នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ បានចេញសារពញាក់ពលរដ្ឋ ករណីបន្ទុះនៃជំងឺនីប៉ាហ៍ (Nipah) ដែលជាប្រភេទជំងឺម្យ៉ាង បង្កឡើងដោយវីរុស ហើយអាចបណ្តាលឲ្យមនុស្សស្លា.ប់បាន ។
ប្រភពដដែលបានអះអាងថា វីរុសនីប៉ាហ៍ វារីករាលដាលដោយផ្ទុកលើសត្វប្រចៀវ និងសត្វច្រឹង និងអាចឆ្លងមកមនុស្ស និងជ្រូក ។ វាអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ផ្ទាល់ តាមរយៈសារធាតុរាវចេញសរីរាង្គមនុស្ស ។
ប្រភពដដែលបានព្រមានថា «អ្នកឆ្លងជំងឺនេះ មានអត្រាស្លា.ប់ចន្លោះពី៤០%–៧០% » ។ ការផ្ទុះឡើងនៃជំងឺនីប៉ាហ៍ កើតឡើងស្ទើរតែជារៀងរាល់ឆ្នាំ នៅក្នុងតំបន់មួយចំនួន នៃទ្វីបអាស៊ីខាងត្បូង ជាពិសេសនៅក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា ។ ជំងឺនេះក៏ធ្លាប់ផ្ទុះនៅប្រទេស ម៉ាឡេស៊ី ហ្វីលីពីន និងសឹង្ហបុរី ផងដែរ ដោយនៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩៩ ដែលបណ្ដាលឲ្យឈឺ៣០០នាក់ ក្នុងនោះ១០០នាក់បានស្លា.ប់ ។
រូបតំណាងដោយ AI
ប្រភពដដែលបានបន្តថា មនុស្សអាចឆ្លងមេរោគនីប៉ាន៍តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វដែលផ្ទុកមេរោគដូចជា ប្រចៀវ ច្រឹង ឬជ្រូកដែកមានផ្ទុកមេរោគនីប៉ាហ៍ការទទួលទានអាហារ ឬភេសជ្ជៈ ដូចជាផ្លែឈើ ឬទឹកត្នោត ដែលប្រឡាក់ដោយសត្វដែលផ្ទុកមេរោគ ។
ដើម្បីកាត់បន្ថយការឆ្លងមេរោគនៃជំងឺនេះ ប្រភពដដែលបានបញ្ជាក់ថា គឺតាមរយៈការលាងដៃឱ្យបានទៀងទាត់ជាមួយសាប៊ូ និងទឹក ចៀសវាងការប៉ះពាល់ជាមួយសត្វប្រចៀវ ច្រឹង ឬជ្រូកឈឺ ចៀសវាងការប៉ះពាល់ជាមួយឈាម ឬសារធាតុរាវក្នុងរាងកាយរបស់អ្នកជំងឺដែលមានមេរោគ ។
អ្នកដែលមានជំងឺនីប៉ាហ៍ ជាធម្មតាឈឺរយៈពេលពី៣ទៅ១៤ ថ្ងៃ ដោយមានអាការៈគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម ។ ក្រោយ ការឆ្លងមេរោគ មនុស្សមួយចំនួនអាចជួបប្រទះនឹងការហើមខួរក្បាល ឬរលាកខួរក្បាល ដែលរោគសញ្ញាធ្ងន់ធ្ងរអាចរួមមានការរវើរវាយ ងងុយដេក ឬប្រកាច់ ។ អ្នកដែលមានរោគសញ្ញាទាំងនេះអាចសន្លប់ក្នុងរយៈពេល ពី២៤-៤៨ ម៉ោង។
សូមបញ្ជក់ៈ រហូតដល់ពេលនេះ ប្រទេសកម្ពុជា មិនដែលរកឃើញជំងឺ នីប៉ាហ៍កើតនៅលើមនុស្សនៅឡើយទេ តែនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងយកចិត្តដាក់ធ្វើការតាមដាន និងត្រៀមលក្ខណៈឆ្លើយតបនឹងការរាត្បាតជំងឺនេះជាប់ជានិច្ច ។
ចែករំលែកព័តមាននេះ