ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ពិភាក្សា​លើ​លទ្ធភាព​ពង្រីក​ទីផ្សារ​ការងារ ការ​អភិវឌ្ឍ​ជំនាញ និង​ការ​ធ្វើ​សមាហរណកម្ម​ អតីត​ពលករ​ពី​ប្រទេស​ថៃ

3 ម៉ោង មុន

រាជធានី​ភ្នំពេញ​៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Jochen M….

រាជធានី​ភ្នំពេញ​៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក Jochen M. Schmittmann តំណាង​ប្រចាំ​តំបន់​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) សម្រាប់​កម្ពុជា ឡាវ និង​វៀតណាម និង​សហការី នា​ថ្ងៃ​ចន្ទ ទី​៩ ខែមីនា ឆ្នាំ​២០២៦ នៅ​ទីស្តីការក្រសួង ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ការងារ ផ្លាស់​ប្តូរ​យោបល់​លើ​ការ​ស្រូប​ទាញ​កម្លាំង​ពលកម្ម ការ​អភិវឌ្ឍ​ជំនាញ ជា​ពិសេស ការ​ធ្វើ​សមាហរណកម្ម​ពលករ​ទេសន្តរប្រវេសន៍​មក​ពី​ប្រទេស​ថៃ​ ។

នា​ឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ច​សន្ទនា​ជា​បន្តបន្ទាប់​ប្រកបដោយ​ភាព​ស្ថាបនា​របស់ IMF ជាមួយ​កម្ពុជា និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួប​ដែល​ពិភាក្សា​ផ្លាស់​ប្តូរ​ទស្សនៈ​ពី​បច្ចុប្បន្នភាព​ស្ថានភាព​ទីផ្សារ​ការងារ តម្រូវការ​ជំនាញ និង​កម្លាំង​ពលកម្ម ព្រមទាំង​ទស្សនវិស័យ​នៃ​ការងារ​នា​ពេល​ខាង​មុខ ចំពោះ​អតីត​ពលករ​ដែល​វិល​ត្រឡប់​មក​វិញ ដោយ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ការ​ពិភាក្សា​នៅ​ថ្ងៃនេះ​មាន​សារៈសំខាន់ និង​ទាន់​ពេលវេលា ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​បន្ត​ពង្រឹង​ភាព​ធន់​នៃ​ទីផ្សារ​ការងារ និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​អភិវឌ្ឍ​ជំនាញ និង​ប្រព័ន្ធ​ផ្គូផ្គង​ការងារ ​។

ទន្ទឹម​នឹង​នេះ ឯកឧត្ដម ហេង សួរ បាន​លើក​ឡើង​ពី​កិច្ច​អន្តរាគមន៍​យ៉ាង​ទាន់​ពេលវេលា​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ជា​សេនាធិការ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បាន​ផ្តោត​លើ​ការ​ផ្តល់​សេវាកម្ម​ទីផ្សារ​ការងារ​ជាក់ស្តែង​សំខាន់​ៗ ដូច​ជា ការ​ពង្រឹង​តួនាទី​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) ក្នុង​ការ​ប្រមូល​ព័ត៌មាន​នៃ​ឱកាស​ការងារ​ពី​និយោជក ហើយ​ផ្សព្វផ្សាយ​ឱកាស​ការងារ តាម​រយៈ​ការ​បើក​ដំណើរការ​លេខ​ទូរស័ព្ទ ១២៩៧ និង​បណ្តាញ​សង្គម ព្រមទាំង​ការ​រៀបចំ​វេទិកា​ការងារ និង​ពិព័រណ៍​ការងារ​នៅ​តាម​មូលដ្ឋាន ជា​ពិសេស​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ សម្រាប់​អតីត​ពលករ ជាមួយ​ការ​ផ្តល់​ព័ត៌មាន​ពី​របប​សន្តិសុខ​សង្គម និង​ជម្រើស​បណ្តុះបណ្តាល​ជំនាញ​ផង​ដែរ ។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏​បាន​ផ្តល់​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស TVET ដល់​ពួក​គាត់ ក៏​ដូច​ជា​យុវជន​ពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ឱ្យ​ទទួល​បាន​ជំនាញ​ពិតប្រាកដ​ក្នុង​រយៈពេល​ខ្លី និង​ឆាប់​ទទួល​បាន​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ បន្ថែម​ពី​នេះ ដើម្បី​ចូលរួម​អភិវឌ្ឍ​ជំនាញ និង​លើកទឹកចិត្ត​ដល់​អតីត​ពលករ ក្រសួង​ក៏​បាន​ផ្តល់​ឱកាស​ធ្វើតេស្ត​ទទួលស្គាល់​សមត្ថភាព​ដែល​មាន​ពី​មុន (RPL) ដោយ​ឥត​គិតថ្លៃ លើ​មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ជាដើម​ ។

ជា​ការ​ឆ្លើយ​តប លោក Jochen M. Schmittmann បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ដល់ ឯកឧត្ដម​រដ្ឋមន្ត្រី ចំពោះ​ការ​ចែករំលែក​ពី​យន្តការ​អន្តរាគមន៍ ការ​ធ្វើ​សមាហរណកម្ម ក៏​ដូច​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​ពី​ស្ថានភាព​អតីត​ពលករ​ពី​ប្រទេស​ថៃ ហើយ​ទិន្នន័យ​ច្បាស់លាស់​ទាំងនេះ​ពិតជា​មាន​សារៈសំខាន់​សម្រាប់ IMF ​។

ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​យ៉ាង​មុតមាំ​ថា IMF នឹង​បន្ត​ភាព​ជា​ដៃគូ​ជួយ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង IMF បន្ថែម​ទៀត ដើម្បី​ចូលរួម​ចំណែក​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ ៕ អត្ថបទសហការ