ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សានុសិស្ស​មក​ពី​គ្រួសារ​វីរ​កងទ័ព និង​កុមារ​កំព្រា ៣២០​នាក់ ​ទទួល​អំណោយ​សប្បុរសធម៌​ របស់ ឯកឧត្តម ហេង សួរ ដើម្បី​លើកទឹកចិត្ត​ ដល់​ការ​សិក្សា

7 វិនាទី មុន

រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ…

រាជធានីភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមការងារ​ រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចែក​សម្ភារ​សិក្សា និង​កម្មវិធី​អប់រំ​តាម​បែប​ព្រះពុទ្ធ​សាសនា ជូន​ដល់​សិស្សានុសិស្ស​មក ​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​វីរ​កងទ័ព​ចំនួន ៣២០​នាក់​ ។

ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ នៅ​ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន ដោយ​មានការ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ប៉ែន វិបុល រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​ ។

ក្នុង​ឱកាស​សំណេះសំណាល​នោះ ឯកឧត្តម សោម ចំណាន បាន​នាំ​មក​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ និង​បាន​លើកទឹកចិត្ត​ដល់​ក្មួយ​ៗ​ សិស្សានុសិស្ស​ទាំងអស់ ឱ្យ​ខិតខំ​ក្រេបជញ្ជក់​ចំណេះវិជ្ជា ដើម្បី​ក្លាយ​ខ្លួន​ជា​ទំពាំង​ស្នង​ឫស្សី​ដ៏​ល្អ​ សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម​ជាតិ​នា​ពេល​អនាគត ​។ ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​ចែក​អំណោយ​នា​ពេល​នេះ គឺជា​ស្មារតី​នៃ​ការ​ចែករំលែក និង​ការ​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព ​ដល់​គ្រួសារ​សិស្សានុសិស្ស​ដែល​កំពុង​ជួប​ការ​លំបាក ក៏​ដូច​ជា​កូនចៅ​វីរ​កងទ័ព​ ដែល​កំពុង​ឈរជើង​ការពារ​ទឹកដី​ នៅ​សមរភូមិ​មុខ ​។

ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម ប៉ែន វិបុល ក៏​បាន​បញ្ជ្រាប​នូវ​សារ​អប់រំ​ផ្លូវចិត្ត​ តាម​បែប​សាសនា ក្នុង​គោលបំណង​បណ្តុះ​ស្មារតី​ ឱ្យ​សិស្សានុសិស្ស​ប្រកាន់ខ្ជាប់​នូវ​សីលធម៌ គុណធម៌ និង​ការ​គោរព​ដឹងគុណ ដើម្បី​ក្លាយជា​កូន​ល្អ សិស្ស​ល្អ និង​ជា​ប្រជាពលរដ្ឋ​គំរូ​ក្នុង​សង្គម ​។

តាម​របាយការណ៍​របស់​លោកនាយក ​សាលា​បឋម​សិក្សា​ជម្ពូ​វ័ន បានឱ្យ​ដឹង​ថា សិស្សានុសិស្ស​ដែល​ទទួល​បានការ​ឧបត្ថម្ភ​ទាំង ៣២០​នាក់​នោះ រួម​មាន កូន​វីរ​កងទ័ព​ដែល​កំពុង​ឈរជើង​ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ចំនួន ៦៦​នាក់​, សិស្ស​ភៀស​សឹក ២២​នាក់​, កូនកំព្រា​ទាំង​ឪពុក​ម្តាយ ១៨​នាក់​, កូនកំព្រា​ឪពុក ៤៨​នាក់​, កូន​កំព្រាម្តាយ ៣០​នាក់ និង​សិស្ស​ដែល​មាន​ជីវភាព​ខ្វះខាត​ចំនួន ១៣៦​នាក់​ផ្សេង​ទៀត ​៕ អត្ថបទសហការ