ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ គំរា.ម​ដាក់​ពន្ធ ១០០% លើ​កា​ណា​ដា បើ​ហ៊ាន​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ចិន

6 ម៉ោង មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នៅ​ថ្ងៃ​ទី​២៤ ខែមករា…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ប្រធានាធិបតី​អា​មេ​រិ​ក លោក ដូ​ណា​ល់ ត្រាំ (Donald Trump) នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២៦ (​ម៉ោង​នៅ​សហរដ្ឋអាមេរិក​) បាន​ប្រកាស​ថា​នឹង​ដាក់​ពន្ធ ១០០% លើ​ប្រទេស​កា​ណា​ដា ប្រ​សិ​ម​បើ​ប្រទេស​អា​មេ​រិ​ក​ខាងជើង​នេះ ហ៊ាន​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​។ លោក​ព្រមាន​នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ថា កិច្ចព្រមព្រៀង​ជាមួយ​ចិន នឹង​ធ្វើ​ឱ្យ​មាន​គ្រោះ​ថា្ន​ក់​ដល់​ប្រទេស​កា​ណា​ដា​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៥ ខែមករា​។

លោក ត្រាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម Truth Social ដូច្នេះ​ថា «​ប្រទេស​ចិន​នឹង​ឆី​ប្រទេស​កា​ណា​ដា​ទាំង​រស់ លេប​ត្របាក់​ទាំងមូល រួម​ទាំង​បំផ្លាញ​អាជីវកម្ម រចនាសម្ព័ន្ធ​សង្គម និង​របៀប​រស់នៅ​ទូទៅ​របស់​ពួក​គេ (​កា​ណា​ដា​)​។ ប្រសិនបើ​កា​ណា​ដា​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន ប្រទេស​នេះ​នឹង​ត្រូវ​វាយបក​ភ្លាម​ៗ​ជាមួយ​ពន្ធ ១០០% ប្រឆាំង​នឹង​ទំនិញ និង​ផលិតផល​កា​ណា​ដា​ទាំងអស់​ដែល​ចូល​មក​សហរដ្ឋអាមេរិក​»​។

នៅ​ក្នុង​វី​ដេ​អូ​មួយ កាលពី​ថ្ងៃ​ទី​២៤ ខែមករា នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក ម៉ាក ខា​នី (Mark Carney) បាន​ជំរុញ​ប្រជាជន​កា​ណា​ដា​ទិញ​ផលិតផល​ក្នុងស្រុក ប៉ុន្តែ​មិន​បាន​និយាយ​ដោយ​ផ្ទាល់​អំពី​ការ​គំរាមកំហែង​ពន្ធ​របស់​លោក ត្រាំ នោះ​ទេ​។ លោក​បាន​ថ្លែង​ថា «​ដោយសារ​សេដ្ឋកិច្ច​យើង​ស្ថិត​ក្រោម​ការ​គំរាមកំហែង​ពី​បរទេស ប្រជាជន​កា​ណា​ដា​បាន​ធ្វើការ​ជ្រើសរើស​ផ្តោត​លើ​អ្វី​ដែល​យើង​អាច​គ្រប់គ្រង​ដោយ​ខ្លួនឯង​បាន​។ យើង​មិន​អាច​គ្រប់គ្រង​អ្វី​ដែល​ប្រទេស​ដទៃ​ទៀត​ធ្វើ​បាន​នោះ​ទេ យើង​អាច​ក្លាយជា​អតិថិជន​ដ៏​ល្អ​បំផុត​របស់​យើង​ខ្លួនឯង​»​។

គួរ​រំលឹក​ថា នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​នៅ​ខែមករា​នេះ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឡើង​វិញ និង​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​២​របស់​ខ្លួន បន្ទាប់​ពី​សហរដ្ឋអាមេរិក​។ ភ្លាម​ៗ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ខា​នី ទៅ​កាន់ ចិន លោក ត្រាំ ហាក់ដូចជា​គាំទ្រ ដោយ​លោក​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​សេត​វិមាន កាលពី​ថ្ងៃ​ទី​១៦ ខែមករា ថា «​វា​ជា​រឿង​ល្អ​សម្រាប់​គាត់ (​លោក ខា​នី​) ក្នុង​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​។ ប្រសិនបើ​អ្នក​អាច​ទទួល​បាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន អ្នក​គួរតែ​ធ្វើ​ដូច្នេះ​»​។

យ៉ាងណាមិញ លោក ដូ​មី​នី​ក ឡេ​ប្លង់ (Dominic LeBlanc) រដ្ឋមន្ត្រី​កា​ណា​ដា​ទទួល​បន្ទុក​ពាណិជ្ជកម្ម «​កា​ណា​ដា​-​សហរដ្ឋអាមេរិក​» បាន​លើក​ឡើង​តាម​រយៈ​សារ​មួយ​នៅ​លើ​បណ្តាញ​សង្គម X កាលពី​ថ្ងៃ​ទី​២៤ ខែមករា ថា «​មិន​មានការ​ស្វែងរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​ចិន​នោះ​ទេ​។ អ្វី​ដែល​សម្រេច​បាន​គឺ​ដំណោះស្រាយ​លើ​បញ្ហា​ពន្ធគយ​សំខាន់​ៗ​ជា​ច្រើន​»​។

ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កា​ណា​ដា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ទៅ​កាន់ Reuters ថា ប្រទេស​ចិន​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ធ្វើការ​ជាមួយ​ប្រទេស​កា​ណា​ដា ដើម្បី​អនុវត្ត​ការ​ឯកភាព​គ្នា​ដ៏​សំខាន់​ដែល​សម្រេច​បាន​ដោយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​។

សូម​ជម្រាប​ថា ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និ​ហ​កា​ណា​ដា បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ បន្ទាប់​ពី​ការ​រិះគន់​របស់​លោកនាយក​រដ្ឋមន្ត្រី ម៉ាក ខា​នី ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក ត្រាំ ដើម្បី​ត្រួតត្រា​លើ​កោះ​ហ្គ្រី​ន​ឡែ​ន (Greenland) របស់​ប្រទេស​ដា​ណឺ​ម៉ាក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ