រាជធានីភ្នំពេញ ៖ នៅយប់ ថ្ងៃទី១៤ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និងខណ្ឌមានជ័យ បានធ្វើការឆ្មក់បង្ក្រាប ក្រុមក្មេងទំនើងចំនួន ១៤នាក់ និងម៉ូតូចំនួន ១៤គ្រឿង ដែលបានកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ នៅចំណុច ភូមិ០១ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បន្ទាប់ពីបានព្រមាន និងអប់រំណែនាំរួច កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យម្ចាស់ម៉ូតូ ធ្វើកិច្ចសន្យាបញ្ឈប់ការកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស បង្កការរំខានដល់សាធារណជនតទៅទៀត ចំណែកម៉ូតូទាំង ១៤គ្រឿង ក្នុងនោះ ១១គ្រឿង បានដកហូតរក្សាទុកជាបណ្តោះអាសន្ន នៅមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ និង០៣គ្រឿងរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ៕


ចែករំលែកព័តមាននេះ