ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ប្រកាស​ផ្ដល់អាហារូបករណ៍​ដល់​ពលករ និង​ជនភៀសសឹក​ចំនួន ១០០ នាក់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​-ចែកចាយ និង​ផ្ដល់​សេវា​ថែទាំ​រថយន្ដ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​-ចែកចាយ និង​ផ្ដល់​សេវា​ថែទាំ​រថយន្ដ​ឈានមុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​ផ្ដល់​នូវ​អាហារូបករណ៍​ចំនួន ១០០ នាក់ ជូន​ដល់​ពលករ និង​ជនភៀសសឹក ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​ ២០២៦ កន្លង​ទៅ​នេះ​ ។ កម្មវិធី​ទទួល​បានការ​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព ឯកឧត្តម ឡៅ ហ៊ី​ម រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​, លោក ង​ន សាំង អគ្គនាយក​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​, លោក វ៉ា​ន់ វិចិត្រ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល ACEC និង​ការ​ចូលរួម​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ គណៈ​គ្រប់គ្រង​ក្រុមហ៊ុន លោកគ្រូ អ្នកគ្រូ ពី​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​កម្ពុជា និង​បណ្តា​សមាជិក​សារព័ត៌មាន ​។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ដោយ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា និង ទទួល​បានការ​គាំទ្រ​ពី ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​កម្ពុជា​ ។ សមិទ្ធផល​នេះ​កើត​ចេញពី​ការ​ប្តេជ្ញា​រួម​គ្នា​រវាង​វិស័យ​រដ្ឋ និង​វិស័យ​ឯកជន ក្នុង​ភាព​ដៃគូ​យុទ្ធសាស្ត្រ​ដើម្បី​កសាង​កម្លាំង​ពលកម្ម​ជំនាញ និង​លើកកម្ពស់​ធនធានមនុស្ស ដែល​ផ្តល់​ឱកាស​អាទិភាព​ដល់​ជនភៀសសឹក និង​ពលករ​ដែល​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ ​។ បេក្ខជន​ដែល​ទទួល​បាន​អាហារូបករណ៍​មិន​ត្រឹមតែ​បាន​រៀន​ដោយ​ឥត​គិតថ្លៃ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ទទួល​បានការ​រៀន​ ជាមួយ​គ្រូ​ជំនាញ​ ដែល​មានវិញ្ញាបនបត្រ​ទទួលស្គាល់​ពី​ប្រទេស​អូស្ត្រាលី និង​ការ​ចុះ​អនុវត្ត​ផ្ទាល់​លើ​រថយន្ត​ទំនើប​ៗ សម្រាប់​វគ្គ​សិក្សា​រយៈពេល ៣ ខែ នៅ​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​កម្ពុជា ​។ ជំនាញ​ទាំងនោះ​រួម​មាន ​៖ ជួសជុល​តួ​យានយន្ត តោន បាញ់ថ្នាំ​ពណ៌ និង​ជួសជុល​ផ្នែក​មេកានិច​យានយន្ត​។ បន្ទាប់​ពី​បញ្ចប់​វគ្គ​សិក្សា​នេះ បេក្ខជន​នឹង​ទទួល​បាន​នូវ​ជំនាញ​បច្ចេកទេស​មួយ​យ៉ាង​ច្បាស់លាស់ ដែល​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​ការ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន និង​បង្កើន​ប្រាក់​ចំណូល​សម្រាប់​គ្រួសារ​ ។ លើស​ពី​នេះ​ទៀត បេក្ខជន​ក៏​អាច​ទទួល​បាន​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ឬ​តាម​បណ្តា​ក្រុមហ៊ុន ស្ថាប័ន​យានយន្ត​ធំ​ៗ​នៅ​កម្ពុជា ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់​ចំពោះ​កម្លាំង​ពលកម្ម​មាន​ជំនាញ​បច្ចេកទេស​ផង​ដែរ​ ។

លោក​អគ្គនាយក ង​ន សាំង បាន​មាន​ប្រសាសន៍​ថា ​៖ «​នេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ផ្ដល់​អាហារូបករណ៍​ដល់​ប្រជាជន​កម្ពុជា​។ ជា​និច្ចកាល ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា តែងតែ​ផ្តល់​ត្រលប់​ទៅ​ឱ្យ​សង្គម​ជាតិ​វិញ​តាម​រយៈ​សកម្មភាព​ទំនួល​ខុស​ត្រូវ​សង្គម​សាជីវកម្ម ដូច​ជា ការ​សាងសង់ និង​ជួសជុល​សាលារៀន បណ្ណាល័យ បន្ទប់ទឹក​ស្អាត ការ​ឧបត្ថម្ភ​រថយន្ត​ដឹក​វ៉ាក់សាំង រថយន្ត​សង្គ្រោះ​បន្ទាន់ ការ​ដាំ​ដើមឈើ ការ​បរិច្ចាគ​ឈាម ការ​ផ្តល់​ជំនួយ​សប្បុរសធម៌ និង​ជំនួយ​វេជ្ជសាស្ត្រ​ដល់​ជនភៀសសឹក​។​ល​។ បន្ថែម​ពី​នេះ ក្រុមហ៊ុន​ក៏​បាន​បង្កើត​នូវ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បច្ចេកទេស​រថយន្ត​ហ្វ​ដ​ចំនួន ១១ កន្លែង នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធានមនុស្ស និង​បណ្តុះបណ្តាល​សិស្ស​និស្សិត​ជំនាន់​ក្រោយ ឱ្យ​មាន​ជំនាញ ចំណេះដឹង និង​សមត្ថភាព​ផ្នែក​បច្ចេកទេស​យានយន្ត ដោយ​មានការ​អនុវត្ត​ផ្ទាល់ និង​ស្រប​តាម​ស្តង់ដា​អន្តរជាតិ» ​។​

លោក​ជឿជាក់​ថា ការ​វិនិយោគ​លើ​ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺជា​គន្លឹះ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស សង្គម និង​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​ចីរភាព ​។ អាហារូបករណ៍ ១០០% ចំនួន ១០០ កន្លែង បាន​បើក​ទទួល​ពាក្យ​ហើយ និង​ចាប់ផ្តើម​ចូល​រៀន​នៅ​ថ្ងៃ​ទី​ ១ ខែមីនា ឆ្នាំ​ ២០២៦ ​។ សម្រាប់​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍ ​ក្នុង​ការ​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍ សូម​ធ្វើការ​ទំនាក់ទំនង ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​លេខ ៖ ០៧៨ ៨៨ ៥៨ ៥៨ ​។

អំពី​ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក​.
ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក​. មាន​វត្ត​មាននៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល ៣៤ ឆ្នាំ មក​ហើយ​ចាប់តាំងពី​ឆ្នាំ​ ១៩៩២ ហើយ​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ផលិតផល​ល្បី​ៗ​លើ​ពិភពលោក សម្រាប់​សហគ្រាស​ពាណិជ្ជកម្ម និង​សហគ្រាស​មិនមែន​ពាណិជ្ជកម្ម​មាន​ដូច​ជា​៖ វិស័យ​យានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយ​ក្នុង​ឃ្លាំង សេវាកម្ម​ភតិសន្យា​ហិរញ្ញវត្ថុ សេវាកម្ម​ជួល​រថយន្ត និង​ឧស្សាហកម្ម​ចំណីអាហារ​។​ល ​។

ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា គឺជា​ក្រុមហ៊ុន​ដែល​នាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​ផលិតផល​ម៉ាក​ល្បី​ៗ​ជា​ច្រើន​ដូច​ជា ​៖ រថយន្ត​ហ្វ​ដ (Ford) រថយន្ត Jeep និង RAM រថយន្ត Peugeot រថយន្ត ChangAn រថយន្ត​អគ្គិសនី Deepal សេវាកម្ម​ជួល​ជុល និង​ថែទាំ​រថយន្ត Mercedes-Benz គ្រឿងចក្រ​ធុន​ធ្ងន់​ម៉ាក​ជេ​ស៊ី​ប៊ី (JCB) គ្រឿងយន្ត​កសិកម្ម​ច​ន​ឌា​រ (John Deere) រថយន្ត​ដឹក​ទំនិញ FUSO រថយន្ត​ផលិត និង​ក្រឡុក​បេតុង AJAX ម៉ាស៊ីន​លើកដាក់​ទំនិញ​ម៉ាក​TCM ឧបករណ៍​សម្អាត Hako ឧបករណ៍ SATA និង​ផលិតផល​ជា​ច្រើន​ទៀត​ផង​ដែរ​ ។

អំពី​មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​នៅ​កម្ពុជា (​អេស ខេ​ម​បូ​ឌា​)
មជ្ឈមណ្ឌល​ឧត្តមភាព​យានយន្ត​នៅ​កម្ពុជា ឬ​ហៅ​កាត់​ថា អេស ខេ​ម​បូ​ឌា គឺជា​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​រថយន្ត​កម្រិត​ខ្ពស់ និង​ឈានមុខ​គេ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​កម្មវិធី​សិក្សា និង​បច្ចេកទេស​បង្រៀន​ពី​វិទ្យាស្ថាន Bendigo Kangan ដែល​ជា​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដ៏​ល្បីល្បាញ​បំផុត​មួយ​របស់​អូស្ត្រាលី​ ។ ដូចនេះ រាល់​សិក្ខាកាម​ដែល​ទទួល​បានការ​បណ្តុះបណ្តាល​នៅ អេស ខេ​ម​បូ​ឌា នឹង​ទទួល​បាន​ចំណេះដឹង​ដូច​ទៅ​នឹង​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ដែរ ៕ អត្ថបទសហការ