ខេត្តស្វាយរៀង ៖ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំថ្នាធ្នង់ បានប្រាប់អ្នកសារព័ត៌មានយើងថា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៦និង៣០នាទីព្រឹក មានស្ត្រីម្នាក់ឈ្មោះ ពៅ យាត អាយុ៣៩ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលថ្នាធ្នង់ ថាកូនស្រី និងក្មួយរបស់គាត់ បានបាត់ខ្លួនអស់រយៈពេល០២ថ្ងៃមកហើយ មិនឃើញត្រឡប់មកផ្ទះវិញទេ ។
ស្ត្រីឈ្មោះ ពៅ យាត បន្តថា កូនរបស់គាត់ឈ្មោះ រ័ត្នផា គឹមឡាង ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិថ្មី ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង និងក្មួយរបស់គាត់ឈ្មោះ ម៉ៅ សុផល ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ក្មេងស្រីទាំងពីរនាក់ បានចេញពីផ្ទះកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៥និង២០នាទីរសៀល រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ពុំឃើញត្រឡប់មកផ្ទះវិញទេ ។
ប្រភពបន្តទៀតថា ដោយយកសម្ភារៈទៅជាមួយរួមមាន ៖ ម៉ូតូ០១គ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ឡើងតែមឆ្នាំ២០២២ ថែមទាំងទូរសព្ទដៃម្នាក់មួយគ្រឿង ។
បច្ចុប្បន្ន ក្រុមគ្រួសារ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលថ្នាធ្នង់ កំពុងធ្វើការស្រាវជ្រាវ ។ បើបងប្អូនណា បានប្រទះឃើញក្មេងស្រីដូចរូបភាពខាងក្រោម មេត្តាជួយផ្តល់ដំណឹងមកសមត្ថកិច្ចស្រុករំដួល ដោយក្តីអនុគ្រោះ ៕

ចែករំលែកព័តមាននេះ