រាជធានីភ្នំពេញ៖ វីរុសនីប៉ាហ៍គឺជាជំងឺដ៏កាចសាហាវដែលមានអត្រាស្លាប់ខ្ពស់ចន្លោះពី ៤០% ទៅ ៧០%។ ជំងឺនេះរាលដាលតាមរយៈសត្វប្រចៀវ សត្វប្រឹង និងអាចឆ្លងមកមនុស្ស ឬជ្រូកតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គរបស់អ្នកជំងឺ។ បុគ្គលដែលឆ្លងវីរុសនេះ អាចនឹងមិនបង្ហាញរោគសញ្ញាអ្វីសោះ រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និងរលាកខួរក្បាលធ្ងន់ធ្ងរដែលបណ្ដាលឱ្យស្លាប់បាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពីការការពារខ្លួនពីការឆ្លងវីរុសនីប៉ាហ៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។
ឯកសារនោះ បានបញ្ជាក់ថា រយៈពេលសម្ងំនៃជំងឺគឺមានចន្លោះពី ៤ ថ្ងៃ ទៅ ១៤ ថ្ងៃ ប៉ុន្តែក្នុងករណីខ្លះអាចអូសបន្លាយរហូតដល់ ៤៥ ថ្ងៃ ទើបចាប់ផ្ដើមបង្ហាញរោគសញ្ញាដូចជា គ្រុនក្ដៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត និងឈឺសាច់ដុំ។ នៅពេលដែលជំងឺវិវត្តដល់ដំណាក់កាលហើមខួរក្បាល វានឹងបង្កជាវិបត្តិប្រព័ន្ធប្រសាទធ្ងន់ធ្ងរដូចជា វិលមុខ ងងុយដេក វង្វេងស្មារតី ប្រកាច់ និងឈានដល់ការសន្លប់បាត់បង់ស្មារតីក្នុងអំឡុងពេលត្រឹមតែ ២៤ ទៅ ៤៨ ម៉ោង។
បើតាមឯកសារដដែលនោះ ទោះបីជាជាសះស្បើយពីជំងឺរលាកខួរក្បាលស្រួចស្រាវក៏ដោយ ក៏អ្នកជំងឺប្រមាណ ២០% នៅតែបន្តមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរដូចជាជំងឺប្រកាច់ ឬអាចឈឺឡើងវិញដោយសារការវិវត្តនៃជំងឺរលាកខួរក្បាលជាថ្មី។ ជាការកត់សម្គាល់ បច្ចុប្បន្នមិនទាន់មានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនេះឡើយ ដោយមានតែការព្យាបាលថែទាំតាមផលវិបាកនៃជំងឺប៉ុណ្ណោះ។
ទោះបីជាកម្ពុជានៅមិនទាន់រកឃើញវីរុសនេះលើមនុស្ស ប៉ុន្តែវាត្រូវបានរកឃើញនៅលើសត្វប្រចៀវរួចទៅហើយ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត៕

ចែករំលែកព័តមាននេះ