ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ និង ADB បន្ត​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​លើកកម្ពស់​វិស័យ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី ​៤ ខែកុម្ភៈ ឆ្នាំ​ ២០២៦ នៅ​ទីស្តីការក្រសួង ឯកឧត្ដម ហេង…

រាជធានីភ្នំពេញ​ ៖ កាលពី​ថ្ងៃ​ទី ​៤ ខែកុម្ភៈ ឆ្នាំ​ ២០២៦ នៅ​ទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី យ៉ា​ស្មី​ន ស៊ី​ឌី​គី (Yasmin Siddiqi) នាយិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា (ADB) ដើម្បី​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ។

នា​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេច​បាន​កន្លង​មក តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ដ៏​យូរអង្វែង​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំង​បាន​ផ្ដល់​នូវ​អនុសាសន៍​គន្លឹះ​ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​កាន់តែ​រលូន ជា​ពិសេស​នៅ​ក្នុង​ការ​ចូលរួម​ពី​វិស័យ​ឯកជន​សម្រាប់​ការ​អភិវឌ្ឍ​ជំនាញ យន្តការ​ធ្វើតេស្ត​វាយតម្លៃ​ទទួលស្គាល់​ជំនាញ​ពី​មុន (RPL) និង​ការ​រៀបចំ​គោលនយោបាយ​អភិវឌ្ឍន៍​ជំនាញ​ជាដើម​ ។

ជា​ការ​ឆ្លើយ​តប លោកស្រី ស៊ី​ឌី​គី បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជា​រួម និង​ដោយឡែក​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​ជាតិ ដែល​ចូលរួម​ពង្រឹង​ផលិតភាព ភាព​ធន់​កម្លាំង​ពលកម្ម និង​បង្កើន​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។ ទន្ទឹម​នោះ លោកស្រី ក៏​បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​គាំទ្រ​ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ដល់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​ការ​អនុវត្ត​កម្មវិធី​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​ដូច​ជា​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ​៕ អត្ថបទសហការ