ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប​.​ស​.​ស​. កាន់តែ​ទទួល​បាន​នូវ​ជំនឿ​ជឿជាក់ និង​ក្តី​សង្ឃឹម​ពី​គ្រប់​មជ្ឈដ្ឋាន ​រួម​ទាំង​មន្ត្រីរាជការ កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​គ្រប់​រូប

4 ម៉ោង មុន

​រាជធានី​ភ្នំពេញ​ ៖ ថ្លែង​ក្នុង​ពិធី​បើក “​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៥ និង​ទិស​ដៅ​អនុវត្ត​បន្ត​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែកុម្ភៈ…

​រាជធានី​ភ្នំពេញ​ ៖ ថ្លែង​ក្នុង​ពិធី​បើក “​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ ឆ្នាំ​២០២៥ និង​ទិស​ដៅ​អនុវត្ត​បន្ត​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២៦ នៅ​ទីស្នាក់ការ​កណ្តាល ប​.​ស​.​ស​. ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល បាន​លើក​ឡើង​ថា ប្រព័ន្ធ ប​.​ស​.​ស​. បាន​និង​កំពុង​ពង្រីក​ខ្លួន​ពី​សមាជិក​តិច​ជាង ​៥០​ម៉ឺន​នាក់ រហូត​ដល់​សមាជិក​សរុប​ជាង ៣,៥​លាន​នាក់ (​ស្រី ជិត ២​លាន​នាក់​) គិត​ត្រឹម​ឆ្នាំ​២០២៥ ប​.​ស​.​ស​. មាន​ក្រសួង ស្ថាប័ន សហគ្រាស និង​គ្រឹះស្ថាន ជិត ៣​ម៉ឺន​បាន​ចុះបញ្ជី​ ។ សមាជិក ប​.​ស​.​ស បាន​ប្រើប្រាស់​សេវា​ នៅ​តាម​មូលដ្ឋាន​សុខាភិបាល សរុប​ជាង ៨​លាន​ដង ​។

ឯកឧត្ដម​ក៏​បាន​គូសបញ្ជាក់​ថា ប​.​ស​.​ស​. បាន​ក្លាយជា​ក្តី​សង្ឃឹម​របស់​មន្ត្រីរាជការ កម្មករនិយោជិត និង​ប្រជាពលរដ្ឋ​គ្រប់​រូប ទទួល​បាន​នូវ​ការ​ពិនិត្យ​សុខភាព​ច្រើន​ជាង​មុន ដែល​ធ្វើ​ឱ្យ​ពួក​គាត់​មាន​សុខភាព​កាន់តែ​ល្អ​ប្រសើរ ហើយ​រួមចំណែក ​ក្នុង​យន្តការ​ពង្រឹង​មូលធន​មនុស្ស ដែល​ជា​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ជា​ពិសេស​គោលដៅ​គ្របដណ្ដប់​សុខភាព​ជាស​កល​នៅ​កម្ពុជា ​។

ជាក់ស្ដែង សេវា ប​.​ស​.​ស​. កំពុង​វិ​វត្ត​ខ្លួន​យ៉ាង​លឿន​ប្រកបដោយ​ភាពល្អ​ប្រសើរ ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល និង​អត្ថប្រយោជន៍​លើស​ ពី​ការ​រំពឹង​ទុក​ដល់​ប្រជាពលរដ្ឋ ក្នុង​នោះ​រួម​មាន (១) ភាព​ងាយស្រួល​ ក្នុង​ការ​ទទួល​បាន​សេវា ដោយ​មាន​បណ្តាញ​មូលដ្ឋាន​សុខាភិបាល​ដៃគូ សរុប​ចំនួន ១ ៦១៧ ក្នុង​នោះ វិស័យ​សាធារណៈ​មាន​ចំនួន ១ ៤៤២ និង​វិស័យ​ឯកជន​មាន​ចំនួន ១៧៥, (២) ការ​កាត់​បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ភ្លាម​ៗ, (៣) ភាព​ទំនើប​នៃ​ប្រព័ន្ធ​រដ្ឋបាល ប​.​ស​.​ស​. បាន​អភិវឌ្ឍ និង​បង្កើន​ប្រសិទ្ធភាព​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដោយ​បង្កើត​មុខងារ​បង់​ភាគទាន​ជា​ជម្រើស​ច្រើន សម្រាប់​សម្រួល​ដល់​សហគ្រាស ក្នុង​ការ​បំពេញ​កាតព្វកិច្ច​បង់​ភាគទាន តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ (​កម្មវិធី​គេហទំព័រ NSSF Enterprise Web App, កម្មវិធី​ទូរ​សព្ទ​ដៃ NSSF Enterprise Mobile App) ឬ ការ​បង់​ដោយ​ផ្ទាល់​នៅ​ធនាគារ​ដៃគូ ​។ ប័ណ្ណសមាជិក ប​.​ស​.​ស​. តែ​មួយ អាច​ប្រើ​បាន​ទាំង​ផ្នែក​ថែទាំ​សុខភាព ហានិភ័យ​ការងារ និង​សោធន​, (៤)​ការ​យកចិត្តទុកដាក់​លើ​មាតា និង​ទារក និង (៥) សន្តិសុខ​ស្មារតី​នៅ​វ័យ​ជរា ​។

នា​ឱកាស​នោះ ឯកឧត្តម​ក៏​បាន​សម្តែង​នូវ​ការ​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធិ​ផល​ការងារ​ដែល​ខិតខំ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២៥ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ស្មារតី​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​បុ​រេ​សកម្ម​រហូត​សម្រេច​បាន​លទ្ធផល​ គួរ​ជាទី​មោ​ទ​ន​សម្រាប់​ឆ្នាំ​២០២៥ ពី​សំណាក់​ក្រុមប្រឹក្សាភិបាល ប​.​ស​.​ស ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ បុគ្គលិក ប​.​ស​.​ស​. និយោជក សហជីព អង្គការ​ជាតិ អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ មូលដ្ឋាន​សុខាភិបាល​សាធារណៈ និង​មូលដ្ឋាន​សុខាភិបាល​ឯកជន​ជា​ដៃគូ ប​.​ស​.​ស​. បាន​រួមចំណែក​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិ​បតី​នាយក​រដ្ឋមន្ត្រី ពាក់ព័ន្ធ​នឹង​ការ​ពង្រីក​វិសាលភាព​សេវា ប​.​ស​.​ស​. ការ​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ឆ្នាំ និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ​នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករនិយោជិត ​។

ជា​ចុង​ក្រោយ ឯកឧត្តម​បាន​ផ្តល់​ការ​ណែនាំ​ឱ្យ អង្គសន្និបាត​ទាំងមូល ឱ្យ​ចូលរួម​ពិភាក្សា​ឱ្យ​បាន​ផុលផុស និង​ផ្តល់​ជា​ធាតុ​ចូល​សំខាន់​ៗ ដើម្បី​បូក​សរុប និង​វាយតម្លៃ​លទ្ធផល​ការងារ​ ដែល​សម្រេច​បាន​ក្នុង​រយៈពេល ១​ឆ្នាំ​កន្លង​មក ក៏​ដូច​ជា​កំណត់​បញ្ហា​ប្រឈម​ចម្បង​ៗ និង​រក​ដំណោះស្រាយ សំដៅ​ពង្រីក​វិសាលភាព​គ្របដណ្តប់ ​ឱ្យ​កាន់តែ​ទូលំទូលាយ និង​ពង្រឹងសមត្ថភាព​មន្ត្រី ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ ឌី​ជី​ថ​ល​ក្នុង​ការ​គ្រប់គ្រង​ និង​ផ្តល់​សេវា​កាន់តែ​ល្អ​ប្រសើរ​ ជូន​សមាជិក ប​.​ស​.​ស ព្រមទាំង​ធានា​បាន​នូវ​និរន្ត​ភាព និង​ភាព​រីក​ច្រើន​ ៕ អត្ថបទសហការ