ទីក្រុងប៉ារីស ៖ នៅថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូត្រីភាគីកម្ពុជាចូលរួមវេទិការបស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច(OECD) ស្តីពីការត្រួតពិនិត្យអនុលោមភាពនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើង ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល អង្គការ OECD ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ។

វេទិកានេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់អង្គការ OECD ដែលមានការចូលរួមដោយតំណាងរដ្ឋាភិបាលមកពីបណ្តាប្រទេសនានាជាសមាជិក និងមិនមែនជាសមាជិកអង្គការ OECD តំណាងម្ចាស់ម៉ាកធំៗ សហជីព និងសមាគមនិយោជកអន្តរជាតិ អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវ ដើម្បីពិភាក្សាលើបញ្ហាប្រឈមថ្មីៗនានា ដែលវិស័យកាត់ដេរ និងស្បែកជើងបានជួបប្រទះ ជាពិសេសការលើកកម្ពស់ ការអនុវត្តការបញ្ជាទិញ ប្រកបដោយការទទួលខុសត្រូវ ។

នៅក្នុងវេទិកានេះ ឯកឧត្តម ហេង សួរ ក៏បានអញ្ជើញធ្វើជាវាគ្មិន ក្នុងកិច្ចពិភាក្សាមួយផងដែរ ដោយបានចែករំលែកបទពិសោធ និងវិធានការនានា ដែលរាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេល ដើម្បីទ្រលំនឹងសេដ្ឋកិច្ចជាតិ និងរក្សាបានភាពធន់នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងប្រាក់ចំណូលរបស់កម្មករនិយោជិតក្នុងវិស័យនេះ នៅក្នុងកាលៈទេសៈនៃវិបត្តិផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលក្នុងការបន្តជំរុញ ការលើកកម្ពស់លក្ខខណ្ឌការងារ ដែលកម្ពុជាបានផ្សារភ្ជាប់ ជាមួយការធ្វើពាណិជ្ជកម្មអន្តរជាតិ និងជាលក្ខខណ្ឌ ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ផ្គត់ផ្គង់ផលិតផលសម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូបប្រកបដោយការទទួលខុសត្រូវសង្គម (CSR) ៕ អត្ថបទសហការ





ចែករំលែកព័តមាននេះ