យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការយល់ព្រមលើគ្រប់សំណើការងារមិនមែនជាសញ្ញានៃភាពខិតខំប្រឹងប្រែងជានិច្ចនោះទេ ប៉ុន្តែវាអាចជាផ្លូវឆ្ពោះទៅរកការអស់កម្លាំងល្ហិតល្ហៃ និងការបាត់បង់តុល្យភាពជីវិត។ ការចេះនិយាយថា «ទេ» គឺជាជំនាញដ៏សំខាន់របស់សហគ្រិន និងអ្នកដឹកនាំឆ្នើម ដែលជួយឱ្យអ្នកអាចរក្សាការតាំងចិត្តលើគោលដៅសំខាន់បំផុត ខណៈពេលដែលនៅតែរក្សាបាននូវទំនាក់ទំនងល្អ និងកិត្តិយសក្នុងកន្លែងការងារ។
គន្លឹះដំបូងក្នុងការបដិសេធដោយវិជ្ជាជីវៈ គឺការផ្ដល់ហេតុផលឱ្យបានច្បាស់លាស់ ប៉ុន្តែខ្លីខ្លឹម។ អ្នកមិនចាំបាច់រៀបរាប់ពីភាពមមាញឹករបស់អ្នកឱ្យវែងឆ្ងាយឡើយ ប៉ុន្តែត្រូវបង្ហាញថាការបដិសេធនេះគឺដើម្បី “រក្សាគុណភាពការងារ”។ ការនិយាយថា «ខ្ញុំពិតជាចង់ជួយ ប៉ុន្តែបច្ចុប្បន្នខ្ញុំត្រូវផ្ដោតលើគម្រោង ឱ្យចប់សព្វគ្រប់តាមកំណត់ ដើម្បីធានាបាននូវលទ្ធផលល្អបំផុត» គឺជាការបង្ហាញពីការទទួលខុសត្រូវខ្ពស់ជាងការគ្រាន់តែនិយាយថាខ្ញុំរវល់។
តិចនិកទីពីរដែលគួរប្រើប្រាស់គឺ យុទ្ធសាស្ត្រ «ទេ» បែបផ្ដល់ជម្រើស។ ប្រសិនបើអ្នកមិនអាចធ្វើការងារនោះបាន លោកអ្នកអាចជួយណែនាំបុគ្គលផ្សេងដែលមានសមត្ថភាព ឬណែនាំពេលវេលាផ្សេងដែលអ្នកអាចទំនេរ។ ការធ្វើបែបនេះបង្ហាញថា អ្នកនៅតែយកចិត្តទុកដាក់ចំពោះសំណើនោះ ទោះបីជាអ្នកមិនអាចអនុវត្តវាដោយផ្ទាល់ក៏ដោយ។
ការកំណត់ព្រំដែន ឱ្យបានច្បាស់លាស់តាំងពីដំបូង នឹងជួយឱ្យអ្នកដទៃយល់ពីតម្លៃនៃពេលវេលារបស់អ្នក ហើយពួកគេនឹងកាន់តែមានភាពក្រែងចិត្ត និងគោរពរាល់ការសម្រេចចិត្តរបស់អ្នកនាពេលអនាគត៕
ចែករំលែកព័តមាននេះ