ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​ចិន រួម​គ្នា​ជំរុញ​ប្រសិទ្ធភាព​បោសសម្អាត​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា

1 អាទិត្យ មុន

រាជធានីភ្នំពេញ ​៖ លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ហៅ​កាត់​ថា គ​.​ប​.​ឆ​.​ប​. នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ បាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​សម្ភារៈ​បច្ចេកទេស ដែល​ផ្តល់​ជូន​ដោយ​ក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន…

រាជធានីភ្នំពេញ ​៖ លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ហៅ​កាត់​ថា គ​.​ប​.​ឆ​.​ប​. នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ បាន​រៀបចំ​ពិធី​ប្រគល់​-​ទទួល​សម្ភារៈ​បច្ចេកទេស ដែល​ផ្តល់​ជូន​ដោយ​ក្រសួង​សន្តិសុខ​សាធារណៈ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាម​រយៈ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា សម្រាប់​រួមចំណែក​គាំទ្រ​ដល់​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា Online Scams ​។

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ទេស​រដ្ឋមន្ត្រី អនុប្រធាន​ប្រចាំការ គ​.​ប​.​ឆ​.​ប​. និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​ប​.​ឆ​.​ប​. បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​មិត្ត​ចិន ដែល​បាន​ផ្តល់​សម្ភារ​សម្រាប់​បម្រើ​ឱ្យ​ប្រតិបត្តិ​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ក្នុង​ក្រប​ខណ្ឌ ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។ ការ​គាំទ្រ​នេះ ជា​សក្ខីភាព​មួយ​បង្ហាញ​ពី​មិត្តភាព​ដែកថែប​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ការ​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល​ក្នុង​យុគសម័យ​ថ្មី ​។

ឯកឧត្តម​សន្តិ​បណ្ឌិត​បាន​បញ្ជាក់​ថា ក្រោម​ការ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​កម្ពុជា រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ នូវ​វិធានការ​ក្តៅ​ជា​បន្តបន្ទាប់ ដើម្បី​បោសសម្អាត​បទល្មើស Online Scams ឱ្យ​អស់ពី​កម្ពុជា​។ ជាក់ស្តែង ខណៈ​យុទ្ធនាការ​បង្ក្រាប បោសសម្អាត​ការ​ឆបោក​អន​ឡាញ​កំពុង​បន្ត​នៅ​ទូ​ទាំង​ប្រទេស សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​ត្រូវ​បាន​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​អនុម័ត​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ និង​កំពុង​បន្ត​នីតិវិធី នឹង​ក្លាយជា​មូលដ្ឋាន​ច្បាប់​ដ៏​រឹង​មាំ​ក្នុង​ការ​ទប់ស្កាត់ បង្ក្រាប និង​បោសសម្អាត​ពី​កម្ពុជា​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ដូច្នេះ​ថា​៖ «​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ជា​បញ្ហា​តំបន់ និង​សកលលោក​មាន​លក្ខណៈ​ស្មុគស្មាញ​ប្រទាក់ក្រឡា ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​នេះ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​» ។ ក្នុង​ន័យ​នេះ​សមត្ថកិច្ច​កម្ពុជា​-​ចិន បាន​និង​កំពុង​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​ការងារ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​នានា ជា​ពិសេស​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ដើម្បី​ធានា​បាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ក៏​ដូច​ជា​ក្នុង​តំបន់​ទាំងមូល​» ។

ឯកឧត្តម​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្នុង​ក្រប​ខណ្ឌ​អន្តរជាតិ រាជរដ្ឋាភិបាល​កម្ពុជា បាន​និង​កំពុង​អនុវត្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អន្តរជាតិ​ជា​ច្រើន ដើម្បី​ប្រយុទ្ធ​ប្រឆាំង និង​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ ក្នុង​នោះ​មិត្ត​ចិន​ជា​ដៃគូ​ដ៏​ទុកចិត្ត​របស់​កម្ពុជា​។ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​សន្តិ​បណ្ឌិត ឆៃ ស៊ី​ណា​រិ​ទ្ធ ក៏​បាន​ជម្រាប​ជូន​អង្គពិធី​ទាំងមូល​ផង​ដែរ​ថា ក្នុង​ក្រប​ខណ្ឌ​នៃ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​អន្តរជាតិ ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​និង​បង្ក្រាប​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្នុង​ពេល​ខាង​មុខ​នេះ ក្នុង​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ និង​ចែករំលែក​បទ​ពិសោធន៍ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋ​ឆបោក​អន​ឡាញ​។ ការ​រៀបចំ​នេះ​ជា​ការ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​ឥត​ងាករេ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់ បង្ក្រាប និង​បោសសម្អាត​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នេះ​កុំឱ្យ​មាននៅ​កម្ពុជា និង​លើ​សកលលោក​។ ក្នុង​ឱកាស​នោះ ឯកឧត្តម វ៉ាង វិ​ន​ពី​ន ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​ផ្តល់​សម្ភារៈ​បច្ចេកទេស របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន ជូន​ដល់​ភាគី​កម្ពុជា​នេះ នឹង​ជួយ​គាំទ្រ​ដល់​ដល់​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជោគជ័យ​។

ឯកឧត្តម​បាន​កោតសរសើរ​ចំពោះ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រោយ​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា សមត្ថកិច្ច​កម្ពុជា ពិសេស​ប្រតិបត្តិការ​ក្នុង​បណ្តា​រាជធានី​-​ខេត្ត​ទូ​ទាំង​ប្រទេស​បាន​ធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស ដោយ​បាន​ចុះ​ត្រួតពិនិត្យ និង​បើក​ប្រតិបត្តិការ​បង្ក្រាប​យ៉ាង​ក្តៅ​គគុក​តាម​កន្លែង​គោលដៅ​ជា​ច្រើន​។ ជា​លទ្ធផល បាន​កម្ទេច​គោលដៅ​បង្កប់​បទល្មើស​ជា​ច្រើន​កន្លែង និង​ចាប់ខ្លួន​ជនសង្ស័យ​ជា​ច្រើន​នាក់​។

ឯកឧត្តម​ក៏​បាន​មាន​ប្រសាសន៍​កត់សម្គាល់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ត​អនុវត្ត​ការ​ត្រួតពិនិត្យ​តាម​គោលដៅ​នានា​យ៉ាង​ហ្មត់ចត់ និង​ជំរុញ​យុទ្ធនាការ​បោសសម្អាត​ជា​បន្តបន្ទាប់​។ ក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ចិន​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ ការ​បង្កើត ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​រឹង​មាំ​របស់​កម្ពុជា​ក្នុង​ការ​លុប​បំបាត់​បទល្មើស​នេះ​ឱ្យ​អស់ពី​ឫសគល់​។ ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា​៖ «​យើងខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​វិធានការ​ប្រកបដោយ​ប្រសិទ្ធភាព និង​សមិទ្ធផល​ដែល​សម្រេច​បាន​ដោយ គ​.​ប​.​ឆ​.​ប​. និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​» ។

ឯកឧត្តម​បន្ត​ថា កម្ពុជា​-​ចិន​ជា “​មិត្ត​ដែកថែប​” តែងតែ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ កន្លង​មកនេះ ភាគី​ចិន​បាន បញ្ជូន​យន្តហោះ​មក​ទទួលយក​ជនជាតិ​ចិន​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ឆបោក​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​។ ការ​ផ្តល់​ជំនួយសម្ភារៈ​នា​ពេល​នេះ គឺជា​ភស្តុ​តាង​មួយទៀត​នៃ​ការ​អនុវត្ត​តាម​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​ប្រធាន​រដ្ឋ​ចិន ស៊ី ជិន​ភីង កាលពី​ខែមេសា ឆ្នាំ​២០២៥ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រួម​គ្នា ក្នុង​ការ​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នេះ​។ ឯកឧត្តម​វ៉ាង វិ​ន​ពី​ន​បាន​បញ្ជាក់​ថា ភាគី​ចិន​មាន​ឆន្ទៈ​បន្ត​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា ក្នុង​ការ​ស៊ើបអង្កេត​រួម​គ្នា​លើ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន គោលដៅ​រួម​គឺ​ដើម្បី​លុប​បំបាត់ “​មហារីក​” នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ឱ្យ​អស់ពី​ទឹកដី​កម្ពុជា ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន និង​បង្កើត​បរិយាកាស​ល្អ​សម្រាប់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​។

សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្ដេជ្ញា​ចិត្ត​បោសសម្អាត​ឱ្យ​អស់​នូវ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ចេញពី​កម្ពុជា​នៅ​ត្រឹម​ខែមេសា​ឆ្នាំ​២០២៦ ។ សម្តេច​ធិ​បតី​បាន​បញ្ជាក់​ថា កម្ពុជា​មិនមែន​ជា​កន្លែង​សម្រាប់​ឧក្រិដ្ឋជន​បច្ចេកវិទ្យា​ប្រើប្រាស់​ក្នុង​ការ​ប្រព្រឹត្ត​ការ​ឆបោក ឬ​បទល្មើស​ឆ្លង​ដែន​ឡើយ​។ រាល់​បុគ្គល ឬ​អង្គភាព​ទាំងឡាយ​ណា​ដែល​នៅ​ពីក្រោយ​សកម្មភាព ឆបោក​ទាំងនេះ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ទោសទណ្ឌ​ខ្ពស់​បំផុត​ដោយ គ្មាន​ការ​យោគយល់ ឬ​ការ​អន្តរាគមន៍​ណាមួយ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ