ខេត្តកំពង់ឆ្នាំង ៖ ក្រោយពីតារាកំប្លែង នាយ ពាក់មី បានបង្ហោះនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង ចាប់ផាកពិន័យលោក ដោយសារបើកលើសល្បឿនកំណត់ ដោយត្រូវបង់ចំនួន ១៨ម៉ឺនរៀល។ នៅក្នុងលិខិតផាកពិន័យ បានបង្ហាញថា ជាបទល្មើសលើសល្បឿនកំណត់ ៣០-៣៩គីឡូម៉ែត្រក្នុងមួយម៉ោង។
ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានបំភ្លឺឱ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលព័ត៌មានតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក Facebook និងTikTok បានបង្ហោះវីដេអូ ករណីបើកបររថយន្តលើសល្បឿនកំណត់ និងធ្វើការពិន័យ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំង បានចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (គោលដៅត្រួតពិនិត្យល្បឿន) នៅលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ ១០៩-១១០ ស្ថិតនៅភូមិថ្មី ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ក្នុងករណីត្រួតពិនិត្យល្បឿននេះ ទៅតាមស្លាកសញ្ញាចរាចរណ៍(៩០Km/h) មិនមែនក្រោមស្លាកសញ្ញាចរាចរណ៍(៩០Km/h)ទេ ។
មាត្រា៧ ក្នុងអនុក្រឹត្យស្តីពីការពិន័យអន្តរកាណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩ អនក្របក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០
១.លើសល្បឿនចាប់ពី ១ ដល់ ១៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១២០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ២២៥.០០០៛
២.លើសល្បឿនចាប់ពី ២០ ដល់ ២៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១៥០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣០០.០០០៛
៣.លើសល្បឿនចាប់ពី ៣០ ដល់ ៣៩ Km/h ពិន័យចំពោះយានយន្តធុនស្រាល ១៨០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣៧៥.០០០៛
៤.លើសល្បឿនចាប់ពី ៤០ Km/h ឡើងទៅ ពិន័យចំពោះយានយន្តធុនស្រាល ៣០០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៦២៥.០០០៛
ឧទាហរណ៍ ចំពោះយានយន្តបើកបរក្នុងល្បឿន ១២៩ Km/h មានន័យថា យានយន្តល្មើសនោះ លើសល្បឿន ៣៩ Km/h ត្រូវពិន័យចំពោះយានយន្តធុនស្រាល ១៨០.០០០៛ ចំពោះយានយន្តធុនធ្ងន់ ៣៧៥.០០០៛៕







ចែករំលែកព័តមាននេះ