ទីក្រុងមូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានបើកយុទ្ធនាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ លើហេដ្ឋារចនាសម្ព័ន្ធថាមពលដែលផ្គត់ផ្គង់ដល់រោងចក្រផលិតអាវុធ និងទីតាំងយុទ្ធសាស្ត្រយោធារបស់អ៊ុយក្រែននៅតាមតំបន់ជាច្រើន។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀតចុះផ្សាយនៅថ្ងៃទី២៥ ខែមករានេះ។
គោលដៅសំខាន់នៃការវាយប្រហារនេះ គឺសំដៅលើរោងជាងផលិតដ្រូនរយៈចម្ងាយឆ្ងាយ និងកន្លែងស្នាក់នៅរបស់ទាហានស៊ីឈ្នួលបរទេសក្នុងតំបន់ជាង ១៥០ កន្លែង។ ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏បានអះអាងពីជោគជ័យនៃប្រព័ន្ធការពារអាកាសរបស់ខ្លួន ក្នុងការបាញ់ទម្លាក់ដ្រូន និងគ្រាប់រ៉ុក្កែត HIMARS របស់អ៊ុយក្រែនជាច្រើនគ្រឿង ដែលព្យាយាមវាយបកមកលើទឹកដីរុស្ស៊ីវិញ។
ការវាយប្រហារលើប្រព័ន្ធថាមពល និងច្រវាក់ផលិតកម្មយោធានេះ បានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីកិច្ចចរចាសន្តិភាពនៅទីក្រុងអាប៊ុយដាប៊ី កាលពីប៉ុន្មានថ្ងៃមុន មិនទាន់ទទួលបានលទ្ធផលជាដុំកំភួនជុំវិញបញ្ហាដែនដី។ រុស្ស៊ីហាក់កំពុងប្រើប្រាស់យុទ្ធសាស្ត្រ “វាយដើម្បីបង្ខំឱ្យចុះចាញ់” ដោយព្យាយាមធ្វើឱ្យអ៊ុយក្រែនធ្លាក់ក្នុងវិបត្តិថាមពលដ៏ធ្ងន់ធ្ងរនៅចំពោះមុខសម្ពាធពីសហរដ្ឋអាម៉េរិក ដែលកំពុងជំរុញឱ្យទីក្រុងកៀវយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ចែករំលែកព័តមាននេះ