ខេត្តកំពង់ចាម ៖ កម្លាំងប៉ុស្តិ៍នគរបាលការពារចម្ការកៅស៊ូបឹងកេត សហការជាមួយនឹងកម្លាំងព្រហ្មទណ្ឌស្រុកស្ទឹងត្រង់ បានចេញប្រតិ
បត្តិការបង្ក្រាបជនសង្ស័យ១ក្រុមមានគ្នាចំនួន៥នាក់ ក្នុងនោះមានម្ចាស់ផ្ទះម្នាក់ផងដែរ ដែលកំពុងជក់គ្រឿងញៀននៅក្នុងផ្ទះមួយស្ថិតក្នុងភូមិ៥៦ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ កាលពីយប់ថ្ងៃទី២៩ កក្កដា ២០១១ ។ ក្រោយពីឃាត់ខ្លួនជនទាំង៥នាក់ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ ដើម្បីសួរនាំ និងចាត់ការបន្តតាមនីតិវិធីទៅសាលាដំបូងខេត្ត ។
តាមលោកវរសេនីយ៍ត្រី ជា ធារិទ្ធ អធិការនគរបាលស្រុកស្ទឹងត្រង់បានឱ្យដឹងថា កន្លងមកមានកម្លាំងមូលដ្ឋានបានរាយការណ៍ថា នៅផ្ទះរបស់បុរសឈ្មោះសន សុន អាយុ៥៤ឆ្នាំ ជាអតីតទាហានពិការជើងខាងឆ្វេង រស់នៅភូមិ-ឃុំខាងលើ តែងតែឱ្យក្មេងៗមកសំងំជក់ថ្នាំញៀនពពាក់ពពូនជាច្រើននាក់ទៀតផង ។ ក្រោយពីទទួលបានព័ត៌មាននេះ លោកក៏បានដាក់កម្លាំងនគរបាលឱ្យតាមឃ្លាំមើលជាប្រចាំ ។ លុះនៅយប់ថ្ងៃទី២៩កក្កដា ក៏ឃើញមានជនចំនួន៤នាក់រួមមាន ១-ឈ្មោះរ៉េត នឿន អាយុ២២ឆ្នាំ រស់នៅភូមិ៥៦ ឃុំព្រែកកក់ ២-ឈ្មោះមុំ រដ្ឋា ៣-ឈ្មោះងួន ភត្រា អាយុ២៤ឆ្នាំ ៤-ឈ្មោះប៉ោ ស៊ីណាត អាយុ២៦ឆ្នាំ មុខរបរជាជាងផ្សារដែក បាននាំគ្នាមកសំងំជក់ថ្នាំញៀននៅក្នុងផ្ទះរបស់
បុរសឈ្មោះសន សុន ។ ពេលនោះ លោកក៏បានចាត់កម្លាំងក្រោមឱវាទឱ្យចុះទៅជាបន្ទាន់ ដោយឡោមព័ទ្ធចាប់បានទាំង៥នាក់ រួម
ទាំងម្ចាស់ផ្ទះព្រមទាំងដកហូតបានវត្ថុតាងគឺប្រដាប់ជក់ទៀតផង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកទាំងយប់ ។
តាមជនឈ្មោះរ៉េត នឿន បានឆ្លើយសារភាពថា នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ កក្កដា ក្នុងខណៈពេលដែលក្រុមរបស់គេមានគ្នាចំនួន៤នាក់កំពុងសំងំជក់គ្រឿងញៀននៅក្នុងផ្ទះរបស់ឈ្មោះសុន ក៏ត្រូវកម្លាំងសមត្ថកិច្ចមកព័ទ្ធចាប់តែម្តង ។ ចំពោះថ្នាំញៀន១កញ្ចប់ គឺរូបគេទិញពីឈ្មោះណេង នៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ តម្លៃចំនួន៥ម៉ឺនរៀល ហើយខ្លួនធ្លាប់ជក់ថ្នាំញៀនចំនួន៤លើក ហើយរួមទាំងលើកនេះ ។ ចំណែកបុរសជាម្ចាស់ផ្ទះឈ្មោះសន សុន ឆ្លើយថា គាត់ធ្លាប់ជក់ថ្នាំញៀនជាមួយនឹងក្រុមជនទាំងនេះចំនួន២លើកមកហើយ ហើយចំពោះឥទ្ធិពលនៃថ្នាំញៀននោះពេលដែលជក់ម្តងៗ គឺមិនងងុយដេកនិងមានអារម្មណ៍សប្បាយ ។
លោកវរសេនីយ៍ត្រីសោម រស់ ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តថ្លែងថា ចំពោះវត្ថុតាងដែលរឹបអូសបាន គឺមានប្រដាប់ជក់ថ្នាំញៀនមួយសម្រាប់ រីឯថ្នាំញៀនវិញមិនមានទេព្រោះពួកនេះបាននាំគ្នាជក់អស់ទៅហើយ ហើយតាមបញ្ជារបស់លោកស្នងការខេត្ត គឺត្រូវបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ