ទីក្រុងវ៉ាស៊ីនតោន៖ ខ្យល់ព្យុះកំណាចកំពុងបោកបក់យ៉ាងពេញទំហឹងទៅលើតំបន់ខ្លះនៃប្រទេសអាមេរិកបណ្ដាលឱ្យប្រជាជនជាងមួយលាននាក់គ្មានភ្លើងអគ្គិសនីប្រើប្រាស់ ខណៈដែលជើងហោះហើរជាងមួយម៉ឺនខ្សែត្រូវបានលុបចោល។ ខ្យល់ព្យុះនេះវាយប្រហារខ្លាំងទៅលើបណ្ដារដ្ឋនានានៅភាគខាងកើត និងភាគខាងត្បូងដោយបង្កជាការធ្លាក់ទឹកកកយ៉ាងខ្លាំង។

នៅពេលកំពុងតែធ្លាក់ទឹកកកត្រជាក់ខ្លាំងដល់កម្រិតនេះទៅហើយឆ្លៀតដាច់ភ្លើងទៀតពិតជាពិបាកខ្លាំងណាស់។ គ្រាន់តែនៅរដ្ឋថេនេស៊ីមួយប៉ុណ្ណោះ មនុស្សយ៉ាងតិច៣,៣សែននាក់គ្មានភ្លើងអគ្គិសនីប្រើប្រាស់ទេ រីឯនៅរដ្ឋមីស៊ីស៊ីពី (Mississippi) និងរដ្ឋលូស៊ីអាណា (Louisiana) មនុស្សជាង១សែននាក់ដាច់ភ្លើង។ រដ្ឋដទៃទៀតដែលប្រឈមនឹងការដាច់ភ្លើងដែរមានដូចជាតិចសាសន៍ (Texas), ខិនថាក់គី (Kentucky), ចចចា (Georgia), វើជីនៀខាងលិច (West Virginia) និងអាឡាបាម៉ា (Alabama)។

ជើងហោះហើរជាង១០៨០០ខ្សែត្រូវបានលុបចោលកាលពីយប់មិញ។ កាលពីថ្ងៃសៅរ៍ ជើងហោះហើរជាង៤ពាន់ខ្សែក៏ត្រូវបានលុបចោលផងដែរ។ នៅឯអាកាសយានដ្ឋានជាតិរ៉ូណល រេហ្គឹន (Ronald Reagan) ប្រចាំទីក្រុងវ៉ាស៊ីនតោនឌីស៊ី រាល់ជើងហោះហើរទាំងអស់ត្រូវលុបចោល។ ជារួម ជើងហោះហើរជាង៨០%កាលពីថ្ងៃអាទិត្យត្រូវលុបចោលនៅអាកាសយានដ្ឋានធំៗដូចជានៅទីក្រុងញូយ៉ក, ហ្វ៊ីឡាឌែលហ្វៀ (Philadelphia) និងឆាឡូត (Charlotte) ជាដើម។

ក្រុមហ៊ុនអាកាសចរណ៍ដែលតា អ៊ែរឡាញ (Delta Air Lines) ថ្លែងថាខ្លួនព្យាយាមកាត់បន្ថយជើងហោះហើរដោយសារអាកាសធាតុត្រជាក់ខ្លាំង និងដោយសារមានខ្យល់ព្យុះ។ ក្រុមហ៊ុនបានកែសម្រួលគម្រោងហោះហើរ និងលុបចោលជើងហោះហើរទៅទីក្រុងអាត្លង់តា និងតំបន់ឆ្នេរសមុទ្រខាងកើតដូចជាទីក្រុងបូស្តុន (Boston) និងញូយ៉កជាដើម។

រដ្ឋាភិបាលសហព័ន្ធ និងគណៈអភិបាលរដ្ឋនានាប្រកាសអាសន្ន
លោកត្រាំចាត់ទុកខ្យល់ព្យុះលើកនេះមានសភាពខ្លាំងក្លាជាប្រវត្តិសាស្ត្រ។ លោកបានអនុញ្ញាតឱ្យប្រកាសដាក់បណ្ដារដ្ឋមួយចំនួននៅក្នុងស្ថានភាពអាសន្នផ្នែកគ្រោះធម្មជាតិ។ ក្នុងនោះមានរដ្ឋខារ៉ូឡាយណាខាងត្បូង, ខារ៉ូឡាយណាខាងជើង, វើជីននៀ, ថេនេស៊ី, ចចចា, ម៉ារីលែន, អាខេនសាស់, ខិនថាក់គី, លូស៊ីអាណា, មីស៊ីស៊ីពី, ឥណ្ឌាណា និងវីជីនៀខាងលិច។

ក្រសួងសន្តិសុខមាតុភូមិប្រកាសថារដ្ឋចំនួន១៧រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីផងដែរត្រូវដាក់នៅក្នុងស្ថានភាពអាសន្ន។ រដ្ឋមន្ត្រីក្រសួងនេះថ្លែងថាសភាពការណ៍នៅពេលមានខ្យល់ព្យុះបែបនេះជាលក្ខណៈកម្រព្រោះសីតុណ្ហភាពនឹងចុះត្រជាក់មួយរយៈពេលខ្លី។ បញ្ហាដាច់ខ្សែភ្លើងនឹងបន្តកើតមានដោយសារធ្ងន់នឹងទឹកកកដែលធ្លាក់។ ទោះបីមិនដាច់ខ្សែភ្លើងពេលនេះ គង់តែដាច់នៅពេលណាមួយមិនខាន៕ ប្រភព៖ រ៉យទ័រ និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ