រាជធានីភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា បានបង្កើនល្បឿនកសាង «សភាឌីជីថល» តាមរយៈការបំប៉នជំនាញបញ្ញាសប្បនិម្មិត (AI) ដល់មន្ត្រី ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារស្ថាប័ន នេះបើតាមការចេញផ្សាយរបស់បណ្តាញសង្គមរដ្ឋសភា ។
ប្រភពបានលើកឡើងថា ដើម្បីធ្វើឱ្យសម្រេចបានតាមទស្សនវិស័យកំណែទម្រង់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយស្ថាប័នរដ្ឋសភាទៅជា «រដ្ឋសភាឌីជីថល» អគ្គលេខាធិការដ្ឋានរដ្ឋសភាតាមរយៈនាយកដ្ឋានព័ត៌មាន បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការអនុវត្តបញ្ញាសប្បនិម្មិត (AI)» ជូនដល់មន្ត្រីជំនាញមកពីបណ្តាអង្គភាពនានា នៅសៀលថ្ងៃទី១៦ និង១៧ ខែមីនា ឆ្នាំ២០២៦ ។
វគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាលឌីជីថល ប្រកបដោយបរិយាបន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅប្រែក្លាយ AI ឱ្យទៅជា «ជំនួយការដ៏ឆ្លាតវៃ» សម្រាប់មន្ត្រីរដ្ឋសភា ។
ការប្រើប្រាស់ AI នៅទីនេះ មិនមែនដើម្បីជំនួសកម្លាំងមនុស្សឡើយ ប៉ុន្តែគឺដើម្បីជួយសម្រួលដល់ការវិភាគទិន្នន័យ ការរៀបចំឯកសារ និងការដោះស្រាយកិច្ចការងារស្មុគស្មាញឱ្យបានរហ័ស ចំណាយពេលតិច និងមានភាពសុក្រិតខ្ពស់ ។
វគ្គបណ្តុះបណ្តាលនេះ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយទៀតរបស់រដ្ឋសភាកម្ពុជា ក្នុងការធ្វើទំនើបកម្មស្ថាប័នឱ្យដើរទាន់សម័យកាលឌីជីថល ដើម្បីបម្រើសេវាជូនតំណាងរាស្ត្រ និងប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុត ។
នៅក្នុងវគ្គបណ្តុះបណ្តាល ដែលបែងចែកជាពីរដំណាក់កាលនេះ សិក្ខាកាមប្រមាណជាង ៩៦នាក់ នឹងទទួលបាននូវចំណេះដឹង និងការអនុវត្តជាក់ស្តែងលើចំណុចសំខាន់ៗ រួមមាន ៖
ទី១.ការប្រើប្រាស់ឧបករណ៍ AI កំពុងពេញនិយម៖ សិក្សាពីរបៀបប្រើប្រាស់ Gemini, ChatGPT និង Claude ដើម្បីសរសេររបាយការណ៍ បកប្រែភាសា និងស្រាវជ្រាវឯកសារច្បាប់។
ទី២.ក្រមសីលធម៌ និងសុវត្ថិភាពទិន្នន័យ៖ ការយល់ដឹងពីហានិភ័យ និងការរក្សាការណ៍សម្ងាត់នៃព័ត៌មានផ្លូវការ ដែលជាចំណុចដ៏វិសេសវិសាលក្នុងការប្រើប្រាស់ប្រព័ន្ធអនឡាញក្នុងស្ថាប័នរដ្ឋ។
និងទី៣.ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីផ្សារភ្ជាប់ទំនាក់ទំនងការងារជាមួយសភាបណ្តាប្រទេសនានាក្នុងបរិបទសកលភាវូបនីយកម្ម។
សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយអ្នកជំនាញផ្នែកបច្ចេកវិទ្យា ដែលដំណាក់កាលទីមួយប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ហើយដំណាក់កាលទីពីរនឹងបន្តធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ៕


ចែករំលែកព័តមាននេះ