រាជធានីភ្នំពេញ ៖ ដើមឆ្នាំ២០២៦នេះ មានជំនាញលើវិស័យចំនួន ៥ ដែលយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចាប់អារម្មណ៍ក្នុងការដាក់ពាក្យស្នើសុំចុះឈ្មោះចូលរៀនច្រើនជាងគេក្នុងកម្មវិធីបណ្ដុះជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចំនួន ១,៥ លាននាក់ (TVET 1.5M) របស់សម្ដេចធិបតី ។

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានឱ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ នេះថា វិស័យទាំង ៥នោះរួមមាន វិស័យធុរកិច្ច និងព័ត៌មានវិទ្យា, វិស័យទេសចរណ៍, វិស័យសំណង់, វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និង វិស័យបរិក្ខារត្រជាក់និងកំដៅ ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា វិស័យធុរកិច្ច និងព័ត៌មានវិទ្យា ឈរនៅលំដាប់លេខរៀងទី១ ដែលមានអ្នកស្នើសុំចុះឈ្មោះចូលរៀនចំនួន ៣០,៧២៩នាក់ បន្ទាប់មកវិស័យទេសចរណ៍ មានអ្នកស្នើចុះឈ្មោះចូលរៀន ២៦,១៦០នាក់ វិស័យសំណង់មានអ្នកស្នើចុះឈ្មោះចូលរៀន ២៣,២៨២នាក់ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានអ្នកស្នើចុះឈ្មោះចូលរៀន ១៩,២៧៨នាក់ និងវិស័យបរិក្ខារត្រជាក់និងកំដៅ មានអ្នកស្នើរចុះឈ្មោះចូលរៀនចំនួន ១៨,៤៧៩នាក់ ។

លោកថ្លែងថា៖ «ការពង្រឹងជំនាញគឺជាទុនដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលផ្ដល់ជូន និងជួយសម្រួលដល់អតីតពលករ យុវជនមពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីចាប់យកឱកាសការងារ ស្របពេលដែលកម្ពុជាកំពុងប្រែក្លាយកម្លាំងពលកម្មពីអតិពលកម្មទៅជាកម្លាំងមានជំនាញជាក់លាក់ ច្បាស់លាស់ ផលិតភាពខ្ពស់ ដើម្បីបង្កើនប្រាក់ចំណូលកាន់តែខ្ពស់» ។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ១,៥ លាននាក់ (TVET 1.5M) ត្រូវបានផ្តួចផ្តើមឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងប្រកាសដាក់ឱ្យអនុវត្តដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ៕ អត្ថបទសហការ


ចែករំលែកព័តមាននេះ