ប្រទេសជប៉ុន ៖ ក្រុមហ៊ុន IKEA បានលក់តុក្កត្តារូបស្វាអូរ៉ង់អ៊ូតង់ Djungelskog ដាច់អស់ពីស្តុក ដោយ លក់រាយឥឡូវនេះនៅលើគេហទំព័រ eBay កើនលើសតម្លៃដើម ២០ ដុល្លារដល់ទៅជាង ១០ ដង ពោលដល់តម្លៃ ៣៥០ ដុល្លារឯណោះ។ ស្របពេលដែលតុក្កតានេះ បានក្លាយជាវត្ថុដ៏គួរឱ្យចង់បានពីអ្នកគ្រប់គ្នាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីវាបានដើរតួយ៉ាងសំខាន់នៅក្នុងរឿងរ៉ាវដ៏សោកសង្រេង និងអាណិតអាសូរបំផុតអំពីកូនស្វាដែលត្រូវស្វាផ្សេងទៀតធ្វើបាបនៅសួនសត្វមួយក្នុងទីក្រុងអ៊ីឈីកាវ៉ា (Ichikawa) ខេត្តឈីបា (Chiba) ប្រទេសជប៉ុន។
Punch គឺជាឈ្មោះកូនស្វាពូជម៉ាកាក (Macaque) កំព្រាអាយុ ៧ ខែ ហើយក៏ជាចំណុច ផ្តើមធ្វើឱ្យតុក្កត្តាស្វាអូរ៉ង់អ៊ូតង់ Djungelskog របស់ក្រុមហ៊ុនស៊ុយអែត IKEA លក់ផ្តាច់ភ្លូកទឹកភ្លូកដី។ រឿងរ៉ាវកើតឡើង បន្ទាប់ពី Punch ត្រូវបានមេវាបោះបង់ចោល ហើយនៅពេល Punch ព្យាយាមទៅជិតស្វាដទៃទៀតក្នុងទ្រុងជាមួយគ្នាដើម្បីទទួលបានភាពកក់ក្តៅនោះ Punch តែងតែត្រូវបានស្វាទាំងនោះដេញធ្វើបាប បន្ទាប់មកវាក៏រត់ទៅឱបក្រសោបតុក្កតា Djungelskog ជំនួសមេ។
រូបថត និងវីដេអូដ៏កក់ក្តៅរបស់ Punch នៅពេលលេងជាមួយតុក្កតា Djungelskog បានផ្ទុះឡើងលើបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានទូទាំងពិភពលោកភ្លាមៗ ដែលជំរុញឱ្យតុក្កត្តាស្វាអូរ៉ង់អ៊ូតង់សម្រាប់ក្មេងលេងនេះលក់ដាច់អស់នៅបណ្តាហាងរបស់ IKEA ទាំងអស់នៅសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។
យោងតាមប្រភពពីបណ្តាប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា Punch បានចាត់ទុកតុក្កតា Djungelskog ជាមេដែលវាមិនធ្លាប់មានពីមុន ដូចជាដេក ស៊ីចំណី និងលេងជាមួយ។ ការដែលយកតុក្កតាធ្វើជាមេនេះ មិនត្រឹមតែធ្វើឱ្យបុគ្គលិកនៅសួនសត្វសង្វេគអាណិតអាសូរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញប្រជាជនទូទាំងប្រទេសជប៉ុន និងពិភពលោកផងដែរ។ កាលពីសប្តាហ៍មុន លោកស្រី Petra Fare ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ IKEA នៅជប៉ុន បានទៅដល់សួនសត្វ Ichikawa City ដើម្បីបរិច្ចាគប្រដាប់ក្មេងលេងស្វា Djungelskog ជាច្រើនទៅឱ្យ Punch ដើម្បីកុំឱ្យវាឱបក្រសោបតុក្កតាតែមួយ។ ទន្ទឹមនឹងនេះដែរ អ្នកទេសចររាប់ពាន់នាក់បានសម្រុកទៅកាន់សួនសត្វ Ichikawa ជារៀងរាល់ថ្ងៃ ដោយបានតម្រង់ជួររង់ចាំចូលទៅមើល Punch ដោយផ្ទាល់តែម្តង។
បើតាមអ្នកជំនាញផ្នែកសត្តវិទ្យានៅសាកលវិទ្យាល័យជាតិអូស្ត្រាលី បានពន្យល់ថា ការបោះបង់ចោលបែបនេះ គឺជារឿងកម្រ ប៉ុន្តែអាចកើតឡើងក្រោមលក្ខខណ្ឌមួយចំនួន ពាក់ព័ន្ធនឹងអាយុ សុខភាព និងកង្វះបទពិសោធន៍ជាកត្តាដែលអាចកើតមាន។ ដូចករណី Punch មេរបស់វាមានកូនលើកដំបូង ដែលបង្ហាញពីកង្វះបទពិសោធន៍។
ដោយឡែក អ្នកថែរក្សាសួនសត្វក៏បានពន្យល់ថា Punch បានកើតអំឡុងពេលអាកាសធាតុក្តៅ ដែលជាបរិយាកាសស្ត្រេសខ្ពស់ ហើយក្នុងបរិយាកាសដែលការរស់រានមានជីវិតត្រូវបានគំរាមកំហែងពីភាពតានតឹងខាងក្រៅ មេរបស់វាអាចផ្តល់អាទិភាពលើសុខភាពផ្ទាល់ខ្លួន និងការបន្តពូជនាពេលអនាគត ជាជាងបន្តថែទាំកូន។ ដូច្នេះហើយ បន្ទាប់ពីមេរបស់ Punch បោះបង់វាចោល អ្នកថែរក្សាសួនសត្វបានយកតុក្កត្តាស្វាអូរ៉ង់អ៊ូតង់ឱ្យ Punch បន្ទាប់ពីបានសាកល្បងជម្រើសផ្សេងទៀត ប៉ុន្តែគ្មានប្រសិទ្ធិភាព៕ ប្រភព ៖ New York Post និង The Guardian







ចែករំលែកព័តមាននេះ