ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​មានការ​ដោះ​លែង​អ្នកលក់​ឡេ​ល្បីឈ្មោះ​ ​ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya ឲ្យ​នៅ​ក្រៅ​ឃុំ​ទេ

11 ម៉ោង មុន

ខេត្តកណ្តាល ៖ ប៉ុន្មាន​ថ្ងៃនេះ មានការ​បង្ហោះ និង​ចែកចាយ​បន្តបន្ទាប់ ជុំវិញ​រូបភាព​អ្នក​នាង ឆេ​ង ស្រី​រ័​ត្ន ហៅ Love…

ខេត្តកណ្តាល ៖ ប៉ុន្មាន​ថ្ងៃនេះ មានការ​បង្ហោះ និង​ចែកចាយ​បន្តបន្ទាប់ ជុំវិញ​រូបភាព​អ្នក​នាង ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya ​ដោយ​អះអាង​ថា ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​។ ទោះបីជា​យ៉ាងណា ពុំ​មាន​ព័ត៌មាន​ជា​ផ្លូវការ​ណាមួយ​បញ្ជាក់​ច្បាស់​ថា អ្នក​នាង ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya ត្រូវ​បាន​ដោះ​លែង ឱ្យ​មាន​សេរីភាព នោះ​ទេ ។
 
បើ​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ អ្នក​នាង ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya មិន​ទាន់​ដោះ​លែង​ពី​ពន្ធនាគារ​នោះ​ឡើយ​។ ប៉ុន្មាន​ថ្ងៃនេះ ឃើញ​បងប្អូន​បង្ហោះ​រូបថត Love Riya ហើយ​ខ្លះ​ថា នាង​ត្រូវ​បាន​ដោះ​លែង​នោះ មិនមែន​ជា​ការ​ពិត​ឡើយ ។

សម្រាប់​រូបភាព​របស់​នាង ដែល​ស្លៀកពាក់​ខោអាវ​អ្នកទោស​នោះ គឺ​មន្ត្រី​អនុរក្ស​ពន្ធនាគារ នាំ​នាង​មក​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ដោយ​មានការ​អនុញ្ញាត​ពី​តុលាការ ។

សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ចាប់ខ្លួន​គាត់​មួ​យស​ប្តា​ហ៍ ទើប​ដឹង​ថា Love Riya​គាត់​មាន​ផ្ទៃពោះ​។ ទោះបីជា​យ៉ាងណា មាន​ព័ត៌មាន​ខ្លះ​បាន​ទម្លាយ​ឲ្យ​ដឹង​ថា នាង Love Riya ត្រូវ​បាន​តុលាការ​លួច​ដោះ​លែង​ស្ងាត់​ៗ​ហើយ ។
 
គួរ​បញ្ជាក់​ថា អ្នក​នាង ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya ត្រូវ​បាន​ចៅក្រម​ស៉ើ​ប​សួរ នៃ​សាលាដំបូង​ខេត្តកណ្ដាល សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៥ ក្រោយ​តំណាង​អយ្យការ​សម្រេច​ចោទប្រកាន់​ចំនួន​២ បទល្មើស រួម​មាន «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​ឧក្រិដ្ឋ​ជា​អាទិ៍ និង​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​» ប្រព្រឹត្ត​នៅ​ចំណុច​បុរី ML ស្ថិត​នៅ ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៥ បទល្មើស​ព្រហ្មទណ្ឌ ដែល​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​មាត្រា ៤៧២ និង​មាត្រា ៤៩៦ នៃ​ក្រមព្រហ្មទណ្ឌ​។

ការ​ចាប់ខ្លួន​អ្នក​នាង ធ្វើ​ឡើង​បន្ទាប់​ពី​អ្នកលក់​ឡេ​ល្បីឈ្មោះ​រូប​នេះ ប្រើប្រាស់​ពាក្យ​សម្ដី​នៅ​លើ​បណ្ដាញ​សង្គម ដែល​មាន​លក្ខណៈ​ញុះញង់​បំបាក់ទឹកចិត្ត​កងទ័ព និង​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ និង​ការ​ប្រើប្រាស់​ផលិតផល​ថៃ ។

ក្រោយ​ពិនិត្យ​ទៅ​លើ​ឯកសារ និង​ភស្តុ​តាង​នានា ក្នុង​សំណុំរឿង ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ ឆេ​ង ស្រី​រ័​ត្ន ហៅ Love Riya ដាក់​ឃុំ​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ខេត្តកណ្តាល ដើម្បី​បន្ត​កិច្ច​ស៊ើបសួរ​តាម​នីតិវិធី​ច្បាប់ ។
បន្ទាប់​ពី​មានការ​ឃុំខ្លួន ស្រាប់តែ​បែកធ្លាយ​នៅ​ព័ត៌មាន​ថា អ្នក​នាង ត្រូវ​បាន​តុលាការ​ដោះ​លែង​។ ទោះបីជា​យ៉ាងណា កោះសន្តិភាព​ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពី​សាលាដំបូង​ខេត្តកណ្តាល​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ