគង់ ដារា ជាម្ចាស់ម៉ូតូបានរៀបរាប់ឱ្យដឹងថា នៅយប់កើតហេតុវេលាម៉ោងប្រហែល២និង៣០នាទីខ្លួនបានជិះម៉ូតូម៉ាកហុងដាវេវ ពណ៌ក្រហម ស៊េរី២០០៨ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 1B-4430 ដឹកមិត្តស្រីរួមការងារចេញពីសណ្ឋាគារសំដៅមកផ្ទះនៅម្តុំកន្លែងកើតហេតុ។ ពេលត្រឡប់មកវិញឃើញជនពីរនាក់កាន់ដំបងក្នុងដៃឈរស្ទាក់ផ្លូវ ពេលនោះខ្លួនក៏បានផ្តួលម៉ូតូចោលរួចរត់យករួចខ្លួន បន្ទាប់មកក៏បានប្តឹងសមត្ថកិច្ច ឃាត់ខ្លួនជនទាំងពីរនាក់បាននៅវេលាម៉ោង៨ និង៣០នាទីព្រឹក រីឯម៉ូតូរកមិនទាន់ឃើញនៅឡើយទេ។
យោងតាមចម្លើយសារភាពរបស់ឈ្មោះសំ ពិសី ហៅរ៉ា បាននិយាយថា នៅវេលាម៉ោងប្រហែល២រំលងអធ្រាត្រថ្ងៃទី៣១ កក្កដា រូបគេ និងឈ្មោះសូ សុខអាន បានឃើញម៉ូតូមួយគ្រឿងជិះចូលទៅភូមិដូងកន្លែងដែលខ្លួនរស់នៅ មួយសន្ទុះក៏ឃើញត្រឡប់មកវិញ។ ពេលនោះរូបគេទាំងពីរនាក់បានទាញដំបងយកមកកាន់ឈរស្ទាក់ផ្លូវក្នុងគោលបំណងគំរាមយកម៉ូតូ តែមិនទាន់បានវាយប្លន់ផងម្ចាស់ម៉ូតូបានរត់ចោលម៉ូតូ ហើយពួកខ្លួនក៏បានជិះម៉ូតូចេញមកក្រៅភូមិបើកសំដៅមកម្តុំភ្នំខៀវ ដើម្បីយកទៅបញ្ចាំ តែគេមិនព្រមទទួលក៏ទុកម៉ូតូនោះចោលកណ្តាលផ្លូវរួចដើរមកផ្ទះវិញ ដោយមិនដឹងថា មានគេលួចបន្តទៀតឡើយ។
បច្ចុប្បន្នម៉ូតូដែលបាត់សមត្ថកិច្ចកំពុងតាមស្រាវជ្រាវស្វែងរក រីឯជនសង្ស័យទាំងពីរនាក់ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្ត៕
ចែករំលែកព័តមាននេះ