ទីក្រុងតូក្យូ៖ លោកស្រី សាណាត អេ តាកាអ៊ិឈិ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសជាសាធារណៈថា លោកស្រីនឹងចុះចេញពីតំណែងជាបន្ទាន់ ប្រសិនបើសម្ព័ន្ធភាពគណបក្សកាន់អំណាចរបស់លោកស្រី មិនអាចដណ្ដើមបានអាសនៈលើសពី៥០ភាគរយ ឬពាក់កណ្ដាលនៅក្នុងសភាក្នុងការបោះឆ្នោតសកល នាថ្ងៃទី ៨ ខែកុម្ភៈ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពផ្សេងៗទៀត ចុះផ្សាយនៅថ្ងៃទី២៦ ខែមករានេះ។
លោកស្រីបានបញ្ជាក់ថា ការទទួលបានសំឡេងភាគច្រើនក្នុងសភា គឺជាលក្ខខណ្ឌចាំបាច់បំផុត ដើម្បីឱ្យរដ្ឋាភិបាលមានអំណាចពេញលេញក្នុងការអនុវត្តគោលនយោបាយ និងដឹកនាំប្រទេសទៅមុខ។ ការប្រកាសជំហរដាច់ខាតនេះ ធ្វើឡើងនៅមុនពេលយុទ្ធនាការឃោសនាបោះឆ្នោតផ្លូវការចាប់ផ្ដើម ដែលត្រូវបានគេកត់សម្គាល់ថាជាការបោះឆ្នោតដែលមានរយៈពេលឃោសនាខ្លីបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ជប៉ុន។
គួរបញ្ជាក់ថា លោកស្រី សាណាត អេ តាកាអ៊ិឈិ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកាលពីចុងឆ្នាំ ២០២៥ ជំនួសលោក ស៊ីហ្គេរុ អ៊ីស៊ីបា ក្នុងកាលៈទេសៈដែលគណបក្សកាន់អំណាច (LDP) កំពុងប្រឈមនឹងការធ្លាក់ចុះប្រជាប្រិយភាពដោយសាររឿងអាស្រូវហិរញ្ញវត្ថុ និងបញ្ហាសេដ្ឋកិច្ច។ ដើម្បីស្វែងរកសំឡេងគាំទ្រថ្មី និងពង្រឹងស្ថិរភាពនយោបាយ លោកស្រីបានសម្រេចចិត្តរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ ក្នុងបំណងឱ្យប្រជាជនសម្រេចចិត្តសាជាថ្មីលើទំនុកចិត្តចំពោះការដឹកនាំរបស់លោកស្រី និងសម្ព័ន្ធភាពបក្សកាន់អំណាច៕
ចែករំលែកព័តមាននេះ