ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ក្រសួង​ការងារ បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ពន្ធ​បដិការ ​របស់​អា​មេ​រិ​ក ១០% ដែល​ជា​សញ្ញា​ល្អ ក្នុង​ការ​បង្កើត​ឱកាស​ការងារ ​ក្នុងស្រុក ជា​ពិសេស​អតីត​ពលករ

1 នាទី មុន

​រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ស៊ុន មេ​សា បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ពន្ធ​បដិការ​ ជា​សកល​របស់​សហរដ្ឋអាមេរិក​មក​ត្រឹម ១០​ភាគរយ ដោយ​លោក​បាន​ចាត់​ទុក​ថា…

​រាជធានីភ្នំពេញ​ ៖ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ស៊ុន មេ​សា បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ពន្ធ​បដិការ​ ជា​សកល​របស់​សហរដ្ឋអាមេរិក​មក​ត្រឹម ១០​ភាគរយ ដោយ​លោក​បាន​ចាត់​ទុក​ថា វា​ជា​សញ្ញា​ល្អ​ សម្រាប់​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ និង​ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ដែល​នឹង​បង្កើត​ឱកាស​ការងារ​កាន់តែ​ច្រើន ​សម្រាប់​ពលរដ្ឋ​កម្ពុជា ​។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​តុលាការ​កំពូល​អា​មេ​រិ​ក កាលពី​ថ្ងៃ​សុក្រ ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៦ បាន​ចេញ​សាលក្រម​សម្រេច​លុប​ចោល​ពន្ធគយ​ សកល​ជា​ឯកតោភាគី​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ​។ ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​ការ​ចេញ​សាលក្រម​របស់​តុលាការ​កំពូល​អា​មេ​រិ​ក លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចេញ​បទបញ្ជា​ប្រកាស ​ពី​ការ​យកពន្ធ​គយ​សកល​ថ្មី​មួយ ១០​ភាគរយ​លើ​ទំនិញ​នាំ​ចូល​ពី​បណ្ដា​ប្រទេស​ទាំងអស់ ​នៅ​ជុំវិញ​ពិភពលោក ដែល​មាន​រយៈពេល ១៥០​ថ្ងៃ​ ។

លោក ស៊ុន មេ​សា បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦​ថា ប្រសិនបើ​គ្មាន​អ្វី​ប្រែប្រួល​នា​ថ្ងៃ​ខាង​មុខ​នេះ​ទេ វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​នៅ​កម្ពុជា នឹង​វិ​វត្ត​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ជា​ពិសេស​បង្កើត​ឱកាស​នៃ​ការ​ទាក់ទាញ ​គម្រោង​វិនិយោគ​បរទេស​ថ្មី​ៗ​ ទាក់ទង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ដើម្បី​ផ្គត់ផ្គង់​ការងារ​រាប់​ម៉ឺន​កន្លែង​ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ ។

អ្នកនាំពាក្យ​រូប​នេះ​ បញ្ជាក់​ថា​៖ «​ពន្ធគយ​ថ្មី​មួយ ១០​ភាគរយ​របស់​សហរដ្ឋអាមេរិក នឹង​បង្កើត​ឱកាស​ការងារ​រាប់​ម៉ឺន​កន្លែង​ទៀត ​សម្រាប់​ប្រជាពលរដ្ឋ​របស់​យើង ​។ យើង​មាន​សង្ឃឹម​ច្រើន​ ចំពោះ​ការ​រីក​ចម្រើន​នូវ​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ​របស់​យើង គឺ​នឹង​មាន​ស្ថេ​រ​ភាពល្អ មាន​គម្រោង​ថ្មី​ៗ មាន​ក្រុមហ៊ុន​បរទេស​ថ្មី​ៗ​មក​ថែម​ទៀត​» ​។

ទន្ទឹម​នឹង​ឱកាស​មក​ដល់ លោក ស៊ុន មេ​សា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​យុវជន​ខ្មែរ​គ្រប់​រូប​ខិតខំ​ប្រឹងប្រែង​ពង្រឹងសមត្ថភាព ​របស់​ខ្លួន​តាម​រយៈ​ការ​សិក្សា​រៀនសូត្រ​ជំនាញ​ពាក់ព័ន្ធ និង​ស្វែង​យល់​ពី​បច្ចេកវិទ្យា ​ដែល​កំពុង​វិ​វត្ត​យ៉ាង​ឆាប់រហ័ស ដើម្បី​ត្រៀន​ខ្លួន​ឆ្លើយ​តប​តាម​ តម្រូវការ​ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន និង​អនាគត ​៕ អត្ថបទសហការ