ធនាគារ មេយប៊ែង ឥស្លាម ផ្ដល់ជំនួយជាគ្រឿងឧបភោគបរិភោគទៅកាន់ប្រជាជនជាង ១៤,០០០គ្រួសារ ក្នុងប្រទេសចំនួន ១៣ រួមទាំងប្រទេសកម្ពុជា
- កំពត
ខេត្តកំពត, ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ៖ ធនាគារ មេយប៊ែង ឥស្លាម…
ខេត្តកំពត, ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ៖ ធនាគារ មេយប៊ែង ឥស្លាម…
ខេត្តកំពត, ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ៖ ធនាគារ មេយប៊ែង ឥស្លាម នៅថ្ងៃនេះបានប្រកាសការចាប់ផ្តើមនៃ កម្មវិធីជំនួយស្បៀងអាហារដ៏ធំប្រចាំឆ្នាំ ដែលជាផ្នែកមួយ នៃការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ធនាគារ ក្នុងការជួយដល់សហគមន៍ និងគ្រួសារដែលកំពុងខ្វះខាតក្នុងអំឡុងពិធីបុណ្យរ៉ាម៉ាដន ។

តាមរយៈសម្ព័ន្ធធនាគារ មេយប៊ែង ធនាគារ មេយប៊ែង ឥស្លាម បានចាប់ផ្តើមប្រារព្ធធ្វើ «កម្មវិធីសប្បុរសធម៏ បុណ្យរ៉ាម៉ាដន» ប្រចាំឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់សហគមន៍ ក៏ដូចជាក្រុមគ្រួសារ ដែលខ្វះខាតក្នុងអំឡុងពិធីបុណ្យរ៉ាម៉ាដន។

នៅកម្ពុជា កម្មវិធីនេះត្រូវបានចាប់ផ្ដើមដំណើរការតាមរយៈពិធីចែកគ្រឿងឧបភោគបរិភោគ នៅក្នុងខេត្តកំពត បន្ទាប់មកបន្តសកម្មភាពចុះជួយដល់សហគមន៍ក្នុងខេត្តកំពង់ឆ្នាំង។ តាមរយៈគំនិតផ្តួចផ្តើមនេះ យើងបានផ្ដល់ជូនស្បៀងអាហារចាំបាច់ដល់ក្រុមគ្រួសារដែលខ្វះខាតចំនួន ៤២០គ្រួសារ ដើម្បីជួយសម្រាលបន្ទុកជីវភាពរបស់ពួកគេក្នុងអំឡុងខែ នៃការតមអាហារ។

កម្មវិធីដែលធ្វើឡើងនៅក្នុងខេត្តកំពតនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់ លោក រ័ត្ន សោភ័ណ នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេស នៃធនាគារ មេយប៊ែង ខេមបូឌា និងការចូលរួមជាកិត្តិយសពីឯកឧត្តមបណ្ឌិតប Shaharuddin Onn ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះបានបង្ហាញយ៉ាងច្បាស់នូវស្មារតី នៃក្តីមេត្តាធម៌ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ នៃកម្មវិធីសប្បុរសធម៏ បុណ្យរ៉ាម៉ាដន។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំប្រទេសកម្ពុជា និងលោកជំទាវ Zuraini Khalil ប្រធានសមាគមស្ត្រី នៃស្ថានទូតម៉ាឡេស៊ី ប្រចាំទីក្រុងភ្នំពេញ «PERWAKILAN» ក៏បានចែកជូននូវសៀវភៅគម្ពីអាល់គូរ៉ាន (Quran) ដែលមានការបកប្រែជាភាសាខ្មែរ ដែលជាអំណោយរបស់រដ្ឋាភិបាលម៉ាឡេស៊ី តាមរយៈមូលនិធិ Restu Foundation ផងដែរ។

ឯកឧត្តមបណ្ឌិត Shaharuddin Onn បានលើកឡើងថា៖ «ការបន្តគាំទ្ររបស់ធនាគារ មេយប៊ែង ដល់សហគមន៍មូលដ្ឋាន រួមទាំងសហគមន៍មូស្លីមកម្ពុជាក្នុងខែរ៉ាម៉ាឌននេះ គឺជាសកម្មភាពដ៏គួរឱ្យកោតសរសើរយ៉ាងក្រៃលែង។ កម្មវិធី និងគំនិតផ្តួចផ្តើមទាំងនេះ មិនមែនគ្រាន់តែជាការបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់សាជីវកម្មចំពោះសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញពីទំនាក់ទំនងទ្វេភាគីយ៉ាងជិតស្និទ្ធរវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសតាមរយៈទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។ ហើយកិច្ចខិតខំប្រឹងប្រែងដែលផ្តោតជាសំខាន់ទៅលើសហគមន៍បែបនេះ ក៏បានបើកឱកាសឲ្យស្ថានទូតម៉ាឡេស៊ីប្រចាំនៅទីក្រុងភ្នំពេញ អាចផ្សារភ្ជាប់ទំនាក់ទំនងជាមួយនឹងសហគមន៍មូលដ្ឋាន និងពង្រឹងបន្ថែមនូវសុច្ឆន្ទៈដ៏យូរអង្វែងថែមទៀតផងដែរ។»

នៅក្នុងពិធីនោះផងដែរ លោក រ័ត្ន សោភ័ណ ក៏បានលើកឡើងថា៖ «កម្មវិធីនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីគោលដៅចម្បងរបស់ ធនាគារ មេយប៊ែង ក្នុងការផ្តល់សេវាធនាគារដែលរួមចំណែកដល់ការបង្កើតផលវិជ្ជមានដល់សង្គម លើសពីសេវាកម្មហិរញ្ញវត្ថុធម្មតា។»
លោកបានបន្តថា៖ «នៅធនាគារ មេយប៊ែង យើងពិតជាជឿជាក់ថា វិស័យធនាគារ គួរតែដើរតួនាទីធំជាងនេះ ពោលគឺការរួមចំណែកដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ទាំងមូល។ តាមរយៈ «កម្មវិធីសប្បុរសធម៌ បុណ្យរ៉ាម៉ាដន» នេះ វាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ហើយយើងពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការបន្តគាំទ្រដល់គ្រួសារដែលកំពុងខ្វះខាត នៅក្នុងអំឡុងពេលដ៏មានសារៈសំខាន់នេះ។»

លោកបានបន្ថែមទៀតថា៖ «គុណតម្លៃបុណ្យរ៉ាម៉ាដននេះ បានដាស់តឿនយើងឲ្យមានការយោគយល់ មានការទទួលខុសត្រូវរួមគ្នា និងការយកចិត្តទុកដាក់ចំពោះសង្គមទាំងមូល។ បុណ្យរ៉ាម៉ាដន រំឭកយើងអំពីចិត្តសប្បុរស និងស្មារតីទទួលខុសត្រូវរួម ក៏ដូចជាសារសំខាន់ នៃការយល់ដឹងពីតថភាពជាក់ស្តែងដែលសហគមន៍ជុំវិញយើងកំពុងជួបប្រទះ។ តាមរយៈកម្មវិធីនេះ យើងមានគោលបំណងផ្តល់ជំនួយដល់អ្នកដែលខ្វះខាត រួមទាំងសហគមន៍ ដែលងាយរងគ្រោះផងដែរ។»

សម្រាប់ឆ្នាំ២០២៦ នេះ ធនាគារ មេយប៊ែង ឥស្លាម បានត្រៀមថវិកាប្រមាណ ៣៥ លានរីងហ្គីត (ប្រហែល ៨,៨៧ លានដុល្លារអាមេរិក) សម្រាប់គំនិតផ្តួចផ្តើមទំនួលខុសត្រូវសង្គម (CSR)។ គម្រោងទាំងនេះនឹងគ្របដណ្តប់លើផ្នែកសំខាន់ៗដូចជា ការអប់រំ ជំនួយមនុស្សធម៌ និងកម្មវិធីពង្រឹងសមត្ថភាពសហគមន៍ នៅតាមបណ្តាប្រទេសដែលសម្ព័ន្ធធនាគារ មេយប៊ែង មានប្រតិបត្តិការ រួមទាំងប្រទេសកម្ពុជាផងដែរ។

ចាប់តាំងពីការចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១៣មក «កម្មវិធីសប្បុរសធម៏ បុណ្យរ៉ាម៉ាដន» បានពង្រីកវិសាលភាពរបស់ខ្លួនជាបន្តបន្ទាប់ ដោយបានជួយដល់សហគមន៍ជាច្រើននៅទូទាំងតំបន់អាស៊ាន និងតំបន់ដទៃទៀតផងដែរ។ ឆ្នាំនេះ កម្មវិធីនេះត្រូវបានដាក់ឲ្យអនុវត្តនៅក្នុងប្រទេសចំនួន ១៣ ដែលក្នុងនោះកម្ពុជានៅតែជាចំណែកដ៏សំខាន់របស់ធនាគារ មេយប៊ែង ឥស្លាម ក្នុងការចូលរួមចំណែកកសាងផលវិជ្ជមានដល់សង្គមក្នុងតំបន់។

កម្មវិធីនេះត្រូវបានអនុវត្តក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយដៃគូមនុស្សធម៌ រួមមាន៖ មូលនិធិ Yayasan Ikhlas អង្គការ MERCY Malaysia អង្គការ Islamic Relief Malaysia និងអង្គការ Hikmah Islamiah Sarawak ដោយធ្វើការរួមគ្នាជាមួយដៃគូក្នុងស្រុក ដើម្បីចែកចាយគ្រឿងឧបភោគបរិភោគ។ ជំនួយទាំងនោះរួមមានទំនិញចាំបាច់ ដូចជា៖ អង្ករ ប្រេងឆា ម្សៅមី ស្ករស និងគ្រឿងឧបភោគបរិភោគចាំបាច់មូលដ្ឋានផ្សេងៗទៀត សម្រាប់ប្រើប្រាស់ក្នុងអំឡុងខែនៃការតមអាហារ។

នៅក្នុងប្រទេសកម្ពុជា «កម្មវិធីសប្បុរសធម៏ បុណ្យរ៉ាម៉ាដន» ឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ឥស្លាម ក្នុងការគាំទ្រដល់សហគមន៍មូលដ្ឋាន តាមរយៈសកម្មភាពជាក់ស្តែង។ ការផ្ដល់ជំនួយដល់គ្រួសារដែលកំពុងខ្វះខាតនៅខេត្តកំពត និងកំពង់ឆ្នាំង បានបង្ហាញយ៉ាងច្បាស់ពីតួនាទីរបស់ធនាគារក្នុងការនៅក្បែរសហគមន៍ និងការផ្តល់ជំនួយដល់អ្នកដែលត្រូវការបំផុត ស្របតាមទស្សនវិស័យរបស់ ធនាគារ មេយប៊ែង ក្នុងការចូលរួមចំណែកបង្កើតផលវិជ្ជមានដល់សង្គមនៅទូទាំងតំបន់ទាំងមូល ៕ អត្ថបទសហការ








ចែករំលែកព័តមាននេះ