ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ​៖ ផ្តល់​អនុសាសន៍ ៩​ចំណុច​ដល់ ប​.​ស​.​ស​. ដើម្បី​ពង្រឹង​កិច្ចសហការ និង​ធ្វើ​ទំនើប​កម្ម​សេវា​ឌី​ជី​ថ​ល​ ឱ្យ​រក្សា​បាន​នូវ “​និមិត្តរូប​សុខភាព​” សម្រាប់​មន្ត្រីរាជការ កម្មករនិយោជិត និង​ប្រជាពលរដ្ឋ

40 វិនាទី មុន

​រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)…

​រាជធានី​ភ្នំពេញ​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ក្នុង​ឆ្នាំ​២០២៥ ប​.​ស​.​ស​. បាន​បន្ត​រក្សា​នូវ “​ដង្ហើម​នវានុវត្តន៍​” នេះ ដើម្បី​ក្លាយជា​បង្អែក​សន្តិសុខ​សង្គម​ដ៏​រឹង​មាំ ទំនើប និង​ផ្តល់​ភាព​កក់ក្តៅ​ជូន​មន្ត្រីរាជការ កម្មករនិយោជិត និង​ប្រជាពលរដ្ឋ ដោយ​ឈរ​លើ​ស្មារតី “​មិន​បោះបង់​ពលរដ្ឋ​ណា​ម្នាក់​” ដែល​ជា​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី និង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ថ្លែង​បែប​នេះ ក្នុង​ពិធី​បិទ “​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៦ របស់ ប​.​ស​.​ស​.” នា​រសៀល​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ទីស្នាក់ការ​កណ្តាល ប​.​ស​.​ស​. ដោយ​បាន​គូសបញ្ជាក់​បន្ថែម​ថា ការ​ពង្រីក​វិសាលភាព និង​ប្រសិទ្ធភាព​នៃ​របប​សន្តិសុខ​សង្គម នៅ​តែ​ជា​បេសកកម្ម​ស្នូល​របស់ ប​.​ស​.​ស​. ស្រប​តាម​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ២០២៤-២០៣៥ យុទ្ធសាស្ដ្រ​ជាតិ​ស្ដី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨ និង​ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្ដប់​សុខភាព​ជាស​កល​នៅ​កម្ពុជា​ឆ្នាំ​២០២៤-២០៣៥ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​លើកយក​ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី មក​បញ្ជាក់ ប​.​ស​.​ស​. ថា ជា “​និមិត្តរូប​សុខភាព​” សម្រាប់​ការ​រីក​ចម្រើន​របស់​ប្រជាជន ដែល​បាន​ជួយ​កាត់​បន្ថយ​បន្ទុក​ចំណាយ និង​ពង្រឹង​ស្ថិរភាព​ចំណូល ​។ ការ​ដាក់​ឱ្យ​ដំណើរការ ប​.​ស​.​ស​. ទាំង ៣​ផ្នែក (​ហានិភ័យ​ការងារ ថែទាំ​សុខភាព និង​ប្រាក់​សោធន​) ពិតជា​ជួយ​សម្រាល​បន្ទុកគ្រួសារ​ដោយ “​បងប្អូន​រែក តែ​មិន​ទូល​” ដូច​ពី​អតីតកាល ដែល “​បងប្អូន​រែក​ផង និង​ទូល​ផង​” នៅ​ក្នុង​ន័យ​ថា បន្ទាប់​ពី​ធ្វើការ​នៅ​សហគ្រាស ក្រុមហ៊ុន រោងចក្រ រហូត​ដល់​វ័យ​ចូល​និវត្តន៍ បងប្អូន​នឹង​ទទួល​បាន​ប្រាក់​សោធន ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ខ្លួនឯង​ផ្ទាល់ ដោយ​មិន​ចាំបាច់​ត្រូវ​រស់ នៅ​ក្រោម​ការ​ទំនុកបម្រុង​របស់​កូនចៅ​ដូច​សម័យ​មុន​នោះ​ទេ ​។

ក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​អង្គសន្និបាត ដែល​បាន​ចំណាយ​ទាំង​ពេលវេលា និង​ថាមពល​ក្នុង​រយៈពេល ២​ថ្ងៃ​មកនេះ ក្នុង​ការ​ពិភាក្សា​យ៉ាង​ផុសផុល និង​ផ្តល់​ធាតុ​ចូល​ដ៏​សំខាន់ ដែល​ជា​ច្រក​មួយ​សម្រាប់​ពង្រឹង​ដំណើរការ​វិស័យ ប​.​ស​.​ស​. ក្នុង​ការ​ផ្តល់​ការ​ការពារ​សិទ្ធិ អត្ថប្រយោជន៍ និង​កិច្ច​គាំពារ រួម​ទាំង​ការ ​ផ្តល់​នូវ​សេវា​នានា​ជូន​ប្រជាពលរដ្ឋ និយោជក កម្មករនិយោជិត​ទាំង​សេដ្ឋកិច្ច​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ​។

ដើម្បី​ធានា​សេវា​សន្តិសុខ​សង្គម ​ឱ្យ​កាន់តែ​ប្រសើរ និង​និរន្តរភាព ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ផ្ដល់​អនុសាសន៍​ដល់ ប​.​ស​.​ស​. ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​លើកកម្ពស់​ផ្ដល់​សេវា​ដល់​សមាជិក ប​.​ស​.​ស​. ទាំង​ជាង ៣,៥​លាន​នាក់ និង​បន្ត​ពង្រឹង​កិច្ចសហការ​ល្អ ជា​មួយ​មូលដ្ឋាន​សុខាភិបាល​ជា​ដៃគូ ប​.​ស​.​ស​. ជា​ប្រចាំ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ធានា​សេវាកម្ម​រហ័ស ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​បង្កើន​ការ​សិក្សា​ស្រាវជ្រាវ និង​ផ្លាស់​ប្តូរ​បទ​ពិសោធ ដើម្បី​ពង្រីក​វិសាលភាព​គ្របដណ្តប់ ​ទៅ​ក្រុម​គោលដៅ​ថ្មី​ៗ ​។

ទន្ទឹម​នឹង​នេះ ក៏​ត្រូវ​ពង្រឹង​អនុលោម​ភាព និង​អធិការកិច្ច​, លើកកម្ពស់​ការ​ធ្វើ​ទំនើប​កម្ម ប្រព័ន្ធ​បច្ចេកវិទ្យា និង​ឌី​ជី​ថ​ល ដើម្បី​ប្រតិបត្តិការ​ការងារ ក៏​ដូច​ជា​ជំរុញ​ការ​ផ្សព្វផ្សាយ​លើ​ការ​ប្រើប្រាស់​ សេវា​ដោយ​ប្រើប្រាស់​ភាសា​សាមញ្ញ​ជាដើម ​។ លើស​ពី​នេះ ត្រូវ​អនុវត្ត​អនុសាសន៍​សំខាន់​ៗ ​របស់​រាជរដ្ឋាភិបាល ដូច​ជា ការ​ពង្រីក​ការ​ឧបត្ថម្ភ​សាច់ប្រាក់​ ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២​ឆ្នាំ និង​ការ​កែ​លម្អ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ ព្រមទាំង​ពង្រឹង​សវន​កម្ម​ផ្ទៃក្នុង បណ្តុះបណ្តាល​មន្ត្រី និង​គ្រប់គ្រង​ការ​ប្រើប្រាស់ ​មូលនិធិ​ឱ្យ​ចំ​គោលដៅ ​ប្រកបដោយ​និរន្តរភាព ​៕ អត្ថបទសហការ