រាជធានីភ្នំពេញ៖ ឆ្លើយតបនឹងភាពមិនច្បាស់លាស់ នៃនយោបាយរបស់រាជរដ្ឋាភិបាលថៃ អាណត្តិថ្មី ដែលមិនទាន់ មានការសម្រេចបែបណា ចំពោះពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានលើកឡើងថា នៅកម្ពុជាមានឱកាសការងារដ៏សម្បូរបែប មានទាំងអត្ថប្រយោជន៍ច្រើនជាង និងយន្តការគាំពារសម្រាប់ពលករគ្រប់គ្រាន់ ដើម្បីជួយស្វែងរកការងារដល់ពលករខ្មែរ នៅដែលពលករត្រឡប់មកប្រទេសកំណើតវិញ ។

ឆ្លើយតបនឹងសំណួរអ្នកសារព័តមាននៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ស៊ុន មេសា បានគូសបញ្ជាក់ថា បច្ចុប្បន្នរដ្ឋាភិបាលថៃ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ចំពោះបងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃ ដែលធ្វើឱ្យបងប្អូនមួយចំនួនមានការព្រួយបារម្ភ ពីសុវត្ថិភាពការងារ ខណៈដែលភាគីកម្ពុជា មិនទាន់ទទួលបានការជូនដំណឹងផ្លូវការ ណាមួយពីភាគីថៃនៅឡើយ ។

លោកថា៖ «យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះភាពមិនច្បាស់លាស់នេះ ខ្ញុំក៏សូមបញ្ជាក់ថា នៅកម្ពុជាមានការងាររាប់ម៉ឺនកន្លែង ដែលអាចផ្តល់ប្រាក់ចំណូលសមរម្យ ជូនបងប្អូនពលករ ក្នុងករណីដែលពួកគាត់ចង់រកការងារនៅក្នុងស្រុក ។ នៅស្រុកយើង មានអត្ថប្រយោជន៍ជាច្រើនពី ប.ស.ស. យើងមានច្រើនជាង និងសម្បូរបែប ដែលអាចជួយបានទាំងគ្រួសារពួកគាត់តាមរយៈរបបភាគទានស្ម័គ្រចិត្ត។ បន្ថែមពីនេះ បើទោះបីមិនមានជំនាញ ក៏យើងមានរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ហើយអាចទទួលបានថវិកា ចាប់តាំងពីថ្ងៃចូលរៀនដំបូង ។ ដូចនេះមិនមានអ្វីគួរឱ្យបារម្ភឡើយ» ។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ពីយន្តការ នៃការផ្តល់ការងារធ្វើជូនអតីតពលករ សំខាន់ៗរួមមាន ការបើកវគ្គបណ្តុះបណ្តាលត្រៀមចូលទីផ្សារការងាររបស់អតីតពលករដែលផ្តល់ថវិកា និងការស្នាក់នៅក្នុងអំឡុងពេលសិក្សាដោយឥតគិតថ្លៃ ការបន្តយុទ្ធនាការវេទិកាការងារនៅតាមបណ្តាខេត្តសំខាន់ៗទាំង១៤ នៅដើមឆ្នាំ២០២៦នេះ និងយន្តការផ្តល់ឱកាសការងារ តាមរយៈយន្តការប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ជាដើម ។

លោកបន្តថា បុគ្គលិក និងកម្មករនិយោជិតដែលកំពុងធ្វើការងារ នៅក្នុងប្រទេសកម្ពុជា មានឱកាសទទួលបានប្រាក់ខែខ្ពស់ ប្រហាក់ប្រហែលនៅប្រទេសថៃដែរ ថែមទាំងមានសេវាថែទាំសុខភាព តាមរយៈបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.), ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងមានប្រាក់សោធន ខណៈដែលនៅប្រទេសថៃ មិនមានសេវាទាំងអស់នេះ សម្រាប់ជួយគាំពារដល់ពលករខ្មែរ ដែលមិនមានឯកសារគ្រប់គ្រាន់នោះទេ ។
បន្ថែមលើនេះ លោកថា បងប្អូនប្រជាពលករខ្មែរ ដែលមកធ្វើការងារនៅជិតផ្ទះ មានឱកាសជួបជុំក្រុមគ្រួសារ មានពេលវេលាមើលថែឱពុកម្ដាយ និងកូនចៅដោយមិនមានការព្រួយបារម្ភពីសុវត្ថិភាពជាង ។

គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខ្មែរ និងអតីតពលករប្រមាណជាង ៩៦ម៉ឺននាក់ ក្នុងនោះមានអតីតពលករប្រមាណ ៦៣ម៉ឺននាក់ បានត្រឡប់មកកម្ពុជា ក្រោយកម្ពុជា និងថៃមានជម្លោះតាមព្រំដែន។ ក្នុងនោះយន្តការក្រសួង បានជួយបងប្អូនពលករទទួលបានការងារធ្វើសរុបចំនួនជាង ៣១ម៉ឺន តាមរយៈប្រព័ន្ធទូរសព្ទ ១២៩៧, វេទិកាការងារ, ការផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងតាមរយៈរោងចក្រផ្ទាល់ ។ ទន្ទឹមនេះ អតីតពលករចំនួន ៣២ម៉ឺននាក់ផ្សេងទៀតបានចាប់យកជីវភាពកសិកម្មបែបគ្រួសារ ការងារក្នុងកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។
ជាមួយគ្នានេះ ដើម្បីបន្តជួយផ្តល់ឱកាសការងារ ជូនអតីតពលករ ក្រសួងការងារនៅឆ្នាំ២០២៦នេះ បានរៀបចំយន្តការសំខាន់ៗចំនួន២ គឺការផ្តល់ការបណ្តុះបណ្តាលដែលមានការឧបត្ថមនិងឱកាសការងារ១០០% និងការបន្តរៀបចំវេទិការការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួនជាង ៦០លើក បន្ថែមទៀតនៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្ដាខេត្ត ដែលមានអតីតពលករខ្មែររស់នៅច្រើនជាងគេ ។

លោក ស៊ុន មេសា បញ្ជាក់ថា៖ «បច្ចុប្បន្នក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺយើងខិតប្រឹងប្រែង ក្នុងការផ្សព្វផ្សាយពីឱកាសការងារ ស្ទើតែគ្រប់មធ្យោយបាយនៅតាមមូលដ្ឋាន ដើម្បីនាំយកឱកាសការងារជូនបងប្អូនយើង ដែលប្រឡប់មកពីប្រទេសថៃ។ សម្រាប់បងប្អូនពលករខ្មែរយើងមួយចំនួន នៅមិនទាន់បានទទួលព័ត៌មានពីឱការងារដ៏សម្បូរបែបនៅក្នុងប្រទេសយើង សូមចូលក្នុងវេទិកា ឬទាក់ទងមកប្រព័ន្ធ Hotline ១២៩៧ ដែលកំពុងរង់ចាំបម្រើសេវា ៧ថ្ងៃ ក្នុងមួយសប្តាហ៍» ។
យ៉ាងណាក៏ដោយ ជាមួយនឹងភាពស្រពិចស្រពិល មិនច្បាស់លាស់នៃទីផ្សាការងារនៅថៃ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាង ការវិលត្រឡប់របស់បងប្អូនពលករខ្មែរ ដែលនៅប្រទេសថៃ គឺជាឱកាសមាស ដើម្បីបំពេញតម្រូវការកម្លាំងពលកម្មតាមរោងចក្រ សហគ្រាសរាប់ម៉ឺននាក់ផង និងការជួយបំប៉នកំណើនសេដ្ឋកិច្ចក្នុងស្រុកផង ដោយក្រសួងរៀបចំយន្តការសំខាន់ៗ សម្រាប់គាំពារពលករខ្មែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ