ប្រទេសហ្វ៊ីលីពីន ៖ អាជ្ញាធររាយការណ៍ថា សាកសពមនុស្សយ៉ាងតិច១៥នាក់ ត្រូវបានស្រង់ចេញពីទឹក ហើយមនុស្ស៤៣នាក់នៅតែបាត់ខ្លួន ក្រោយការលិចនាវាដឹកអ្នកដំណើរ១គ្រឿង នាព្រឹកថ្ងៃទី២៦ មករា ក្នុងដែនទឹកខេត្តបាស៊ីឡាន ភាគខាងត្បូងហ្វ៊ីលីពីន។ នាវានោះដឹកមនុស្សយ៉ាងតិច៣៥០នាក់ ។
លោករ៉ូម៉ែលឌូអា មេបញ្ជាការកងឆ្មាំឆ្នេរសមុទ្រស្រុកខាងត្បូងនៃកោះមីនដាណាវ ថ្លែងទៅកាន់ក្រុមអ្នកកាសែតថា មនុស្ស៣១៦នាក់បានត្រូវជួយសង្គ្រោះ ។ កងឆ្មាំឆ្នេរសមុទ្របញ្ជាក់ថា នាវាមានឈ្មោះថាTRISHA KERSTIN 3 ធ្វើដំណើរទៅកាន់កោះហ្សូឡូ ខេត្តស៊ូលូ មកពីទីក្រុងហ្សាមបូអានហ្គា ពេលលិចនាវេលាម៉ោង២រំលងអធ្រាត្រម៉ោងក្នុងស្រុកថ្ងៃទី២៦ មករា ក្នុងដែនទឹកកោះBALUKHALUK ។
ឧត្ដមនាវីរ៉ូននីហ្គីលហ្គាវ៉ាន ប្រមុខកងឆ្មាំឆ្នេរសមុទ្រហ្វ៊ីលីពីនអះអាងប្រាប់ក្រុមអ្នកកាសែតនៅក្រុងម៉ានីលថា ប្រតិបត្តិការជួយសង្គ្រោះ និងរុករកកំពុងបន្តហើយលោកបញ្ជាក់ថា នាវាជួបគ្រោះថ្នាក់នេះ មិនបានដឹកលើសចំណុះឡើយ ។ នាវានេះ មានលទ្ធភាពដឹកអ្នកដំណើរបាន៣៥០នាក់ តែនាវាដឹកមនុស្សត្រឹមតែ៣៣២នាក់ ។ មូលហេតុនៃការលិចនាវានោះជាកម្មវត្ថុនៃការស៊ើបអង្កេត
មួយ ៕
ចែករំលែកព័តមាននេះ