រាជធានីភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹង ទៅកាន់ លោកស្រី Paula Gaviria Betancur អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស ដោយទាមទារឱ្យមានចំណាត់ការជាបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុច្បាប់របស់យោធាថៃ រួមមាន ការវាយកម្ទេចផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលកម្ពុជា ក្នុងតំបន់ ដែលយោធាថៃ បានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ រួមទាំងការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រ ដើម្បីរារាំងការវិលត្រឡប់ដោយសុវត្ថិភាព និងស្ម័គ្រចិត្ត ដែលជាការរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជូនដំណឹងដល់សាធារណជនទាំងជាតិ និងអន្តរជាតិ មេត្តាជ្រាបថា គ.ស.ម.ក. បានដាក់ពាក្យប្ដឹងទៅកាន់លោកស្រី Paula Gaviria Betancur អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ចំពោះករណីរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរ ពីសំណាក់យោធាថៃ ។
ទោះបីជាមានសេចក្ដីថ្លែងការណ៍រួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ (កិច្ចព្រមព្រៀងបទឈប់បាញ់) យ៉ាងណាក៏ដោយ ក៏ជនភៀសសឹកកម្ពុជា ច្រើនជាង ១១៥,០០០ នាក់ នៅតែមិនអាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញបាន ដោយសុវត្ថិភាព និងតាមការស្ម័គ្រចិត្តនៅឡើយទេ បើគិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ដោយសារ សកម្មភាពខុច្បាប់របស់យោធាថៃ រួមមានការកម្ទេចផ្ទះរបស់ប្រជាជនស៊ីវិលកម្ពុជា ក្នុងតំបន់ ដែលយោធាថៃ បានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ ក៏ដូចជាការដាក់ពង្រាយបន្លាលួស់ និងទូកុងតឺន័រ ។
ទង្វើរបស់យោធាថៃ បានធ្វើឱ្យជនភៀសសឹកកម្ពុជា ក្លាយជាជនគ្មានផ្ទះសម្បែង និងជាជនរងគ្រោះ ចំពោះការបណ្ដេញចេញតាមទំនើងចិត្ត ដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ ជាពិសេស ចំណុចទី១ ចំណុចទី៤ និងចំណុចទី៧ ។
ចំណុចទី១ បានចែងថា ៖ «ភាគីទាំងពីរ ឯកភាពឈប់បាញ់ជាបន្ទាន់[…] រួមបញ្ចូលអាវុធគ្រប់ ប្រភេទ រួមទាំងការវាយប្រហារលើជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិស៊ីវិល ព្រមទាំងគោលដៅ យោធារបស់ភាគីទាំងសងខាង គ្រប់ករណី និងគ្រប់តំបន់ទាំងអស់… កិច្ចព្រមព្រៀងនេះមិនត្រូវរំលោភ បំពានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ» ។
ចំណុចទី៤ លើកឡើងថា ៖ «ភាគីទាំងពីរ ឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន» ។
ចំណុចទី៧ បានបញ្ជាក់បន្ថែមទៀតថា ៖ «ភាគីទាំងពីរឯកភាព មិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទ ប្រឆាំង នឹងជនស៊ីវិល និងទ្រព្យសម្បត្តិរបស់ជនស៊ីវិល ទោះក្នុងកាលៈទេសៈណាក៏ដោយ។ សកម្មភាពបែបនេះ មិនត្រឹមតែធ្វើឱ្យគ្រោះថ្នាក់ដល់សហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងរំលោភច្បាប់អន្ដរជាតិ និងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ភាគី ដែលមិនអនុវត្តតាមកិច្ចព្រមព្រៀង ផងដែរ» ។
គ.ស.ម.ក. សូមគូសបញ្ជាក់ថា ការចូលមកកាន់កាប់ដោយខុសច្បាប់ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ការលួចទ្រព្យសម្បត្តិជនស៊ីវិល និងការរារាំងក្នុងការវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើបទប្បញ្ញត្តិនានា នៃសេចក្តីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស (UDHR) កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ICESCR) កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិ នយោបាយ (ICCPR) អនុសញ្ញាស្តីពីសិទ្ធិកុមារ (CRC) អនុសញ្ញាស្ដីពីសិទ្ធិជនមានពិការភាព (CRPD) អនុសញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។ ជាងនេះទៀត សកម្មភាពទាំងនេះ ក៏បាននិងកំពុងបង្កការលំបាកកាន់តែធ្ងន់ធ្ងរ បន្ថែមទៀតចំពោះជនភៀសសឹកកម្ពុជា ជាពិសេសដល់ស្ត្រី កុមារ មនុស្សចាស់ជរា អ្នកជំងឺ និងជនមាន ពិការភាព ដែលជាក្រុមជនងាយរងគ្រោះស្រាប់ ត្រូវជួបបញ្ហា ដូចជា ភាពក្រីក្រ ការបាត់បង់ការសិក្សា បញ្ហាសុខភាពទាំងផ្លូវការ និងផ្លូវចិត្ត ព្រមទាំងឱកាសទទួលបានសេវាចាំបាច់ផ្សេងៗទៀត ។
នៅក្នុងបណ្តឹងនោះ គ.ស.ម.ក. បានស្នើឱ្យអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ៖ ១. ពិនិត្យ និងដោះស្រាយជាបន្ទាន់ នូវស្ថានភាពជនភៀសសឹក ក្នុងប្រទេសកម្ពុជា ដែលបង្កឡើងដោយសកម្មភាពយោធារបស់ថៃ។ ២. ចេញសេចក្តីជូនដំណឹងបន្ទាន់ទៅរដ្ឋាភិបាលថៃ និងធ្វើទំនាក់ទំនងជាមួយគ្រប់យន្តការអង្គការ សហប្រជាជាតិពាក់ព័ន្ធ ដើម្បីអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះសកម្មភាពទាំងឡាយណា ដែលរារាំងការវិលត្រឡប់របស់ជនភៀសសឹកកម្ពុជា ទៅលំនៅឋានវិញ ដោយសុវត្ថិភាព និង សេចក្ដីថ្លៃថ្នូរ ។ ៣. អំពាវនាវឱ្យប្រទេសថៃ ដកកងកម្លាំងយោធា ចេញពីទឹកដីកម្ពុជា និងចៀសវាងរាល់សកម្មភាពណា ដែលបង្កើនការគ្រប់គ្រងរបស់យោធាថៃ ឬបង្កឱ្យមានការភៀសសឹកបន្ថែមទៀត ។ ៤. បញ្ជាក់ស្ថានភាពនេះ នៅក្នុងបណ្តឹង និងរបាយការណ៍នានា ជាករណីធ្ងន់ធ្ងរមួយ នៃការភៀសសឹកក្នុងប្រទេសជាប់ពាក់ព័ន្ធនឹងជម្លោះប្រដាប់អាវុធ ដែលជាការរំលោភលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ។ ៥. ជំរុញឱ្យប្រទេសថៃ ផ្ដល់នូវការជួសជុលការខូចខាតនានា ជូនដល់ជនរងគ្រោះកម្ពុជា ដូចជាការផ្តល់ជាសំណង និងការធានាមិនឱ្យករណីបែបនេះកើតឡើងជាថ្មីម្តងទៀត ។
គ.ស.ម.ក. សូមបញ្ជាក់ជាថ្មីថា ការភៀសសឹកក្នុងប្រទេស មិនមែនជាបញ្ហាសាមញ្ញនោះទេ ហើយភាពស្ងៀមស្ងាត់ និងយឺតយ៉ាវក្នុងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នឹងបង្កឱ្យមាននិទណ្ឌភាព និងការរងគ្រោះ កាន់តែអូសបន្លាយ និងធ្ងន់ធ្ងរសម្រាប់ប្រជាជនស៊ីវិល។ ប្រទេសកម្ពុជា មានកាតព្វកិច្ចចម្បងក្នុងការការពារប្រជាជនខ្លួន និងដាក់ចេញវិធានការសំខាន់ៗ ក្នុងការជួយជនភៀសសឹក ប៉ុន្តែការចូលរួមរបស់សហគមន៍ អន្តរជាតិ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ នៅពេល ដែលការភៀសសឹកបានកើតឡើងដោយសារសកម្មភាព របស់យោធាបរទេស ៕
Screenshot Screenshot Screenshot Screenshot Screenshot
ចែករំលែកព័តមាននេះ