ខេត្តកណ្តាល ៖ ផ្សារផលិតផលខ្មែរខេត្តកណ្តាលបាន និងកំពុងដំណើរលក់កសិផល និងផលិតផលខ្មែរដែលបានដាំដុះ និងកែច្នៃដោយកសិករ ផលិតករ និងសិប្បករខ្មែរ នៅក្នុងខេត្តកណ្តាល នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៧៖០០ ព្រឹកដល់ម៉ោង១៣ ៖០០ថ្ងៃត្រង់ ដែលមានទីតាំងនៅថ្ងៃសៅរ៍ និងអាទិត្យ ស្ថិតនៅសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ។ នេះបើយោងតាមផេករដ្ឋបាលខេត្តកណ្តាលបានប្រកាស នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ។
សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តសម្របសម្រួលដោយមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្មបានរៀបចំ និងដាក់ឲ្យដំណើរការ (ផ្សារផលិតផលខ្មែរ) ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន ។
ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ ផលិតករ អាជីវករខ្នាតតូច តំណាងឱ្យចង្កោមផលិត ក្រុមកសិករផលិត និងការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរដល់គ្រួសារផលិត (ដាំដុះ ចិញ្ចឹម កែច្នៃ )ដែលអាចរកប្រាក់ចំណូលសំដៅលើកកម្ពស់ជីវភាពរស់នៅឱ្យប្រសើរជាងមុន ។
ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាព ផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពរស់នៅ របស់ប្រជាជនដែលស្ថិតនៅក្នុងបន្ទាត់ក្រ១ ក្រ២ នឹងជិតក្រ ជួយជំរុញអភិវឌ្ឍឱ្យពួកគាត់ មានជីវភាពកាន់តែប្រសើរឡើង ។ សូមចូលរួមគាំទ្រផ្សារផលិផលខ្មែរ ដើម្បីលើកស្ទួយជីវភាពកសិករ និងផលិតករខ្មែរ ៕



ចែករំលែកព័តមាននេះ