ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ ដែលបានធ្វើនៅថ្ងៃទី ២៣ ខែកុម្ភៈ គឺជាការចាប់ផ្តើមយុគសម័យថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា ដោយការនាំមកនូវផលិតផលទេសចរណ៍ឌីជីថលអ៉ីមមើស៊ីវអង្គរ (Immersive Angkor) ទំនើបដំបូងគេបង្អស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
ខេត្តសៀមរាប, ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ៖ ក្រុមហ៊ុនសិប្បករអង្គរ (Artisans Angkor) បានបើកបង្ហាញជាផ្លូវការនូវគម្រោងវិនិយោគជាទឹកប្រាក់សរុបចំនួន ៥លានដុល្លារ ។ នេះគឺជាការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់បំផុតនៅក្នុងវិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ន ដែលជាលទ្ធផល ខេត្តសៀមរាបនឹងមានគោលដៅទេសចរណ៍វប្បធម៌ ដ៏ថ្មីសន្លាង និងគួរឱ្យទាក់ទាញបំផុតមួយទៀតនាចុងឆ្នាំ ២០២៦ នេះ ។ តាមគម្រោងការសាងសង់អគារមហោស្រពសិប្បករអង្គរ នឹងត្រូវបញ្ចប់ និងបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២៦ ។ គោលដៅចម្បងមួយរបស់គម្រោង គឺចូលរួមចំណែកធ្វើឱ្យភ្ញៀវទេសចរ ពន្យារការស្នាក់នៅ និងបង្កើនចរន្តសេដ្ឋកិច្ចរបស់ខេត្តសៀមរាប ។
ពិធីសម្ពោធបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ នៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ បានប្រព្រឹត្តទៅតាមបែបប្រពៃណីសាសនាខ្មែរ និងមានការអញ្ជើញចូលរួមជាអធិបតីភាពពី ឯកឧត្តម ង៉ូវ សេងកាក់អភិបាលរង ខេត្តសៀមរាប ។ តាមរយៈគម្រោងដ៏មានសក្តានុពលនេះ ទីតាំងរមណីយដ្ឋាននៅសៀមរាបបច្ចុប្បន្នរបស់ក្រុមហ៊ុនសិប្បករអង្គរ នឹងវិវត្តក្លាយជា រមណីយដ្ឋានសិប្បករអង្គរ ដែលនឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ ដ៏ទាក់ទាញបំផុត នៅចំកណ្តាលក្រុងសៀមរាប ។
រមណីយដ្ឋានសិប្បករអង្គរលាតសន្ធឹង នៅលើផ្ទៃដីទំហំមួយម៉ឺនម៉ែត្រការេ និងត្រូវបានរចនាដើម្បីតភ្ជាប់បេតិកភណ្ឌបុរាណខ្មែរ ជាមួយនឹងបទពិសោធន៍ក្នុងសម័យទំនើប ។ ការអភិវឌ្ឍ នេះឆ្លើយតបនឹងតម្រូវការកើនឡើង ពីភ្ញៀវទេសចរជាតិនិងអន្តរជាតិ អំពីការទទួលបានបទពិសោធន៍កាន់តែស៊ីជម្រៅ អំពីវប្បធម៌ខ្មែរ ក្រៅពីរូបចម្លាក់ដែលមាននៅតាមជញ្ជាំងប្រាសាទ ។
ទិដ្ឋភាពនៅក្នុង “រមណីយដ្ឋានសិប្បករអង្គរ” (The Living Art Village) យោងតាមផែនការមេ រមណីយដ្ឋានសិប្បករអង្គរ ជាការរួមបញ្ចូលគ្នានូវ ៖ ១. អគារមហោស្រពសិប្បករអង្គរ ចំណុចស្នូលរបស់រមណីយដ្ឋានសិប្បករអង្គរ គឺអគារមហោស្រពសិប្បករអង្គរដែលមានកម្ពស់៣ជាន់ និងផ្ទៃសរុប ៣០០០ ម៉ែត្រការេ ដែលបែងចែកជាផ្នែកដូចខាងក្រោម ៖ • សាលមហាស្រពអ៉ីមមើស៊ីវអង្គរ (ដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍)៖ ក្នុងកិច្ចសហការជាដៃគូជាមួយក្រុមហ៊ុន “អ៉ីមមើស៊ីវអង្គរ” បទពិសោធន៍ឌីជីថលដ៏ទំនើបនឹងនាំអ្នកទស្សនាចូលទៅក្នុងសម័យអាណាចក្រអង្គរដោយប្រើប្រាស់បច្ចេកវិទ្យាបង្ហាញទស្សនីយភាពនិងសំឡេងដ៏ទំនើបបំផុត ។ វាជាផលិតផលឌីជីថលទំនើបនិងទាក់ទាញបំផុតដំបូងគេ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ • ហាងសិប្បករអង្គរថ្មី ៖ ជាកន្លែងលក់ផលិតផលហត្ថកម្មឬសិប្បកម្មសិល្បៈរបស់សិប្បករខ្មែរ ដែលរួមមានដូចជា ៖ ចម្លាក់ឈើ ចម្លាក់ថ្ម ខ្មុកម្រ័ក្ស សូត្រ ជាពិសេស ផលិតផលថ្មីៗដែលនឹងត្រូវបានរចនានិងដាក់លក់នៅក្នុងហាងថ្មីនេះ ។ • ហាងកាហ្វេទាន់សម័យ ៖ ជាកន្លែងដែលត្រូវរចនាឡើងដោយការលាយបញ្ចូលគ្នារវាងសិប្បកម្មខ្មែរ និងវប្បធម៌កាហ្វេដ៏រស់រវើករបស់ខេត្តសៀមរាប ។ • ហាងលក់សៀវភៅវប្បធម៌និងសិល្បៈ ៖ ដែលផ្តោតលើសិល្បៈ ប្រវត្តិសាស្ត្រ និងស្ថាបត្យកម្មខ្មែរ ។២. សារមន្ទីរសិប្បករអង្គរ (The Living Museum)៖ ជាសាលពិព័រណ៍ និងរោងជាងហត្ថកម្មនានា ដែលអ្នកទស្សនាអាចទស្សនាភាពប៉ិនប្រសប់របស់សិប្បករតម្បាញសូត្រ ចម្លាក់ឈើ ចម្លាក់ថ្ម ចម្លាក់ប្រាក់ និងខ្មុកម្រ័ក្សណ៍ដោយផ្ទាល់ ។៣. សួនចម្លាក់សិប្បករអង្គរ (The Living Art Canvas)៖ ជាសួនចម្លាក់ក្រៅអគារ ដែលមានសិប្បករកំពុងឆ្លាក់យ៉ាងសកម្ម នូវចម្លាក់ប្រណីតធំៗ ដែលផ្តល់ជូនភ្ញៀវនូវទិដ្ឋភាពដ៏កម្រ នៃការបង្កើតចម្លាក់ធំៗរបស់ខ្មែរ ។
បង្កើនចរន្តសេដ្ឋកិច្ចនាពេលរាត្រី ក្នុងក្រុងសៀមរាប គម្រោងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែក ក្នុងការបង្កើនភាពរស់រវើកបន្ថែមមួយកម្រិតទៀតនាពេលរាត្រី សម្រាប់ភ្ញៀវទេសចរ។ បរិយាកាសទាំងមូលនៃរមណីយដ្ឋានសិប្បករអង្គរ នឹងត្រូវបានបំពេញបន្ថែមដោយគំនិតច្នៃប្រឌិតខាងអាហារ និងភេសជ្ជៈ ។ ការអភិវឌ្ឍដែលផ្តោតលើពេលល្ងាច មានគោលបំណងដោះស្រាយបញ្ហាប្រឈមដ៏រ៉ាំរ៉ៃ នៅក្នុងវិស័យទេសចរណ៍ គឺការរក្សាភាពរស់រវើករបស់ភ្ញៀវទេសចរបន្ទាប់ពីថ្ងៃលិច ។ រមណីយដ្ឋានសិប្បករអង្គរ នឹងទាក់ទាញភ្ញៀវទេសចរមិនត្រឹមតែនៅពេលថ្ងៃប៉ុណ្ណោះទេ ថែមទាំងនៅពេលយប់ផងដែរ ដោយធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ខេត្តសៀមរាបមានភាពស្រស់បំព្រង និងថាមពលជាងមុន ។
លោក កាយ ឡូត អគ្គនាយកក្រុមហ៊ុនសិប្បករអង្គរ មានប្រសាសន៍ថា ៖ «បងប្អូនចង់ដឹងថា តើនឹងមានអ្វីថ្មីហើយប្លែក ដែលនឹងផ្តល់ជូនដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងខេត្តសៀមរាប ។ ជាមួយនឹងគម្រោងវិនិយោគនេះ យើងខ្ញុំកំពុងបើកបង្ហាញពីអនាគត ។ យើងខ្ញុំជឿជាក់ថា រមណីយដ្ឋានសិប្បករអង្គរ គឺជាបុព្វហេតុមួយទៀត ដែលធ្វើឱ្យភ្ញៀវទេសចរជ្រើសរើសពន្យារការស្នាក់នៅរបស់ពួកគេនៅក្នុងខេត្តសៀមរាប ។ គម្រោងនេះ ត្រូវបានរចនាឡើង ដើម្បីបង្កើតនូវគោលដៅទេសចរណ៍ដ៏មានឥទ្ធិពលមួយ ដែលនឹងផ្តល់អត្ថប្រយោជន៍ ដល់សេដ្ឋកិច្ចរយៈពេលវែង ដល់ខេត្តសៀមរាប» ។
សេដ្ឋកិច្ច និងអនាគត គម្រោងនេះនឹងផ្តល់នូវភាពកក់ក្តៅ និងភាពជឿជាក់ទៅដល់វិស័យទេសចរណ៍ ដោយផ្សារភ្ជាប់កេរដំណែលបុរាណខ្មែរ ទៅនឹងបច្ចេកវិទ្យាទំនើប និងទីកន្លែងកម្សាន្ត រមណីយដ្ឋានសិប្បករអង្គរ នឹងក្លាយជាគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញក្នុងតំបន់ ។
ពិធីសម្ពោធបើកការដ្ឋានសាងសង់អគារមហោស្រពសិប្បករអង្គរ បានប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែលជាការចាប់ផ្តើមសាងសង់ជាផ្លូវការ ។ ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រំពឹងថានឹងធ្វើនៅក្នុង ខែវិច្ឆិកា ឆ្នាំ ២០២៦ ខាងមុខនេះ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ