ខេត្តកណ្តាល ៖ ប៉ូលិសនៃអធិការដ្ឋានស្រុកអង្គស្នួល ខេត្តកណ្តាល បានរឹតបន្តឹងការល្បាត និងធ្វើការផ្សព្វផ្សាយដាស់តឿនជាប្រចាំដល់បងប្អូនប្រជាកសិករដែលជិះម៉ូតូទៅធ្វើស្រែឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចកុំឱ្យមានការបាត់បង់ មិនតែប៉ុណ្ណោះបានណែនាំឱ្យពួកគាត់ បើទុកម៉ូតូនៅផ្ទះបានសុំទុកនៅផ្ទះវិញមានសុវត្ថិភាពជាង មិនចាំបាច់ជិះទៅស្រែនោះឡើយ ។
ការផ្សព្វផ្សាយខាងលើបានធ្វើឡើងយូរមកហើយ ឱ្យតែដល់ពេលរដូវវស្សាមកដល់ ព្រោះនៅក្នុងស្រុកអង្គស្នួល មានប្រជាពលរដ្ឋភាគច្រើនជាង៩០ភាគរយជាកសិករ ។ ម្យ៉ាងទៀតសម័យនេះជាសម័យទំនើបពួកគាត់មួយចំនួនមានលទ្ធភាពទិញម៉ូតូល្អស៊េរីទំនើបៗជិះ ហើយពេលទៅធ្វើស្រែអ្នកដែលមានស្រែស្ថិតនៅឆ្ងាយពីផ្ទះបន្តិច បាននាំគ្នាជិះម៉ូតូទៅធ្វើការដកស្ទូងនៅវាលស្រែខុសប្លែកពីសម័យដើមដែលពួកគាត់ចេញពីផ្ទះទៅធ្វើស្រែ គឺថ្មើរជើង ឬក៏បររទេះគោប៉ុណ្ណោះ ។ ទាក់ទិនទៅនឹងបញ្ហានោះ គឺជាកង្វល់មួយសម្រាប់សមត្ថកិច្ចប៉ូលិសដែលជាអ្នកការពារសុវត្ថិភាព ព្រោះខ្លាចពេលដែលប្រជាពលរដ្ឋរវល់តែស្ទូងដកភ្លេចខ្លួនត្រូវចោរលួចយកម៉ូតូទៅបាត់មិនដឹងខ្លួន ឬចោរប្រដាប់អាវុធទៅភ្ជង់ប្លន់យកជាដើម ។
លោកមាន សំណាង អធិការប៉ូលិសស្រុកអង្គស្នួល បានឱ្យដឹងថា ឱ្យតែរដូវវស្សាមកដល់ប្រជាពលរដ្ឋមួយចំនួនធំចេញពីផ្ទះទៅធ្វើស្រែតែងតែជិះម៉ូតូគ្រប់ធុនដែលខ្លួនមាន ទៅទុកនៅវាលស្រែបញ្ឈរចោលឆ្ងាយពីខ្លួនដែលជាឱកាសល្អសម្រាប់ក្រុមចោរលួច ចោរប្លន់ធ្វើសកម្មភាព។ ដោយសារតែបញ្ហាបែបនេះ ទើបកន្លងមកក៏ដូចជាពេលនេះគណៈស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យអធិការដ្ឋានប៉ូលិសស្រុកគិតគូរពីបញ្ហាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋកុំឱ្យមានការបាត់បង់ ។
លោកមាន សំណាង បានបន្តទៀតថា ការផ្សព្វផ្សាយ និងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នកុំធ្វេសប្រហែសនោះ បានធ្វើឡើងជាប់ជាប្រចាំដោយលោកចាត់កម្លាំងក្រោមឱវាទចុះទៅផ្ទាល់តាមវាលស្រែផង និងជំរុញដល់អាជ្ញាធរភូមិគ្រប់ភូមិទាំងអស់ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងភូមិរបស់ខ្លួនផងដែរ។ មិនតែប៉ុណ្ណោះពេលនេះលោកកំពុងរៀបចំរថយន្តដាក់មេក្រូចេញប្រកាសផ្សព្វផ្សាយ និងប្រើកម្លាំងចេញល្បាតបន្ថែមទៀត ថ្វីដ្បិតតែមិនទាន់មានបញ្ហាបាត់បង់កើតឡើងមែន តែការប្រុងប្រយ័ត្នត្រូវតែមានគ្រប់ពេល ។ គួរកត់សម្គាល់ផងដែរថា សមត្ថកិច្ចនៅរាជធានីភ្នំពេញ តែងតែរឹតបន្តឹងនៅតាមបណ្តាទីផ្សារ ឬទីប្រជុំជននានា ចំណែកឯសមត្ថកិច្ចនៅតាមបណ្តាស្រុកខេត្តវិញ ដូចជាស្រុកអង្គស្នួលជាដើមរឹតបន្តឹងសន្តិសុខបង្កើនការល្បាតនៅតាមវាលស្រែ ប៉ុន្តែចំពោះប្រជាពលរដ្ឋហាក់បីដូចជាខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង គាត់មិនសូវគិតគូរពីរបស់ទ្រព្យខ្លួនឯងនោះទេ ដល់ពេលបាត់បង់ទើបឆោឡោគឺហួសពេលទៅហើយ ។ ទោះបីជាបែបណា សមត្ថកិច្ចប៉ូលិសស្រុកអង្គស្នួលបានសំណូមពរយា៉ងទទូចសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែប្រុងប្រយ័ត្នកុំធ្វេសប្រហែស ឬរវល់ស្ទូងដកភ្លេចខ្លួនឱ្យសោះ ម្យ៉ាងទៀតគួរតែដើរទៅវាលស្រែ និងទុកម៉ូតូនៅផ្ទះវិញទើបមានសុវត្ថិភាពជាង ។
ប្រជាកសិករម្នាក់នៅឃុំបែកចាន ស្រុកអង្គស្នួល បានឱ្យដឹងថា គាត់ពិតជាធ្លាប់បានទទួលនូវការណែនាំ និងផ្សព្វផ្សាយពីសំណាក់ប៉ូលិសនៃអធិការដ្ឋានស្រុកជាញឹកញាប់មកហើយ ហើយគាត់មានការខ្លាចញញើតចំពោះការបាត់បង់ណាស់ ប៉ុន្តែគាត់នៅតែជិះម៉ូតូទៅធ្វើស្រែ ព្រោះមិនហ៊ានទុកនៅផ្ទះខ្លាចបាត់ដែរ ដោយផ្ទះរបស់គាត់គ្មានអ្នកនៅចាំទើបបង្ខំចិត្តជិះយកទៅទុកនៅស្រែបែបនេះតែម្តង ហើយស្ទូងដកបណ្តើរមើលបណ្តើរ។ មន្ត្រីប៉ូលិសនិយាយថា ក្រុមចោរលួច ចោរប្លន់រង់ចាំមើលតែឱកាសល្អនឹងធ្វើសកម្មភាព ដូច្នេះគួរតែមានការប្រុងប្រយ័ត្ន ។ ម្យ៉ាងទៀតដើម្បីទប់ស្កាត់ឱ្យបានរាល់ការបាត់បង់ ពេលដែលមានការសង្ស័យណាមួយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ផ្តល់ព័ត៌មានជាបន្ទាន់ដល់ប៉ូលិសដើម្បីចេញបង្ក្រាបបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ